កំពង់ឆ្នាំង ៖ មនុស្សប្រុស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងពេលបើកម៉ូតូបុកគ្នាពេញទំហឹងក្នុងទិសដៅបញ្ច្រាសគ្នា ដោយសារភាគីបង្កបានវ៉ាជែងរថយន្តរំលោភចំណែកផ្លូវរបស់គេ ទៅបុកគេពេញទំហឹងតែម្តងនៅខាងឆ្វេងដៃរបស់ខ្លួន។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅម៉ោង ៥និង២០នាទី ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍មូលដ្ឋានបានអោយដឹងថា ៖ មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ទីន សម្បត្តិ អាយុ២៧ឆ្នាំ រស់នៅភូមិទួនច្រេស ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបើកម៉ូតូម៉ាកវ៉េវពណ៌ខ្មៅអត់ស្លាកលេខពីជើងទៅត្បូង ខណៈនោះ ដែរឈ្មោះ ណាង អាយុប្រមាណ៣០ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំប្រស្នឹប ស្រុករលាប្អៀរ ជាកម្មករហាងលក់ត្រាក់ទ័រនៅជិតទីស្នាក់ការកាកបាទក្រហមខេត្ត បានបើកម៉ូតូម៉ាកវីវ៉ា ពណ៌ស អត់ស្លាកលេខ ពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន វ៉ាជែងរថយន្តនៅពីមុខខ្លួនតែវ៉ាមិនផុត ក៏បានបុកម៉ូតូវ៉េវបើកមកពីមុខនៅខាងឆ្វេងដៃរបស់ខ្លួនពេញទំហឹង បណ្តាលអោយអ្នកបើកបរម៉ូតូទាំង២នាក់ ដែលអត់ពាក់មួកសុវត្ថិភាពដូចគ្នា ដួលបោកក្បាលនឹងផ្លូវជាតិស្លាប់នៅកន្លែងកើតហេតុភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន និងនគរបាលចរាចរណ៍ស្រុករលាប្អៀរ បានចុះមកពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកសពអ្នកបើកម៉ូតូទាំង២ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅមូលដ្ឋានរៀងៗខ្លួន ធ្វើបុណ្យតាមប្រពៃណី។
លោកវរសេនីយ៍ទោ ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានអោយដឹងថា ៖ តាមផ្លូវច្បាប់ក្រុមគ្រួសារអ្នកបង្ក មានប្រពន្ធឬឪពុកម្តាយត្រូវចេញសំណងអោយក្រុមគ្រួសាររបស់ជនរងគ្រោះ។ ចំណែកករណីនេះគឺ ភាគីអ្នកបង្កបានបើកម៉ូតូវ៉ាជែងរថយន្តក្នុងស្ថានភាពគ្រោះថ្នាក់ដោយរំលោកចំណែកផ្លូវគេ និងទៅបុកភាគីជនរងគ្រោះដែលបើកម៉ូតូក្នុងគន្លងផ្លូវខាងស្តាំដៃរបស់ខ្លួន បណ្តាលអោយដួលបែកក្បាលស្លាប់ទាំង២នាក់ ព្រោះតែអត់ពាក់មួយសុវត្ថិភាព។ នេះគឺជាសារមួយដាស់តឿនអោយអ្នកបើកម៉ូតូទាំងអស់គួរតែពាក់មួកសុវត្ថិភាពអោយបានគ្រប់ៗ គ្រប់ពេល ដើម្បីការពារអាយុជីវិតរបស់ខ្លួន៕
Source: Kampuchea Thmey Daily
0 Comments