ភ្នំពេញ ៖ អ្នកនាំពាក្យបានអះអាងថា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ គឺមានគណបក្ស២០ ចូលរួម ហើយក្រោយពីការប្រកាសលទ្ធផលផ្លូវការ បានបង្ហាញថា គណបក្សនីមួយនីមួយៗសុទ្ធតែទទួលបានសំឡេងគាំទ្រ គ្រាន់តែតិច និងច្រើនប៉ុណ្ណោះ ដូច្នេះលទ្ធផលនេះ បញ្ជាក់អំពីលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរួចទៅហើយ មិនមែនជាលទ្ធផលឯកបក្សនោះទេ ហើយសភាអាណត្តិថ្មីនេះ មិនយោគយល់ចំពោះមន្ត្រីអសកម្មនោះទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្តីពីលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅសណ្ឋាគារសូហ្វីតែល ដោយមានការចូលរួមពីអង្គការជាតិ អន្តរជាតិ និងតំណាងស្ថានទូតមួយចំនួនផងដែរ។
ថ្លែងទៅកាន់អ្នកចូលរួម អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រកាសទទួលយកលទ្ធ ផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ ពីព្រោះលទ្ធផលនេះ បានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈ និងបំណងប្រាថ្នា ដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ក្នុងការរួបរួមគ្នាថែរក្សារាល់សមិទ្ធផលរបស់ជាតិ បន្តជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងលើកស្ទួយជីវភាពរបស់នៅរបស់ខ្លួន។
ព្រមជាមួយនេះ តាមរយៈលទ្ធផល នៃការបោះឆ្នោត ក៏បានធ្វើអោយឧបាយកលពិសពុលរបស់ពួកប្រឆាំងខុសច្បាប់ និងមជ្ឈដ្ឋានអគតិនៅខាងក្រៅមួយចំនួន ដែលតែងតែមួលបង្កាច់សភាពការណ៍ពិត ប៉ុនប៉ងបង្កអស្ថិរភាព និងបំផ្លាញដំណើរការប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។
ឆ្លើយតបសំណួរអ្នកសារព័ត៌មាន ទាក់ទងការចោទប្រកាន់មួយចំនួនដែលថា បើមានតែសមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជាតែមួយ នឹងក្លាយជាសភាឯកបក្ស លោក សុខ ឥសាន បានអះអាងថា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ គឺមានគណបក្ស២០ បានចូលរួម ហើយក្រោយពីការប្រកាសលទ្ធផល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ បានបញ្ជាក់ថា គណបក្សនីមួយៗ សុទ្ធតែទទួលបានសំឡេងគាំទ្រ គ្រាន់តែតិច និងច្រើនប៉ុណ្ណោះ ហើយលទ្ធផលនេះបញ្ជាក់អំពីលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរួចទៅហើយ ប៉ុន្តែដើម្បីទទួលបានអាសនៈនៅក្នុងរដ្ឋសភា គឺត្រូវអនុវត្តរូបមន្ត ដែលបានចែងនៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដូច្នេះលទ្ធផល ដែលចេញពីរូបមន្តនៅក្នុងច្បាប់នេះ យើងមិនអាចប្រកែកបានទេ ហើយលទ្ធផលចេញទៅគណបក្ស ដែលឈ្នះឆ្នោត ត្រូវតែអនុវត្តតាមស្មារតី និងឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយលទ្ធផលនេះ មិនមែនជាលទ្ធផលឯកបក្សនោះទេ។
តាមលោក សុខ ឥសាន អះអាងថា យើងមិនបានចាប់បង្ខំប្រជាពលរដ្ឋនោះទេ ដែលមាន៧ ឬ ៨ លាននាក់បានសំដែងឆន្ទៈ ដូច្នេះកុំឲ្យចោទថា សភាឯកបក្ស ការឯកបក្ស ឬមិនឯកបក្សមិនឋិតនៅលើបញ្ហាហ្នឹងទេ ពីព្រោះ ទីមួយ ការបោះឆ្នោតមានគណបក្ស២០ចូលរួម ទី២ លទ្ធផលគណបក្សទាំង២០ ដែលប្រកួតប្រជែងសុទ្ធតែទទួលលទ្ធផលទាំងអស់ ដូច្នេះបញ្ជាក់ពីចរិតប្រជាធិបតេយ្យសេរីពហុបក្សទៅហើយ តែត្រង់បក្សណាមួយជាប់ឆ្នោត ដាច់តែឯងនោះ ជាលទ្ធផលទៅតាមរូបមន្ត ដែលមានចែងនៅក្នុងច្បាប់ស្តីពីការបោះឆ្នោត។ កន្លងទៅយើងឃើញហើយ នីតិកាលទី៦ សភាពហុបក្ស គ្រាន់តែមានឈ្មោះថាពហុបក្សប៉ុណ្ណោះ តែអត់មានពហុបក្សផង ពីព្រោះ៥៥រូប នៃអតីតគណបក្សប្រឆាំង មកបើកប្រាក់ខែ ប៉ុន្តែនៅពេលចូលធ្វើការ គឺធ្វើពហិការហូត។
ចំណែកលោក ឈឹម ផលវរុណ បានថ្លែងថា របបសេរីពហុបក្សមិនមែនសំដៅទៅលើតួលេខនៃគណបក្ស នៅក្នុងរដ្ឋាភិបាល និងនៅក្នុងសភានោះទេ របបសេរីពហុបក្ស គឺសំដៅទៅលើប្រព័ន្ធនយោបាយ និងសង្គម ដែលនៅកម្ពុជាប្រព័ន្ធនយោបាយរបស់យើងមានចម្រុះគណបក្ស ហើយនៅក្នុងសង្គមមានលក្ខណៈសេរី ពហុនិយម។ ឯរឿងការទទួលបាននូវនីត្យានុកូលភាព ក្នុងភាពជាតំណាង នឹងភាពដឹកនាំរដ្ឋាភិបាល ក្នុងនីតិកាលនីមួយៗ គឺឆ្លងកាត់ឆន្ទៈរាស្ត្រដែលបានសម្រេចនៅលើសន្លឹកឆ្នោត មិនមែនឆ្លងកាត់ដោយសារតែអ្នកណាថានោះទេ គឺរាស្ត្រជាអ្នកថា។ ដូច្នេះបើប្រជាពលរដ្ឋត្រូវការបក្សច្រើន យើងគោរពឆន្ទៈរាស្ត្រ បើរាស្ត្រត្រូវការគណបក្សតែ២ យើងគោរពឆន្ទៈរាស្ត្រ ហើយបើរាស្ត្រត្រូវការរដ្ឋាភិបាលមួយ ដែលមានគណបក្សតែមួយ យើងក៏ត្រូវគោរពឆន្ទៈរាស្ត្រផងដែរ ហើយកន្លងមក ប្រជាពលរដ្ឋ ក៏បានសាកល្បងរួចហើយ នៅក្នុងសភាដែលមានគណបក្សច្រើន មានគណបក្សប្រឆាំង ប៉ុន្តែធ្វើឲ្យប្រជាពលរដ្ឋឆ្អែតនឹងគណបក្សប្រឆាំង គឺមិនមែនជាគណបក្សប្រឆាំងរិះគន់ក្នុងន័យដើម្បីស្ថាបនានោះទេ គឺជាគណបក្សបញ្ឆេះ ហើយមិនចូលធ្វើការអង្គុយចាំទៅបើកប្រាក់ខែ ដូច្នេះប្រជាពលរដ្ឋ ក៏មិនផ្ដល់ទំនុកចិត្តទៅលើគណបក្សប្រឆាំងបែបនេះតទៅទៀតដែរ តែសង្ឃឹមថា ថ្ងៃណាមួយនឹងមានគណបក្សប្រឆាំងដែលមានចរិតល្អ។
រីឯលោក សួស យ៉ារ៉ា បានលើកឡើងដែរថា នៅក្នុងនីតិកាលនេះ ថ្វីត្បិតតែឆន្ទៈរបស់ប្រជាពលរដ្ឋផ្ដល់នីត្យានុកូលភាព ក្នុងការដឹកនាំប្រទេសតំណាងតែគណបក្សមួយ នៅក្នុងរដ្ឋសភា ប៉ុន្តែសម្ដេចនាយករដ្ឋមន្ត្រី មានសុឆន្ទៈ ក្នុងការផ្តល់លទ្ធភាពជូនគណបក្សនយោបាយ ដែលបានចូលរួមក្នុងការបោះឆ្នោត អាចផ្ដល់នូវអនុសាសន៍ផ្សេងផ្សេងៗនៅក្រៅប្រព័ន្ធសភា។
លោក សុខ ឥសាន បានអះអាងដែរថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងប្ដេជ្ញាខិតខំកែប្រែកម្មវិធីនយោបាយរបស់គណបក្សឲ្យក្លាយទៅជាលទ្ធផលជាក់ស្ដែង ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ លោកបញ្ជាក់ថា ក្នុងនាមជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យើងមានសុទិដ្ឋិនិយមលើការប្ដេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកែប្រែកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឲ្យទៅជាលទ្ធផលជាក់ស្ដែងនៃជ័យជម្នះ ដើម្បីបុព្វហេតុជាតិ និងប្រជាជនរបស់យើង។
លោកបង្ហាញភាពជឿជាក់ថា គណបក្សប្រជាជនកម្ពុជា មិនមានអ្វីស្ទាក់ស្ទើរឡើយ ពោលគឺមានសុទិដ្ឋិនិយមពេញទី ក្នុងការទទួលលទ្ធផលជ័យជម្នះ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មី អាណត្តិទី៦ នឹងបង្កើនប្រសិទ្ធភាពក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យបន្តរីកចម្រើនទៅមុខ ហើយយន្តការដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តនោះ បាននឹងកំពុងចេញដំណើរប្រកបដោយភាពរលូន ដូចជា យន្តការច្រកចេញ-ចូលតែមួយ យន្តការបើកប្រាក់បៀវត្ស តាមប្រព័ន្ធធនាគារជាដើម។
ដោយឡែកទាក់ទងសំណួរអ្នកសារព័ត៌មានអំពីលទ្ធភាពនៃការកោះហៅរដ្ឋមន្ត្រីអសកម្មមួយចំនួនមកសាកសួរនៅក្នុងសភានោះ អ្នកនាំពាក្យបានអះអាងថា បើទោះរដ្ឋសភាអាណត្តិទី៦នេះ មានតែតំណាងរាស្ត្រមកពីគណបក្សប្រជាជនយ៉ាងណាក្តី តែនឹងមិនមានការយោគយល់ចំពោះរដ្ឋមន្ត្រីមានភាពអសកម្មក្នុងការងារនោះឡើយ ហើយនឹងកោះហៅមកសួរនាំក្នុងរដ្ឋសភាពេលមានភាពអសកម្មខ្លាំងក្នុងការងារ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោក សុខ ឥសាន បញ្ជាក់យ៉ាងដូច្នេះថា “ទោះបីគណបក្សនៅក្នុងសភាមានគណបក្សប្រជាជនតែមួយក៏ដោយ ក៏រដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាហ្នឹង មិនមានការធ្វើវិសោធនកម្មកែនោះទេ។ អ៊ីចឹងនៅក្នុងបទបញ្ញត្តិទាំងឡាយ ដែលមានចែងក្នុងមាត្រានៅរដ្ឋធម្មនុញ្ញរបស់យើង គឺបើកផ្លូវតួនាទីភារកិច្ចរបស់អង្គនីតិបញ្ញត្តិរបស់យើងមានសិទ្ធិអញ្ជើញរដ្ឋមន្ត្រី បានន័យថា សមាជិករាជរដ្ឋាភិបាលមកសួរ។ អាហ្នឹងជារឿងធម្មតាទេ តួនាទីភារកិច្ចមានហើយ គណបក្សប្រជាជនកាន់តែមានការលើកទឹកចិត្ត ដើម្បីអនុវត្តន៍ឲ្យបានត្រឹមត្រូវទៅតាមខ្លឹមសារដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។ អាហ្នឹងយើងត្រូវធ្វើទៅតាមកម្មវិធីជាប្រក្រតីរបស់យើងដែលមានចែង”។
លោកបន្ថែមថា សូមកុំមានការព្រួយបារម្ភ ទោះបីបក្សតែមួយក៏ដោយក៏យើងនឹងបំពេញតួនាទីនេះឲ្យបានប្រកបដោយប្រសិទ្ធភាព ហើយសម្តេចតេជោ ហ៊ុន សែន ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា លោកបានលើកហើយ គឹកាន់តែបង្កើនការយកការទទួលខុសត្រូវទ្វេដងថែមទៀត ដើម្បីធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាបការងាររបស់បណ្តាស្ថាប័នរួមមាន ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ គឺរាជរដ្ឋាភិបាល និងតុលាការ។
សូមបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជានាព្រឹកនោះ ក៏បានអាននូវលិខិតអបអរសាទរពីអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ពីជុំវិញពិភពលោក ដែលបានចូលរួមសង្កេតការណ៍ និងបណ្តាប្រទេសជាមិត្ត ប្រមាណជាង៣០ប្រទេស ចំពោះសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតនេះផងដែរ ហើយលិខិតបានលើកឡើងប្រហាក់ប្រហែលគ្នា ក្នុងន័យអបអរសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យ នៅក្នុងការបោះឆ្នោត។
លិខិតរបស់លោក ស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីសចិន បានសរសេរថា ខ្ញុំរីករាយដោយបានដឹងថា គណបក្សប្រជាជនកម្ពុជាបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ខ្ញុំសប្បាយរីករាយ ខ្ញុំតំណាងឲ្យគណៈកម្មាធិការកណ្ដាលគណបក្សកុម្មុយនីស្តចិន និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសំដែងនូវការអបអរសាទរចំពោះសម្ដេច និងគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា។ យើងខ្ញុំសប្បាយរីករាយដោយឃើញថា ប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ជាប្រមុខស្ថានការណ៍នយោបាយនៅកម្ពុជា រក្សាបាននូវស្ថេរភាព សេដ្ឋកិច្ចមានការរីកចម្រើនយ៉ាងឆាប់រហ័ស ឋានៈអន្តរជាតិត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ការស្ថាបនាក្នុងគ្រប់វិស័យសុទ្ធតែបានទទួលសមិទ្ធផលជាផ្លែផ្កា យើងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការងារនេះ។ យើងខ្ញុំជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងបន្តស្មារតី និងដឹកនាំប្រជាជនកម្ពុជាដើរតាមមាគ៌ាអភិវឌ្ឍន៍ ដែលសមស្របនឹងសភាពការណ៍របស់ប្រទេសខ្លួន និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកែលម្អជីវភាពរស់នៅរបស់ប្រជាជនជាបន្តបន្ទាប់ បង្កើនសាមគ្គីភាពគ្រប់ជនជាតិ ដើម្បីរួមចំណែកកាន់តែធំទូលំទូលាយសម្រាប់ភាពសម្បូររុងរឿង និងសុភមង្គលប្រជាជនស្ថេរភាព និងវឌ្ឍនភាពរបស់តំបន់។
លោក ស៊ីជីនភីង សរសេរទៀតថា គណបក្សកុម្មុយនីស្តចិន យកចិត្តទុកដាក់កម្រិតខ្ពស់ ទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការមេត្រីភាព ជាមួយគណបក្សប្រជាជនកម្ពុជា រីករាយចិត្ត និងបង្កើនការផ្លាស់ប្ដូររវាងគណបក្សទាំងពីរ និងបង្កើនការណែនាំខាងនយោបាយសម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ ធ្វើឲ្យការផ្លាស់ប្ដូរបទពិសោធន៍ អភិបាលកិច្ចរបស់បក្ស និងរដ្ឋ កាន់តែស៊ីជម្រៅ ជំរុញឲ្យកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បន្តរីកចម្រើនទៅមុខឥតឈប់ឈរ រួមគ្នាជំរុញកសាងសហគមន៍ វាសនារួមមនុស្សជាតិ ដើម្បីនាំមកនូវសុភមង្គលជូនប្រទេសទាំងពីរ និងប្រជាជនទាំងពីរជំរុញអោយមានភាពរុងរឿង និងការរីកចម្រើននៅក្នុងតំបន់ និងពិភពលោក។
ចំណែកលិខិតរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី លោក លី ស៊ានឡុង (Lee Hsien Loong) ដែលផ្ញើជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា សូមអបអរសាទរចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨។ ជោគជ័យនេះ គឺជាសក្ខីភាពបញ្ជាក់អំពីការដឹកនាំ និងឆន្ទៈរបស់សម្ដេច ក្នុងការធានាឲ្យបាននូវវិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាជនរបស់សម្ដេច។ សិង្ហបុរី និងកម្ពុជា រីករាយចំពោះចំណងមិត្តភាពដ៏ល្អ និងយូរអង្វែង។ ខ្ញុំរង់ចាំធ្វើការជាមួយសម្រេច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យថែមទៀត និងលើកម្ពស់អាស៊ាន ដែលប្រកបដោយនវានុវត្តភាពនិងភាពរឹងមាំ៕
Source: Kampuchea Thmey Daily
0 Comments