យុវជនថ្នាល់បាល់ទាត់របស់អង្គការផ្កាយសមុទ្រ បានបរាជ័យក្នុងប្រកួតផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ SATUC World Cup 2018 ដែលធ្វើឡើងនៅប្រទេសប៊ុលហ្គារី រយៈពេល៥ថ្ងៃ ពោលគឺបានត្រឹមជើងឯករង ក្រោយចាញ់ក្រុមមកពីប្រទេសស៊ីរី ដោយបាល់ប៉េណាំងទីកាត់សេចក្តី។
លោក ខេង បញ្ញា ដែលជាគ្រូបង្វឹករបស់ក្រុមកម្ពុជា មួយនេះបានលើកឡើងថា លទ្ធផលប្រចាំជម្រុះក្នុងពូលរបស់ក្រុមលោកមានដូចជា ទី១) កម្ពុជា ឈ្នះឥណ្ឌូណេស៊ី ១ទល់០ ហើយបន្តឈ្នះក្រុមអ៊ីរ៉ាក់ ២ទល់០ ខណៈប្រកួតទី៣កម្ពុជា ស្មើគ្នាជាមួយក្រុមមកពីស៊ីរី ០ទល់០។ តែចូលដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ក្រុមកម្ពុជា បានយកឈ្នះលើប៉េរ៉ូ ៤ទល់៣ ខណៈនៅវគ្គផ្តាច់ព្រ័ត្រកម្ពុជា បានប្រកួតស្មើជាមួយស៊ីរី ១ទល់១ តែត្រូវចាញ់ដោយទាត់បាល់ប៉េណាំងទីកាត់សេចក្តី ៣ទល់២។
មុនចេញដំណើរលោក អ៊ឹម សុភ័ក្កមករា ដែលជាអ្នកដឹកនាំក្រុមបានលើកឡើងថា កម្មវិធីប្រកួតបាល់ទាត់លក្ខណៈហ្វូតសាលដែលលេងលើស្មៅធម្មជាតិនេះមានប្រទេសចូលរួមចំនួន១៦ប្រទេស ហើយក្នុងតំបន់អាស៊ីអាគ្នេយ៍នេះមានតែប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី ប៉ុណ្ណោះដែលចូលរួម។ លោកបន្តថា ពានរង្វាន់នេះគឺដើម្បីផ្តល់ឱកាសឲ្យពួកយុវជនដែលស្រលាញ់បាល់ទាត់នៅតាមបណ្តាអង្គការប្រទេសតំបន់អាស៊ី និងអឺរ៉ុបដែលមិនមានឱកាសបញ្ចេញសមត្ថភាពក្នុងកម្មវិធីបាល់ទាត់ធំ ឲ្យពួកទទួលបានឱកាសបញ្ចេញសមត្ថភាពតាមរយៈការប្រកួតប្រជែងនៅក្នុងកម្មវិធីប្រកួតពានរង្វាន់មួយនេះ។
ប្រភពបន្តថាតាមរយៈកម្មវិធីមួយនេះ បានផ្តល់ឱកាសដល់កុមារកម្ពុជាដែលនៅតាមបណ្តាអង្គការទទួលបានចំណេះដឹងផ្នែកបាល់ទាត់កាន់តែប្រសើរ ហើយទាំងធ្វើអោយពួកគេបានមានឱកាសបញ្ចេញនៅសមត្ថភាព និងបញ្ជាសពួកគេអោយឃ្លាតឆ្ងាយពីគ្រឿងញៀន និងអំពើអប្បាយមុខផ្សេងៗផងដែរ។
កីឡាករដែលចេញដំណើរទៅប្រកួតមាន គ្រឿង ឆានី,ថោង រតនា,ប៉ិង ខ្វី,ហួន ប៉ុន,ឡាក់ មេត្តា,វង្ស សត្យា,កង ធីកា,ឆាង សុធា។ ចំណែកថ្នាក់ដឹកនាំមានលោក អ៊ឹម សុភ័ក្កមករា និងខេង សុបញ្ញា។ ចំណែកប្រទេសដែលចូលរួមមានប៊ុលហ្គារី,អេហ្ស៊ីប,នីហ្សេរីយ៉ា,ប៉េរ៉ូ,ប៉ាឡេស្ទីន,ប៊ូស្នី,កូឌីវ័រ,ស៊ីរី,អ៊ីរ៉ាក់,មិចស៊ីកូ,កាម៉េរូន,ឥណ្ឌូណេស៊ី,យេម៉ែន,ម៉ូណាកូ,លីប្យី។
សូមបញ្ជាក់ថា កម្មវិធីប្រកួតបាល់ទាត់SATUC World Cup 2018 ដំណើរការប្រកួតផ្លូវការនៅថ្ងៃ ទី១២ ខែ រហូតដល់ថ្ងៃ ទី១៧ ខែ សីហា ឆ្នាំ២០១៨។ ការប្រកួតនេះមានកីឡាករម្ខាង៥នាក់ដោយប្រើប្រាស់ទីលាននៅខាងក្រៅ ខណៈកីឡាករមកពី១៦ប្រទេសមាន១២៨នាក់៕
Source: Kampuchea Thmey Daily
0 Comments