តាកែវ ៖ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំ អ្នកពាក់ព័ន្ធទាំងអស់ ចុះ ធ្វើការពិនិត្យលើទីតាំង ប្រព័ន្ធធារាសាស្ត្រប្រឡាយលេខ១៥ ក្នុងខេត្តតាកែវ ដែល ធ្វើ ទំនើបកម្ម និងបំពាក់បន្ថែមស្ថានីយបូមទឹកទំនើប (Smart Pumping Station)របស់ធនាគារ ADB។
ក្រសួងធនធានទឹកបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ លោក អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ចាន់ ស៊ី ណាត បានដឹកនាំក្រុមការងារក្រសួង មន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ និងដៃគូអភិវឌ្ឍន៍ចុះធ្វើការពិនិត្យក្នុងតំបន់ អនុវត្តន៍គម្រោងកែលំអវិស័យធារាសាស្ត្រកសិកម្ម IAIP របស់ADB។ នាពេលនោះ លោក អនុរដ្ឋលេខាធិការ បានអញ្ជើញអ្នកពាក់ព័ន្ធទាំងអស់ធ្វើការពិនិត្យលើទីតាំង ប្រព័ន្ធធារាសាស្ត្រប្រឡាយលេខ១៥ ក្នុងខេត្តតាកែវ។
សូមបញ្ជាក់ជូនថា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចអនុញ្ញាតឲ្យ ADB ធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្ត្រប្រឡាយលេខ ១៥ និងបំពាក់បន្ថែមស្ថានីយបូមទឹកទំនើប (Smart Pumping Station) ក្នុងប្រព័ន្ធធារាសាស្ត្រខាងលើដោយធានាយ៉ាងណាធ្វើការប្រើប្រាស់ បញ្ជា និងគ្រប់គ្រងទឹក ឲ្យអស់សក្តានុពល និងឲ្យអស់លទ្ធភាពទឹកពីទន្លេបាសាក់ និងស្ទឹងតាកែវ បានទឹកដល់ស្រែកសិករ ទឹកប្រើប្រាស់សម្រាប់មនុស្ស និងសត្វ រួចប្រើជា ផ្លូវគមនាគមន៍តាមគោក និងទឹក និងបម្រើឲ្យវិស័យទេសចរថែមទៀតផង។
ម្យ៉ាងទៀតយោងតាមការសិក្សា របស់ដៃគូអភិវឌ្ឍន៍ សហការ និងក្រសួងថា ក្រោយការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្ត្រខាងលើ មានសារៈសំខាន់ណាស់ដល់ការរីកចម្រើនរុងរឿង ប្រទេសរបស់យើងទាំងក្នុងពេលនេះ និងទាំងទៅពេលអនាគត (IERR)=29%)៕
Source: Kampuchea Thmey Daily
0 Comments