កំពង់ឆ្នាំង ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្តាំទៅអ្នកនយោបាយមួយចំនួនដែលមានចេតនាប្រើប្រាស់ សម្តេចលើកកម្ពស់តួនាទីរបស់ខ្លួនឲ្យប្រញាប់ប្រើប្រាស់វិធីផ្សេងទៅ ដោយសម្តេចបញ្ជាក់ថា សូមកុំលេងជាមួយអ្នកយុទ្ធសាស្ត្រជើងចាស់មួយនេះ។
សម្តេចតេជោ បានលើកឡើងបែបនេះ កាលពីព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៨ នេះក្នុងពេលដែលសម្តេច អញ្ជើញជួបសំណេះ សំណាលជាមួយបងប្អូនកម្មករ កម្មការិនីសរុបប្រមាណ ២៤.៣៧៥នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សុំផ្ដាំទៅអ្នកនយោបាយមួយចំនួនដែលកំពុងមានចេតនាប្រើប្រាស់ ហ៊ុន សែន លើកកម្ពស់តួនាទីរបស់ខ្លួន សូមប្រញាប់ប្រញាល់ប្រើប្រាស់វិធីផ្សេងទៅ ខ្ញុំបានផ្ដល់ឲ្យអ្នកខ្លះមកហើយ តែពីពេលនេះទៅមុខ ខ្ញុំនឹងមិនផ្ដល់ឲ្យទៀតទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “យុទ្ធសាស្ត្ររបស់បក្សខ្លះគឺវាយប្រហារមកលើសម្តេច មកលើគណបក្សប្រជាជន ដើម្បីឲ្យគណបក្សប្រជាជនតបតត្រឡប់ទៅវិញ ស្មើនឹងការឃោសនាដើម្បីឲ្យគេស្គាល់។ សូមកុំលេងជាមួយនឹងអ្នកយុទ្ធសាស្ត្រជើងចាស់មួយនេះ ខ្ញុំជូនសារទៅអ្នក ខ្ញុំបានផ្ដល់ឲ្យអ្នកខ្លះហើយ ធ្វើជាដើមទុនព្រោះមានផលប្រយោជន៍ដល់ ហ៊ុន សែន ផងដែរ។ ដើម្បីបំភ្លេចអាចង្រៃមួយនោះ តែអ្នកកុំសង្ឃឹមថាហ៊ុន សែន ផ្ដល់ពិន្ទុឲ្យអ្នកបន្ថែមដោយនិយាយទៅដល់ឈ្មោះអ្នក និង បក្សរបស់អ្នក។ សូមផ្ដាំទៅមន្ត្រីគណបក្សប្រជាជនសូមកុំតបតជាមួយបក្សណាទាំងអស់ ពិតហើយយើងធ្វើបក្សកាន់អំណាច គេតែងតែរិះគន់ចំពោះគោលនយោបាយរបស់យើងហើយ”។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកជាឧទាហរណ៍មកបញ្ជាក់ថា ដូចជាគោលនយោបាយលើវិស័យឧស្សាហសកម្ម យើងធ្វើរោងចក្រនៅកំពង់ឆ្នាំងត្រូវឬខុស? ការពង្រីករោងចក្រនៅតាមបណ្ដាលខេត្ត តើត្រូវឬខុស យើងបង្កើតឲ្យមានផ្លូវ មានស្ពាន មានសាលារៀន មានមន្ទីរពេទ្យ តើត្រូវឬខុស សូមនិយាយចេញមក យើងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង តើត្រូវឬខុស យើងប្រែក្លាយព្រំដែនសន្តិភាពជាមួយប្រទេសជិតខាង តើត្រូវខុស?។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ការទិទៀនអំពីគោលនយោបាយ យើងមិនហាមឃាត់អ្នកណាទេ យើងបើកចំហ មកពីយើងមិនបានខ្លាចអ្នកណាទាំងអស់។ សម្តេចបានបន្តថា តើខ្ញុំដាក់ចេញនូវនយោបាយដើម្បីប្រែក្លាយតំបន់អតីតសមរភូមិឲ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍និងជាទីផ្សារ និង ការបង្កើតរោងចក្រនៅខេត្តកំពង់ឆ្នាំង ត្រូវឬខុស រាប់ទាំងការពង្រីករោងចក្រនៅតាមបណ្ដាខេត្ត តើត្រូវឬខុស ការតភ្ជាប់បណ្ដាញអគ្គីសនីពីពោធិ៍សាត់ទៅបាត់ដំបង ពីបាត់ដំបង ទៅសៀមរាប តើត្រូវឬខុស នយោបាយដែលកំពុងរកវិធីបញ្ចុះថ្លៃភ្លើង ការសម្រួលឲ្យកម្មករទទួលបានអត្ថប្រយោជន៍បន្ថែម ។ ដូចជាការការធ្វើវិសោធនកម្មច្បាប់ការងារនាពេលកន្លងមក ដែលមុននេះថៅកែរោងចក្របានទុកប្រាក់អត្ថប្រយោជន៍របស់បងប្អូនរាប់ឆ្នាំ បានផ្ទេរមក ៦ ខែបើកម្តង ប្រាក់អតីតភាពការងាររបស់ក្មួយៗពេលមុនត្រូវទុកនៅលើថៅកែ ៣ឆ្នាំ ៤ឆ្នាំ ៥ឆ្នាំ ។ ឥឡូវ ៦ខែ បើកម្តង ដើម្បីក្មួយៗអាចយកប្រាក់នោះទៅប្រើប្រាស់ ។ រាជរដ្ឋាភិបាលកំពុងគិតគូរថា តើបើកប្រាក់បៀវត្សរ៍តាមរបៀបណាឲ្យក្មួយៗដើម្បីងាយស្រួល។
សម្តេចតេជោ សូមផ្ដាំទៅគណបក្សដទៃថា សូមកុំទ្រាំចាំឡើងកូដដោយសារ ហ៊ុនសែន សូមខិតខំឃោសនាអំពីគោលនយោបាយរបស់ខ្លួនទៅ។ ការដែល ហ៊ុន សែន ឆ្លើយតបទៅ វាជាការដែល ហ៊ុន សែន ចង់ឲ្យទៅអ្នក។ តែចាប់ពីពេលនេះទៅ មិនអាចទទួលបានផលពីអ្វីពី ហ៊ុន សែន និយាយតទៅទៀតទេ កុំភាន់ច្រឡំ លេងជាមួយអ្នកយុទ្ធសាស្ត្រ ហើយត្រូវយល់ថា អ្នកឈរនៅទីនេះគឺជាអ្នករៀបចំយុទ្ធសាស្ត្រសម្រាប់កម្ពុជាដើរ ៤១ ឆ្នាំកន្លងមកហើយ ។ សម្តេចតេជោ បញ្ជាក់ថា មិនមែនជាជើងចាស់ទេ ប៉ុន្តែជាជើងយូរ បើមិនប៉ុណ្ណឹងទេ មិនអាចប្រឈមនឹងមេដឹកនាំបីនាក់ ដែលជាកំពូលនៃអ្នកនយោបាយជើងចាស់បានទេ។ សម្តេចបន្តថា អ្នកនយោបាយជើងចាស់ទាំងបីនោះរួមមាន ព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ ជាមួយអតីតនាយករដ្ឋមន្ត្រី និង ជាមួយអតីតប្រធានរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ដៃគូចរចារបស់សម្តេចគឺសម្ដេចព្រះនរោត្តមសីហនុ លោកតា សឺន សាន និង ខៀវ សំផន តែអស់លោកបច្ចុប្បន្ន មិនមែនជាដៃគូរបស់សម្តេចទេ។ ប្រសិនបើមិនប៉ុណ្ណឹងទេ ពោលមិនអាចនឹងចូលតុចរចាទេ ហើយខ្លាំងជាងនឹងទៀតដើម្បីយកខ្មែរក្រហមចេញពីព្រៃ មិនមែនជាល្បែងកូនក្មេងទេ គ្រាន់តែបញ្ហា ៣ ចំណុច ធ្វើឲ្យបងប្អូនខ្មែរក្រហមទទួលបានផលប្រយោជន៍ដល់សព្វថ្ងៃ កសាងហេដ្ឋារចនាសម្ព័ន្ធធ្វើឲ្យតំបន់នោះមានការអភិវឌ្ឍដូចៗគ្នា ក្របខ័ណ្ឌយុទ្ធសាស្ត្រមួយនេះ មិនមែនគ្រាន់តែបានដាក់ចេញហើយ មិនបានអនុវត្តនោះទេ។ យន្តការអនុវត្តធនធានមនុស្សរបស់គណបក្សប្រជាជនគ្រប់គ្រាន់ដើម្បីធ្វើការអនុវត្ត ក៏ប៉ុន្តែវាមានចំណុចខ្វះខាតរបស់វា មិនអាចល្អទាំងអស់ទេ រាប់ទាំងក្នុងគ្រួសារវាក៏មានតក់ មាននាល ដែរ។ មានចំណុចខ្វះខាតនេះ មានចំណុចខ្វះខាតនោះ សូម្បីប្រាក់បៀវត្សរបស់ក្មួយៗនេះ ១៧០ ដុល្លារ វាក៏មិនទាន់ស្កប់ស្កល់ដែរ។ អញ្ចឹងទេ បានជាពូខិតខំរកវិធីនានាថា ឆ្នាំ២០១៩ ប្រាក់បៀវត្សរ៍របស់ក្មួយៗមិនមែននៅត្រឹម ១៧០ ដុល្លារទេ ហើយក៏មានអ្នកខ្លះបាននិយាយថា គោលនយោបាយគាំពារសង្គម ដែលពូកំពុងដាក់ឲ្យអនុវត្តនេះ គឺប្រើប្រាស់តែក្នុងរយៈពេលបោះឆ្នោតទេ ពេលបោះឆ្នោតហើយឈប់ប្រើហើយ។ ដូចជាប្រាក់ឧបត្ថម្ភ ៤០ ម៉ឺនរៀលសម្រាប់ការឆ្លងទន្លេគឺអនុវត្តតែក្នុងរយៈពេលបោះឆ្នោតទេ គេបានដើរឃោសនានៅនៅតំបន់7 NG។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើការបញ្ជាក់ថា នៅទីនេះ ប្រសិនបើមិនបានអនុវត្តបន្ត ក្មួយៗអាចលើកគ្នាមកធ្វើបាតុកម្មទម្លាក់ពូចេញពីតំណែង។ មិនមែនជាល្បែងកូនក្មេងទេ មិនមែនអនុវត្តពេលនេះហើយក្រោយបោះឆ្នោតឈប់នោះទេ បក្សកាន់អំណាចមិនអាចសន្យា ហើយមិនធ្វើនោះទេ បក្សនៅក្រៅរដ្ឋាភិបាលគេអាចសន្យានេះ សន្យានោះ គេនិយាយបាន តែមិនធ្វើទេ ចំណែកបក្សកាន់អំណាចតែនិយាយហើយ គឺធ្វើ។
សម្តេចបានផ្តាំទៅអ្នកនយោបាយទាំងនោះថា កុំប្រើប្រាស់សំដី ហ៊ុន សែន ដើម្បីឡើងកូដ។ អ្នកត្រូវចាំ ពេលខ្លះអ្នកនៅជាសិស្សនៅមធ្យមសិក្សា ហ៊ុន សែន បានក្លាយទៅជាអ្នកយុទ្ធសាស្ត្របាត់ទៅហើយ អ្នកមិនយល់បញ្ហានេះ អ្នកមិនត្រូវភ្លេចថា តួអង្គមួយនេះបានកំដរតាំងពីដៃគូចាស់ៗ ដែលមានអាយុអាចបង្កើតធ្វើជាឪពុកបាន លេងជាមួយបាន មិនមែនត្រឹមអស់លោកប៉ុណ្ណឹងទេ ។ បើសិនជា ហ៊ុន សែន មិនអាចមានយុទ្ធសាស្ត្រ យុទ្ធវិធី ច្បាស់លាស់ ប្រហែលជា ហ៊ុន សែន មិនអាចទ្រាំទ្ររួចជាមួយព្រះប្រមុខរដ្ឋ ជាមួយនាយករដ្ឋមន្ត្រី និង ជាមួយ ខៀវ សំផន បានទេ។ តែខួរក្បាលមួយនេះអាចទប់ទល់បានជាមួយនឹងអ្នកចាស់ទុំជាន់ដើម រឿងអ្វី ដែលមិនអាចទប់ទល់បានជាមួយនឹងអ្នកថ្មីៗ នាពេលនេះហើយសូមឲ្យគណបក្សប្រជាជនកុំនិយាយដល់ឈ្មោះរបស់គេ ប្រជាជនមិនស្គាល់ទេ ៥ឆ្នាំទៅមុខទៀតក៏នៅតែមិនស្គាល់ បើសិនយើងមិននិយាយប្រជាជននឹងមិនស្គាល់ ដូចនេះ កុំទៅឃោសនាឲ្យគេ។
សម្តេចតេជោបានបន្តថា “កន្លងមកសម្តេចមិនដែលនិយាយចំឈ្មោះទេ។ ប៉ុន្តែអ្នកសារព័ត៌មាន ចេះតែយកទៅសំដៅលើអ្នកនេះ ឬ អ្នកនោះ។ ប៉ុន្តែឥឡូវសូម្បីអ្នកសារព័ត៌មានក៏មិនដឹងថា ខ្ញុំសំដៅទៅលើអ្នកណាដែរ ព្រោះខ្ញុំបានលើកតួអង្គមួយចំនួន ខ្ញុំមានចេតនានិងលើក តែខ្ញុំមិនបានចេញឈ្មោះទេ។ ខ្ញុំឲ្យទៅអ្នក ប៉ុន្តែខ្ញុំក៏បានចំណែកចំណេញរបស់ខ្ញុំដែរ។ អ្នកត្រូវយល់ មិនមែនអ្នកឯងចំណេញសុទ្ធទេ អាហ្នឹងមានរឿងមានទៅ មានមក ប៉ុន្តែចាប់ពីពេលនេះទៅ អ្នកគ្មានផលចំណេញទៀតទេ”៕
Source: Kampuchea Thmey Daily
0 Comments