ក្រុមបាល់ទាត់យុវជនក្រោមអាយុ២៣ឆ្នាំ (U23) របស់កម្ពុជា បានប្រកួតចាញ់ក្រុមរបស់អូស្ត្រាលី ៦ទល់០ លើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ប្រចាំពូល H នៃវគ្គជម្រុះពានរង្វាន់យុវជនក្រោមអាយុ២៣ឆ្នាំជើងឯកទ្វីបអាស៊ី នាល្ងាចថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩ ថ្មីៗនេះខណៈគ្រូបង្វឹករបស់ក្រុមទាំង២សុទ្ធតែលើកឡើងផ្សេងៗគ្នាក្រោយចប់ការប្រកួត។
ចំពោះលោក Graham James Arnold គ្រូបង្វឹករបស់ក្រុមអូស្ត្រាលី បានលើកឡើងថា «នៅក្នុងការហ្វឹកហាត់ យើងបានផ្ដោតអារម្មណ៍ទៅលើការយកឈ្នះ កម្ពុជា។ ពិតណាស់យើងបានមើលពីការប្រកួតក្នុងព្រឹត្តិការណ៍កន្លងមក ពីរបៀបនៃការលេងរបស់គេ ខ្ញុំបានឃើញថា ប្រសិនបើយើងបណ្ដោយឲ្យកម្ពុជា មានជំហរក្នុងការគ្រប់គ្រងបាល់ច្រើន នោះពួកគេនឹងមានបាល់លេង គេនឹងលេងបានល្អទៀតផង។ ដូច្នេះវាអាស្រ័យទៅលើយើងដើម្បីបញ្ឈប់ពួកគេ ហើយយើងបានធ្វើវានៅប្រកួតនេះ»។
ចំណែកលោក Felix Gonzalez Dalmas គ្រូបង្វឹករបស់ក្រុមកម្ពុជា វិញបានលើកឡើងថា «នៅវគ្គទី២ យើងមានបាល់លេងច្រើន ដូច្នេះពិតណាស់ ភាពខុសប្លែកគ្នានេះគឺដោយសារការធ្វើឲ្យពួកគេមានភាពក្លាហាន យើងលើកទឹកចិត្តឲ្យពួកគេមានភាពក្លាហានក្នុងការលេង នៅពេលដែលយើងមានភាពក្លាហានក្នុងការលេង នោះយើងនឹងមានទំនុកចិត្តលើខ្លួនឯង ហើយបានបង្ហាញថាយើងបានធ្វើវាដូចដែលយើងអាចធ្វើទៅបាន ក្រុមនេះដូចដែលខ្ញុំនិយាយពីមុនមក គឺពោរពេញទៅដោយទឹកចិត្តនិងក្ដីមោទកភាព ដូច្នេះជាមួយទឹកចិត្ត និងក្ដីមោទកភាព ធ្វើឲ្យពួកគេប្រជែងបាល់មកវិញ ព្យាយាមប្រជែង និងមិនបោះបង់ បើទោះបីជាត្រូវគេនាំមុខ ៤ទល់០ ពួកគេនៅតែព្យាយាមដើម្បីលេងក្នុងនាមជាអ្នកតំណាងឲ្យកម្ពុជា។ ដូច្នេះពួកគេព្យាយាមដណ្ដើមស្ទើរតែគ្រប់ការគ្រប់គ្រងបាល់របស់អូស្ត្រាលី»។
សូមរំលឹកថា ៦គ្រាប់ជ័យជម្នះរបស់ក្រុមអូស្ត្រាលី រកបានដោយកីឡាករ O’Neill នៅនាទី២១ ហើយ កីឡាករ Champness រកបានគ្រាប់បាល់ទី២ នៅនាទី២៩ កីឡាករ McGree រកគ្រាប់បាល់ទី៣ នៅនាទី៣១ ហើយកីឡាករ Wilson រកបាននៅនាទី៤២ កីឡាករ Waring នៅនាទី៦៧ និងចុងក្រោយ Champness ដដែលរកគ្រាប់បាននៅនាទី ៩០+៣។
សូមបញ្ជាក់ថា ក្រុមកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះក្នុងពូល H ជាមួយយុវជន U-23 អូស្ត្រាលី, កូរ៉េខាងត្បូង និង ឆាយនីសតៃប៉ិ (តៃវ៉ាន់) ដោយការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ខាងមុខ។ កាលពីឆ្នាំ ២០១៧ កន្លងទៅកម្ពុជា ធ្លាប់បានទទួលធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U-23 នេះម្តងហើយ ដោយកាលនោះជួបជាមួយ ចិន, ជប៉ុន និង ហ្វីលីពីន តែមិនមានឱកាសឆ្លងផុតវគ្គនេះឡើយ។
ចំណែកប្រកួតបន្ទាប់នឹងបន្តធ្វើនៅថ្ងៃអាទិត្យ ទី២៤ ខែមីនាឆ្នាំ២០១៩ ខាងមុខដោយក្រុមតៃវ៉ាន់ ជួបអូស្ត្រាលី នៅម៉ោង៥ល្ងាចនិងក្រុមកម្ពុជា ប៉ះកូរ៉េខាងត្បូង នៅម៉ោង៨យប់។ ចុងក្រោយនៅថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩ ក្រុមកូរ៉េខាងត្បូង ជួបក្រុមអូស្ត្រាលី នៅម៉ោង៥ល្ងាចនិងក្រុមកម្ពុជា បន្តប៉ះតៃវ៉ាន់ នៅម៉ោង៨យប់។ សម្រាប់សំបុត្រចូលទស្សនាការប្រកួតវគ្គជម្រុះនេះ គឺបែងចែកចេញ ជា២ប្រភេទមានតម្លៃ ១០,០០០រៀល នៅតំបន់មានកៅអីជ័រ និង ៥,០០០រៀល តំបន់គ្មានកៅអីជ័រ និងអាចទស្សនាបាន២ប្រកួតក្នុងថ្ងៃតែមួយ៕
Source: Kampuchea Thmey Daily
0 Comments