ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភាគច្រើននៃសហព័ន្ធបាល់ទាត់ជាតិ បានគាំទ្រឲ្យបង្កើនក្រុមលេងនៅ World Cup 2022 ក្នុងប្រទេសកាតា ដល់៤៨ក្រុម។
លោក Infantino បាននិយាយថា ការសម្រេចចិត្ត នឹងធ្វើឡើងនៅខែមិនា ខាងមុខនេះ ថ្វីត្បិតតែពួកគេនៅមិនទាន់ច្បាស់ថាតើនឹងបង្កើនចំនួនក្រុមសម្រាប់ព្រឹត្តិការណ៍លើកនេះ ឬយ៉ាងណា ខណៈពេលដែលប្រទេសកាតា ប្រឈមនឹងការលំបាក ក្នុងការធ្វើម្ចាស់ការប្រកួតនោះ។
ប្រទេសកាតា កំពុងជាប់គាំងក្នុងជម្លោះការទូតជាមួយបណ្តាប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រ ដែលរួមទាំងអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងបារ៉ែន ជាហេតុធ្វើឲ្យស្មុគស្មាញដល់ការចែករំលែកការប្រកួតមួយនេះ ពេលដែលគេបង្កើនចំនួនក្រុមចូលរួមហើយនោះ។
ប្រទេសទាំងនេះ ដែលរួមទាំងអេហ្ស៊ីបផងដែរនោះ បានចាប់ផ្តើមធ្វើពហិកាការទូត និងពាណិជ្ជកម្មជាមួយកាតា កាលពីខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ដោយបានចោទប្រកាន់ប្រទេសមួយនេះថាបានគាំទ្រក្រុមភេរវកម្ម ប៉ុន្តែត្រូវបានប្រទេសកាតា ច្រានចោលទាំងស្រុងចំពោះអំណះអំណាងបែបនេះ។
កាលពីឆ្នាំមុន FIFAបានបោះឆ្នោតដើម្បីងបង្កើនចំនួនក្រុមចូលលេងការប្រកួតពី៣២ក្រុមដល់៤៨ក្រុម ដោយចាប់ផ្ដើមពីឆ្នាំ២០២៦តទៅ ប៉ុន្តែចាប់តាំងពីពេលនោះមក លោក Infantino បានបង្ហើបឲ្យដឹងពីលទ្ធភាពនៃការបង្កើនក្រុមនៅព្រឹត្តិការណ៍ឆ្នាំ២០២២តែម្តង៕
Source: Kampuchea Thmey Daily
0 Comments