ភ្នំពេញ ៖ លោកវេជ្ជសាស្ត្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិនៃរាជរដ្ឋាភិបាលចុះជួយខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ បានដឹកនាំក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យព្រះអង្គឌួង ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋប្រមាណ២០០នាក់មកពីតាមបណ្តាភូមិនានាសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក សាស្ត្រាចារ្យ លូលីឃាង ប្រធានក្រុមការងារចុះជួយសង្កាត់ក្រាំងធ្នង់និងជានាយកមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ថា ក្រុមការងារថ្នាក់ជាតិនៃរាជរដ្ឋាភិបាល ដែលមានលោកសាស្ត្រាចារ្យម៉មប៊ុនហេងជាប្រធានបានដឹកនាំក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះអង្គឌួង ចុះមកពិនិត្យ និងព្យាបាលជំងឺ ជាច្រើនមុខជូនដល់ប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃប្រមាណជា២០០នាក់ក្នុងនោះរួមមានជំងឺភ្នែក ត្រចៀក ច្រមុះ បំពង់កនិងជំងឺទូទៅ មួយចំនួនទៀត។
លោកសាស្ត្រាចារ្យបានបន្តថា គោលបំណងក្នុងការចុះមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនាពេលនេះដើម្បីបង្ខិតសេវាព្យាបាលឲ្យកាន់តែជិតជាមួយប្រជាពលរដ្ឋ ហើយក៏ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាក និងការចំណាយរបស់ពួកគាត់ផងដែរ ពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ វ័យចាស់ជរា ស្ត្រីមេម៉ាយជាដើម។
លោកសាស្ត្រាចារ្យបានបន្ថែមទៀតថា ក្នុងករណីអ្នកជំងឺ ដែលត្រូវវះកាត់នឹងបញ្ជូនទៅវះកាត់នៅមន្ទីរពេទ្យព្រះអង្គឌួងព្រោះថាការព្យាបាលនេះគឺមើលទៅលើជំងឺស្រាលៗប៉ុណ្ណោះ។
មានប្រសាសន៍សំណេះសំណាល នាឱកាសនោះលោកវេជ្ជសាស្ត្រាចារ្យម៉ម ប៊ុនហេង បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់លោកតាលោកយាយមាមីងពូនិងក្មួយៗដែលបានអញ្ជើញមកពិនិត្យនិងព្យាបាលជំងឺនៅទីនេះ ព្រោះថាសម្តេចតែងតែមានក្តីកង្វល់ខ្លាំងណាស់ចំពោះសុខទុក្ខនិងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋយើង។
លោកវេជ្ជសាស្ត្រាចារ្យម៉ម ប៊ុនហេង បានបន្តថា « ការចុះព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការការយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋយើង ដើម្បីផ្ដល់នូវភាពងាយស្រួល ដល់ប្រជាជនកាន់តែច្រើន ក្នុងការការពារសុខភាព ឲ្យបានកាន់តែប្រសើរ ដូច្នេះសូមមកទទួលយកនូវសេវាកម្មនេះ ឲ្យបានគ្រប់ៗគ្នា ពិសេសយើងនឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីបម្រើសេវាកម្ម ជូនដល់ប្រជាពលរដ្ឋ យើងឲ្យបានកាន់តែល្អថែមទៀត ពេលដែលយើងមកពិនិត្យព្យាបាលនៅក្រោយទៀត» ។
លោក រដ្ឋមន្ដ្រីបានណែនាំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម នៅក្នុងរដូវភ្លៀងធ្លាក់នេះដោយត្រូវធ្វើអនាម័យនៅតាមលំនៅដ្ឋានឲ្យបានស្អាតលុបបំបាត់របស់ដែលអាចដក់ទឹកបានដូចជាសំបកកង់ឡាន ដូង កង់ជាដើមព្រោះវត្ថុទាំងនេះជាប្រភពកកើតនៃដង្កូវទឹកទៅជាមូសខ្លាដែ លជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។
ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីក៏បានណែនាំឲ្យប្រជាពលរដ្ឋមិនត្រូវបរិភោគចំណីអាហារណាដែលមានជាតិប្រៃ ជាតិខ្លាញ់និងផ្អែមពេកនោះទេ ព្រោះអាចបណ្តាលឲ្យមានជំងឺតម្កាត់ផ្សេងៗដូចជាជំងឺធាត់ លើសឈាមឬ ជំងឺបេះដូងនិងទឹកនោមផ្អែម។
ជាចុងក្រោយលោកសាស្ត្រាចារ្យម៉ម ប៊ុនហេង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលស្ថិតនៅលេខរៀងទី២០ដើម្បីថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាបន្តទៀត៕
Source: Kampuchea Thmey Daily
0 Comments