Ad Code

សម្តេច​តេ​ជោ​ហ៊ុនសែន​ ៖​ ការវាយប្រហារ​លើ​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​គឺជា​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​លើ​ឆ​ន្ទៈ​ប្រជាជន​កម្ពុជា



ភ្នំពេញ ​៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​ទៅកាន់​អង្គការសហប្រជាជាតិ​ថា​ ព្រោះតែ​មហិច្ឆតា​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​មជ្ឈដ្ឋាន​ខាងក្រៅ​បន្ត​ធ្វើជា​មើល​មិន​ឃើញ​នូវ​គុណភាព​និង​សុច្ចរិតភាព​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​។

សម្តេច​តេ​ជោ​បាន​ប្រាប់​ទៅ​វេទិកា​អន្តរ​ជាតិ​មួយ​នេះ​ថា ​ការ​ព្យាយាម​មិន​ទទួលស្គាល់​លើ​ការបោះឆ្នោត​នេះ​ ជា​ការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​លើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលេច​បែបនេះ​ នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ទូទៅ​នៃ​មហាសន្និបាត​អង្គការ​ប្រជាជាតិ​លើក​ទី​៧៣ នៅក្នុង​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​នា​វេលា​ម៉ោងជាង​១​រំលង​អធ្រា​ត្រ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ម៉ោង​នៅ​កម្ពុជា ដែល​ត្រូវ​នឹង​ម៉ោង​ជិត​២​រសៀល​ថ្ងៃទី​២៨ ខែកញ្ញា ម៉ោង​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។

នៅ​ចំពោះមុខ​មន្ត្រី​អង្គការសហប្រជាជាតិ និង​មេដឹកនាំ​បណ្តា​ប្រទេស​នានា​ដែល​បាន​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​នោះ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​លើក​បង្ហាញ​ពី​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៦ ធ្វើឡើង​កាល​ពី​ថ្ងៃ​ទី ២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​ប្រកបដោយ​ភាពល្អប្រសើរ។

សម្តេច​តេ​ជោ​បាន​ថ្លែងថា «​ការបោះឆ្នោត​កន្លងទៅ​មាន​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត​ជិត ៧​លាន​នាក់ ឬ​ស្មើនឹង ៨៣,០២​ភាគរយ នៃ​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​សរុប។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​បន្ថែម​ទៀត​ថា ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចេញទៅ​បោះឆ្នោត និង បានសម្រេច​យក​នូវ​ជម្រើស​នយោបាយ​របស់​ពួកគេ​ដោយ​សេរី និង​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ ឬ ការ​គំរាមកំហែង ឬ​អំពើហិង្សា​ណាមួយ​នោះឡើយ។

គណបក្ស​នយោបាយ​ចំនួន​២០​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ដែល​ជា​ការ​បង្ហាញ​យ៉ាងច្បាស់ នូវ​ភាពជា​តំណាង​ស្របច្បាប់​នៃ​នយោបាយ​ពហុ​និយម និង ឆ្លុះបញ្ចាំង​នូវ​អ្វី​ដែល​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​រាប់​ម៉ឺន​នាក់​បាន​បរិយាយ​ថា ​ជា​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ប្រកបដោយ​ស្ថិរភាព​នៅ​កម្ពុជា និង​ជាការ​បោះឆ្នោត​មាន​លក្ខណៈ​សេរី យុត្តិធម៌​និង​អាច​ជឿ​ទុកចិត្តបាន​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា « តាមរយៈ​សន្លឹកឆ្នោត​របស់​ពួកគេ​ប្រជាជន​កម្ពុជា​បានបញ្ជាក់​ជា​ថ្មី​ទៀត​នូវ​បំណងប្រាថ្នា​ចង់បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព និង ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជាប់​មិន​ដាច់​។ ជា​ការពិត​ជម្រើស​ដោយ​សេរី​របស់​ប្រជាជន​កម្ពុជា​និង​លទ្ធផល​ប្រកបដោយ​ធម្មានុរូប​នៃ​ការ បោះឆ្នោត​នេះ​មិនមែន​ជា​ប្រធានបទ​ដែល​ត្រូវ​ចោទសួរ​ឬ​ពិភាក្សា​ដេញដោល​នោះទេ​»​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ធ្វើការ​រិះគន់​ចំពោះ​បណ្តា​ប្រទេស​ធំៗ​ដែល​តែង​ប្រើ​អំណាច​ដោយ​កម្រោល​របស់​រដ្ឋ​មួយ​ដើម្បី​បន្តុប​ឆន្ទៈ​របស់​ខ្លួន​ទៅលើ​រដ្ឋ​អធិបតេយ្យ​ដទៃ។ សម្តេច​បន្ត​ថា បើ​ទោះ​បី​ការបោះឆ្នោត​នេះ​បាន​ប្រព្រឹត្តទៅ​ក្នុង​ស្ថាន​ភាព​ល្អ​ប្រសើរ​យ៉ាងណាក្តី តែ​ក៏​នៅតែមាន​ប្រទេស​មួយចំនួន​ដែល​ប៉ុនប៉ង​ជ្រៀតជ្រែក​ការងារ​ផ្ទៃក្នុង​របស់​កម្ពុជា នៅតែ​ធ្វើជា​មើលមិនឃើញ​នូវ​ភាពល្អប្រសើរ​នៃ​ការបោះឆ្នោត​នេះ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា «​មជ្ឈដ្ឋាន​ខាងក្រៅ​មួយចំនួន​ដែល​ចិញ្ចឹម​ជាប់​នូវ​មហិច្ឆតា​ប៉ុនប៉ង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នៅតែ​ធ្វើជា​មើល​មិន​ឃើញ​នូវ​គុណភាព និង សុចរិត​ភាព​នៃ​ដំណើរការ​បោះឆ្នោត​របស់​យើង​តាមរយៈ​ការចេញ​សេចក្តីថ្លែងការណ៍​នានា​ប្រឆាំងនឹង​ឬ​វាយប្រហារ លើ​លទ្ធផល​បោះឆ្នោត​នេះ​ដែល​ទង្វើ​នេះ គឺជា​ការប្រមាថ​ធ្ងន់ធ្ងរ​ចំពោះ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​»​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ទាញអារម្មណ៍​អ្នកចូលរួម​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​អំពី​សារៈសំខាន់​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ដោយ​សម្តេច​បានលើកឡើង​ថា វា​អាស្រ័យ​លើ​យើង​ទាំងអស់គ្នា​នៅក្នុ្ង​ការផ្តល់​ការគោរព​ដ៏​ត្រឹមត្រូវ​ចំពោះ​ធម្មនុញ្ញ​ដ៏​មាន​សារៈសំខាន់​នេះ ដោយ​ត្រូវ​ចៀស វាង​ការ​ជ្រៀតជ្រែក ,​ការធ្វើ​ឲ្យ​អន្តរាយ ឬ​ការ​រំខាន​ដល់​ការ​កិច្ចការ​អធិបតេយ្យ​របស់​រដ្ឋ​ឯករាជ្យ។

ជា​មួយ​នេះ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សំដែង​នូវ​ការ​សោកស្តាយ​ជា​ពន់ពេក​ចំពោះ​ការ​រំលេច នូវ​តថភាព​ដែលថា សិទ្ធិមនុស្ស​នាពេល​បច្ចុប្បន្ន​នេះ​បាន​ទៅជា​« បេសកកម្ម​ដើម្បី​បំពាក់​អរិយ​ធ៌​ម​»​សម្រាប់​ប្រទេស​មានអំណាច​មួយចំនួន ឬ ក៏​អាច​និយាយបាន​ថា ​ជា​និយាម​ប្រតិបត្តិ​ថ្មី​ដែល​គេ​យក​ធ្វើជា​លេស​សម្រាប់​លូកដៃ​ជ្រៀតជ្រែក​ការងារ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​។

សម្តេច​តេ​ជោ​ថ្លែង​ថា « ការ​ដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី​បានក្លាយ​ទៅជា​អាវុធ​ដ៏​ពេញនិយម​នៃ​ប្រទេស​មហាអំណាច​នៅក្នុង​ការគ្រប់គ្រង​នយោបាយ​អន្តរជាតិ ដែល​ស្ថិតនៅក្រោម​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​។ ទាំងនេះ​គឺ​គ្មានអ្វី​ក្រៅពី​ការប្រើ​អំណាច​ដោយ​កម្រោល​របស់​រដ្ឋ​មួយ ដើម្បី​បន្តុប​ឆន្ទៈ​របស់ខ្លួន​ទៅលើ​រដ្ឋ​អធិបតេយ្យ​ដទៃ​នោះឡើយ​»​។

សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកឡើងថា ​សម័យកាល​ចក្រពត្តិនិយម និង អាណានិគមនិយម​សម្រាប់​ពិភពលោក​វា​បាន​ក្លាយទៅជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ទៅហើយ។ ដូច្នេះ​ប្រទេស​ធំៗ​មិន​គួរ​ដាក់​បន្តុប​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​រប​ស់​ពួកគេ​មក​លើ​ប្រទេស​នានា​ដែល​តូច​ជាង​ខ្លួន​នោះឡើយ ព្រោះ​ប្រទេស​តូចៗ​ទាំងនេះ​ក៏មាន​អធិបតេយ្យភាព​និង​មាន​សេចក្តី​ប្រាថ្នា​ស្របច្បាប់​ក្នុងការ​រក្សា​នូវ​អត្តសញ្ញាណ​របស់ខ្លួន។

សម្តេចនាយក​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់ដែរថា​ សម័យ​កាល​បច្ចុប្បន្ន​នេះ​ជា​សម័យ​កាលដែល​ប្រ​ទេស​ទាំងអស់​នៅលើ​ពិភពលោក​ពឹងផ្អែក​គ្នា​ទៅវិញទៅមក​ហើយ​ផ្នត់គំនិត​ចាប់បង្ខំ​ដ៏​ចាស់​គំរឹល​នោះ គួរតែ​ត្រូវបាន​បាន​បញ្ចប់។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់​ថា ​ប្រទេស​តូច ប្រទេស​ធំ ត្រូវតែ​រួមគ្នា​គោរព និង​លើកតម្កើង​វិធាន​នៃ​ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ដែល​ចែង​ពី​ការគោរព​គ្នា និង​មិន​ជ្រៀតជ្រែក​គ្នា​នោះ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu