ភ្នំពេញ ៖ កម្លាំងល្បាត និង កម្លាំងជំនាញ អាវុធហត្ថខណ្ឌព្រែកព្នៅបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទពាក់ព័ន្ធនូវសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង២៣និង០០នាទីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ០៥ មុខសាលាបឋមសិក្សាព្រែកព្នៅភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនក្នុងករណីនេះ ទី១.ឈ្មោះ រិទ្ធ រ៉ន ហៅ ម៉ាប់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិ សំបកភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល និង ជនសង្ស័យទី២.ឈ្មោះ នៅ និត ហៅ ប៉ោង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិសំបកភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល។
រីឯវត្ថុតាងចាប់យកម្សៅក្រាម ពណ៌សថ្លាចំនួន០១កញ្ចប់តូច ម៉ូតូមួយគ្រឿងម៉ាកហុងដាគុប៩០ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ -ទ-1709 ភ ព1 និងទូរស័ព្ទចំនួន០១គ្រឿង ម៉ាកហូវេ ពណ៌ទឹកមាស។
អាវុធហត្ថខណ្ឌបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនសង្ស័យទាំង២នាក់ ជិះម៉ូតូមកពីទិសត្បូង ទៅទិសខាងជើង តាមបណ្ដោយផ្លូវជាតិលេខ០៥ លុះមកដល់មុខសាលាបឋមសិក្សាព្រែកព្នៅភូមិកណ្តាល ដោយមានការសង្ស័យកម្លាំងយើងក៏បានឃាត់សួរនាំ និងឆែកឆេរ ក៏បានឃើញម្សៅក្រាម ពណ៌សថ្លាចំនួន០១កញ្ចប់តូចតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនអាវុធហត្ថ រាជធានីភ្នំពេញ ចាត់ការបន្តទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments