Ad Code

ចុះ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​កុង​ទ័​រ​ចែកចាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ​ប្រេង​ចំនួន​៣​ស្ថានីយ ​ក្នុង​ក្រុង​បាន​លុង​



រតនគិរី ​៖​ មន្ត្រី​ត្រួត​ពិនិត្យ​ការងារ​មាត្រា​សាស្ត្រ​ នៃ​ការិយាល័យ​ស្តង់ដារ ​និង​មាត្រា​សាស្ត្រ​ នៃ​មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៩ ​បាន​សហការ​ជាមួយ​មន្ត្រី​សាលា​ក្រុង ចុះ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់ កុងទ័រ​ចែកចាយ​ប្រេង​ឥន្ធនៈ​នៅ​តាម​ស្ថានីយ​ចំនួន​៣ នៅ​ក្នុង​ក្រុង​បាន​លុង គឺ ស្ថានីយ ឡុ​ច ចំរើន ស្ថានីយ​ប្រេង​យើង និង ស្ថានីយ ប្រេង​យើង​៩។

​លោក ញឹម វណ្ណា​រុន ប្រធាន​ការិយាល័យ ស្តង់ដារ ​និង​មាត្រា​សាស្ត្រ ​នៃ​មន្ទីរ​ឧស្សាហកម្ម ​និង​សិប្បកម្ម​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹងថា ដើម្បី​ធានា​ផលប្រយោជន៍​ដល់​អ្នកប្រើប្រាស់ (​អ្នកទិញ​ប្រេង​) និង អ្នកផ្គត់ផ្គង់ (​អ្នកលក់​ប្រេង​) មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​ នឹង​ចុះ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​នៅ​តាម​ស្ថានីយ​ទាំងអស់​ដើម្បី​ឲ្យ​ប្រាកដ​ថា គ្រប់​ស្ថានីយ​ប្រេង​ឥន្ធនៈ​បាន​ប្រើប្រាស់​កុង​ទ័​រ​ចែកចាយ​ប្រេង​ឥន្ធនៈ​មាន​កម្រិត​លំអៀង​ត្រឹមត្រូវ ដែល​មានន័យថា ម្ចាស់ ឬ​តំណាង​ម្ចាស់​ស្ថានីយ ​លក់​ប្រេង​គ្រប់​ចំនួន​លីត្រ​ជូន​អតិថិជន​របស់​ខ្លួន​ស្របតាម​ច្បាប់​មាត្រា​សាស្ត្រ​កម្ពុជា​។​ ហើយ​លទ្ធផល​ នៃ​ការ​ត្រួតពិនិត្យ​នេះ រកឃើញថា ស្ថានីយ​ទាំង​៣​ខាងលើ​ មាន​ភាព​ត្រឹមត្រូវ គឺ លក់​គ្រប់​លីត្រ លើក​លែង​ដៃ​បាញ់​ប្រេង​ចំនួន​២ ក្នុងចំណោម​ដៃ​បាញ់​ប្រេង​ទាំង​១០ របស់​ស្ថានីយ​ប្រេង ឡុ​ច ចំរើន ត្រូវ​ធ្វើ​ការ​កែតម្រូវ​ជួសជុល​ឡើងវិញ​។​

លោក ញឹម វណ្ណា​រុន បាន​បន្ត​ទៀត​ថា ក្រុមការងារ​មន្ត្រី​មាត្រា​សាស្ត្រ​បាន​ធ្វើ​ការណែនាំ​ដល់​ម្ចាស់​ដេប៉ូ និង​ស្ថានីយ​ប្រេង​ឥន្ធនៈ ធ្វើយ៉ាងណា​ឲ្យ​មាន​និរន្តរភាព នៃ​ការ​លក់​គ្រប់​លីត្រ និង​គោរព​ច្បាប់​។ ចំពោះ​ដេប៉ូ និង​ស្ថានីយ​មួយចំនួន​ដែល​ខុស​ប្រក្រតី​នោះ ខាង​មន្ត្រី​ក្រុមការងារ​ត្រួតពិនិត្យ​បាន​ឲ្យ​ពួក​គាត់​ធ្វើ​កិច្ចសន្យា​ជា​លើក​ទី​១ ដើម្បី​ឲ្យ​ពួកគាត់​ធ្វើការ​ជួស​ជុល​កែតម្រូវ ហើយ​ដេប៉ូ​ណា​មាន​ភាព​ត្រឹម​ត្រូវ​ក្រុមការងារ​បាន​បិទ​សញ្ញា​សម្គាល់​ត្រួតពិនិត្យ​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​ជូន​ផងដែរ​។​

​តែបើ​សិន​ជាមាន​ការលក់​មិន​គ្រប់​លីត្រ លើក​ទី​២ និង​ករណី​រក​ឃើញ​ភាព​មិនប្រក្រតី​នោះ​ទៀត ពួក​គាត់​អាច​ប្រឈមមុខ​នឹង​ការ​ផាក​ពិន័យ ឬ​បញ្ជូន​សំណុំរឿង​ទៅ​ព្រះរាជអាជ្ញា ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​។​

​លោក ញឹម វណ្ណា​រុន បាន​ពន្យល់​ថា ការលក់​មិន​គ្រប់​លីត្រ​ពី​តាម​បណ្តា​ស្ថានីយ ​ឬ​ដេប៉ូ ​មាន​ហេតុ​ផល​៣ ទី​១-​អាច​ថៅកែ​ប្រេង លួច​លីត្រ​ពី​កុង​ទ័​រ​តែម្តង​។ ទី​២-​អាច​បុគ្គលិក​លក់​ប្រចាំ​ការ​បំភ័ន្ត​ភ្នែក​លើ​កុង​ទ័​រ​តែម្តង។ ៣.​ប្រហែល​អាចមកពី​ការ​ផ្គត់ផ្គង់​មិន​គ្រប់​លីត្រ​របស់​ក្រុមហ៊ុន​ប្រេង​ជូន​ទៅ​ម្ចាស់​ស្ថានីយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu