ដោយក្តីអាណិតអាសូរបុរសម្នាក់ត្រូវភ្លើងឆេះខ្លោចប្រាណ ព្រោះតែបានជួយក្មេងស្រីអាយុ៨ឆ្នាំម្នាក់ ឲ្យរួចផុតពីសេចក្តីស្លាប់ ក្នុងហេតុការណ៍ផ្ទុះហ្គាស៍ឆេះរថយន្ត នៅក្រុងតាខ្មៅ បណ្តាលឲ្យគាត់ត្រូវឆេះភ្លើងពេញខ្លួនប្រាណ ពេលនេះកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យព២ ក្រុងបាត់ដំបង នោះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត បានជួយឧបត្ថម្ភថវិកាដល់លោកពូ ឃុត សំណាង ចំនួន១ម៉ឺនដុល្លារ ដែលការប្រគល់ថវិកានេះ បាននាំយកដោយផ្ទាល់ដៃពីសំណាក់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
លោកស្រី ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ក្នុងទឹកមុខអាណិតអាសូរ បានមានប្រសាសន៍ថា គួរឲ្យអាណិតណាស់លោកពូ ក្នុងអាការ:ភ្លើងឆាបឆេះ ពេញខ្លួនប្រាណ និង ភាពក្តៅរលាកឈឺផ្សាពេញរូបរាងកាយ។ នេះគឺជាអំពើដ៏ល្អដែលជួយសង្គ្រោះជីវិតក្មេងស្រីម្នាក់ឲ្យរួចផុតពីសេចក្តីស្លាប់។
លោកស្រីបន្តថា ថវិកាចំនួន១ម៉ឺនដុល្លារ ដែលជាទឹកចិត្តដ៏សប្បុរសរបស់សម្តេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អាចជួយឧបត្ថម្ភដោះស្រាយ និងអាចជួយកាត់បន្ថយថ្លៃនៃការចំណាយព្យាបាល និងការលំបាកផ្សេងៗផងដែរ។
លោកពូ ឃុត សំណាង សូមគោរពថ្លែងអំណរគុណសម្តេចទាំងទ្វេ និង បងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស ដែលបានជួយឧបត្ថម្ភគាំទ្រ និងផ្ដល់ក្តីអាណិតអាសូរចំពោះរូបគាត់។
សូមរំលឹកថា លោកពូ ឃុត សំណាង គឺជាវីរបុរសជួយសង្គ្រោះក្មេងស្រីម្នាក់ចេញពីការផ្ទុះហ្គាស៍រថយន្តនៅក្រុងតាខ្មៅ ខេត្តកណ្ដាល បណ្តាលឲ្យគាត់ត្រូវភ្លើងឆេះពេញខ្លួនស្ទើរបាត់បង់ជីវិត៕
Source: Kampuchea Thmey Daily
0 Comments