ភ្នំពេញ ៖ ភ្លើងស្តុបថ្មី១១៥ទីតាំង ដែលជាគម្រោងក្រោមកិច្ចសហប្រតិបត្តិការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA បានដាក់អោយដំណើរការស្ទើរទាំងស្រុងហើយ ពោលគឺនៅសល់តែ១០ស្តុបទៀតប៉ុណ្ណោះ ហើយគម្រោងនេះ គ្រោងនឹងបញ្ចប់នៅពេលដ៏ខ្លីខាងមុខនេះ។
ជាក់ស្តែងនៅក្នុងសប្ដាហ៍នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការភ្លើងស្តុបចំនួន៣ទីតាំងលើ៦ទីតាំង នៅកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខណៈដែលបច្ចុប្បន្ន នេះមានតែមួយប៉ុណ្ណោះ។
ក្រោមកិច្ចប្រតិបត្តិការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងដំឡើងភ្លើងស្តុបថ្មីជាង១០០ទីតាំងរួម នឹងការបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមភ្លើងស្តុបនីមួយៗ ផងដែរ ដើម្បីត្រួតពិនិត្យបទល្មើសចរាចរណ៏ ឬបទល្មើសផ្សេងៗ និងកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលជាបញ្ហាប្រឈមរបស់រាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីគម្រោងនេះ ជិតបានបញ្ចប់ហើយ តែនៅសល់តែ១០ស្តុបទៀតប៉ុណ្ណោះ។
លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ កញ្ញានេះថា ភ្លើងស្តុបចំនួន១១៥ ដែលជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICAនោះ ពេលនេះ បានដំឡើង និងដាក់ឲ្យដំណើរការបានចំនួន១០៥ហើយ ពោលគឺនៅសល់ចំនួន១០ស្តុបទៀតប៉ុណ្ណោះ នឹងបញ្ចប់ហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី១០ស្តុបដែលនៅសេសសល់ នេះ យើងបានដំឡើងបង្គោល និងលាបគំនូសចរាចរណ៍រួចរាល់ហើយ នៅសល់តែការតភ្ជាប់ និងដាក់ឲ្យដំណើរការប៉ុណ្ណោះ។
លោកសាំ ពិសិដ្ឋ បានឲ្យដឹងទៀតថា បច្ចុប្បន្នរាជធានីភ្នំពេញ មានភ្លើងស្តុបសរុបចំនួន១៦០ទីតាំង ដែលកំពុងដំណើរការរាល់ថ្ងៃ ដើម្បីជួយសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយបានច្រើននូវបញ្ហាកកស្ទះចរាចរណ៍ ហើយការដាក់ឲ្យដំណើរការភ្លើងស្តុបប្រភេទថ្មីនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏គ្រោងផលិតស្ពតវីឌីអូ ដើម្បីពន្យល់ពីរបៀបប្រើប្រាស់ផងដែរ ព្រោះភ្លើងស្តុបថ្មីនេះ មានលក្ខណៈទំនើបពិសេស ខុសប្លែកពីភ្លើងស្តុបចាស់ ។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា ជាក់ស្តែង ក្នុងសប្ដាហ៍នេះ រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឲ្យដំណើរការភ្លើងស្តុបចំនួន៣ទីតាំង នៅកំណាត់ផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក្នុងចំណោមគម្រោងចំនួន៦ដែលត្រូវដាក់បន្តបន្ទាប់គ្នានៅកំណាត់ផ្លូវនេះ ខណៈបច្ចុប្បន្ន មានតែភ្លើងស្តុបមួយប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments