Ad Code

រាជរដ្ឋាភិបាល ​ដាក់​ចេញ​វិធាន​១២​ចំណុច​ ដើម្បី​ឱ្យ​ការ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​ប្រព្រឹត្តទៅ​ជោគជ័យ



ភ្នំពេញ​ ៖​ រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ដាក់​ចេញ​វិធាន​១២​ចំណុច ដើម្បី​ឱ្យ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​ឆ្នាំនេះ​ប្រព្រឹត្តទៅ​ជោគជ័យ ​និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់។

យោង​តាម​សារាចរ​ណែនាំ​ស្ដីពី ការរៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅថា​បាក់​ឌុប​របស់​រាជរដ្ឋាភិបាល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២០​ ខែ​កក្កដា ​ឆ្នាំ​២០១៨ ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ធានា​ដល់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះដឹង​ទូទៅ និង​បំពេញវិជ្ជា​ដែល នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​២០ ខែសីហា ខាងមុខ​ប្រកបដោយ​ជោគជ័យ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ រាជរដ្ឋាភិបាល​សូម​ណែនាំ​ដល់​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នានា អាជ្ញាធរ​ដែនដី ព្រមទាំង​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​មាតាបិតា ឬ​អាណាព្យាបាល បេក្ខជន និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​អនុវត្ត​តាម​ការណែនាំ​ចំនួន ១២​ចំណុច​សំខាន់ៗ​។​

ក្នុង​នោះ​រួមមាន​ក្រសួង​អប់រំ​ត្រូវ​រៀបចំ​មណ្ឌល​ប្រឡង​នៅ​តាម​រាជធានី ទី​រួម​ខេត្ត​និង​ស្រុក​ធំៗ​នៃ​ខេត្ត​មួយចំនួន​ដោយ​ជ្រើស​រើស​យក​គ្រឹះស្ថានសិក្សា ​ដែល​មាន​បរិស្ថាន​ល្អ អគារ​រឹងមាំ មាន​បណ្ដាញ​ទឹក​ភ្លើង​ និង​ផ្សព្វផ្សាយ​ណែនាំ​នូវ​កម្រង​ភារកិច្ច​របស់​គណៈមេប្រយោគ​ដល់​បុគ្គលិក​អប់រំ​ដែល​បាន​ចូលរួម​ធ្វើ​គណៈមេប្រយោគ​ប្រឡង​នៅ​គ្រប់​ដំណាក់កាល​នៃ​ការប្រឡង​បទ​បញ្ញត្តិ​ទូទៅ​សម្រាប់​បេក្ខជន​និង​បទ​បញ្ញត្តិ ​និង​កម្រិត​វិន័យ​សម្រាប់​បេក្ខជន​នៅពេល​ប្រឡង​ដល់​បេក្ខជន​ឲ្យ​បាន​យល់ដឹង​និង​គោរព​អនុវត្ត​ឲ្យ​បានល្អ​។​

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញវត្ថុ​ត្រូវ​បើក​ផ្តល់​បុរេប្រទាន​ថវិកា​ប្រឡង​ស្រប​ទៅ​តាម​គោលការណ៍​ចំណាយ​ ដែល​ប្រកាស​ដោយ​អន្តរក្រសួង​ជាមួយ​ក្រសួង​អប់រំ​ឲ្យ​បាន​ទាន់​ពេលវេលា​និង​សហការ​ជាមួយ​ក្រសួង​អប់រំ​ដើម្បី​ពិនិត្យ​លទ្ធភាព​បង្កើន​ការឧបត្ថម្ភ​ថវិកា​ពាក់ព័ន្ធ​តាម​ការចាំបាច់ ​និង​ទៅតាម​លទ្ធភាព​ថវិកា​។​

អាជ្ញាធរ​ដែនដី​រាជធានី​ខេត្ត​ត្រូវ​រៀបចំ​កងកម្លាំង​ការពារ​សន្តិសុខ​សុវត្ថិភាព ​និង​រក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ​នៅ​តាម​មណ្ឌល​ប្រឡង​នីមួយៗ​ក្នុង​រាជធានី​ខេត្ត​។​ ទប់ស្កាត់​នូវ​ការ​ថត​ចម្លង​សំណៅ​ឯកសារ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​ប្រឡង​ និង​បាតុភាព​មិន​ប្រក្រតី​នានា​ ដែល​អាច​កើតឡើង​ជាយថាហេតុ​។​ រក្សាទុក​ និង​ប្រគល់​ជួន​វិញ​នូវ​ឧបករណ៍​អេ​ឡេច​ត្រូ​និ​ច​គ្រប់​ប្រភេទ​ដែល​គណៈមេប្រយោគ​បាន​ដកហូត​ពី​បេក្ខជន​។​ សម្រួល​ចរាចរណ៍​ដើម្បី​ឲ្យ​បេក្ខជន​មក​ចូលរួម​ប្រឡង​បាន​ទាន់ពេលវេលា​។​ជួយ​សម្រួល​ដល់​ម្ចាស់​ផ្ទះសំណាក់​និង​សណ្ឋាគារ​សម្រាប់​មេ​ប្រយោគ​និង​បេក្ខជន​ស្នាក់នៅ​កុំ​ឲ្យ​ដំឡើង​ថ្លៃ​នៅពេល​ប្រឡង​ក៏ដូចជា​ការផ្តល់​សន្តិសុខ​សុ​វត្ថិភាព​ក្នុងកំឡុងពេល​នៃ​ការ​ស្នាក់នៅ​។​

អង្គ​ភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវ​គ្រប់គ្រង​និង​ជ្រើសរើស​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ពី​សមាគម សង្គម​ស៊ីវិល​និង​បុគ្គល​ឯកជន​ដើម្បី​ចូលរួម​សង្កេតការណ៍​នៅ​គ្រប់​ដំណាក់កាល​នៃ​ការប្រឡង​រួមមាន​ដំណើរការ​សំណេរ ដំណើរការ​កំណែ ស្រង់​បូក​ពិន្ទុ​តាម​កុំព្យូទ័រ​និង​ការផ្ទៀងផ្ទាត់​លទ្ធផល​ប្រឡង។

ចំណែក​ក្រសួងសុខាភិបាល​ត្រូវ​រៀបចំ​បុគ្គលិក​ប្រចាំការ​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ​រាជធានី​ខេត្ត​ និង​ប្រដាប់​ដោយ​បរិក្ខារ ​និង​ថ្នាំពេទ្យ​ចាំបាច់​ដើម្បី​បម្រើ​ដល់​កិច្ចសង្គ្រោះ​បឋម​ និង​ត្រៀម​ដាក់​រថយន្ត​សង្គ្រោះ​បឋម​នៅ​តាម​មណ្ឌល​ប្រឡង​ធំៗ​មួយចំនួន​នៅ​តាម​ទីតាំង​ដែល​អាច​ចល័ត​ពី​មណ្ឌល​មួយ​ទៅ​ម​ណ្ឌល​មួយទៀត​បាន​តាម​ការចាំបាច់​។​

រីឯ​ក្រសួង​ព័ត៌មាន​វិញ​ត្រូវ​ណែនាំ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​និង​ឯកជន​ផ្សព្វផ្សាយ​បទបញ្ញត្តិ​ទូទៅ​សម្រាប់​បេក្ខជន​និង​បទ​បញ្ញត្តិ​ និង​កម្រិត​វិន័យ​ចំពោះ​បេក្ខជន​ដែល​ប្រព្រឹត្ត​ខុស​ឆ្លង​នៅពេល​ប្រឡង​ដោយ​ផ្សព្វផ្សាយ​យ៉ាងតិច​៣​ដង​ក្នុង​១​ថ្ងៃ​ក្នុង​រយៈពេល​១​សប្តាហ៍​។​ ទន្ទឹមនឹងនេះ​ក្រសួង​ត្រូវ​រៀបចំ​ឲ្យ​មាន​វេទិកា​វិទ្យុ​ដើម្បី​ឲ្យ​អ្នក​ស្តាប់​បាន​សាកសួរ​សំណួរ​ផ្តល់​មតិយោបល់ ទាក់ទិន​នឹង​ការប្រឡង​យ៉ាងតិច​ម្តង​មុនពេល​ប្រឡង​១​សប្តាហ៍​។​

ចំពោះ​អគ្គិសនី​កម្ពុជា​ត្រូវ​រក្សា​ស្ថេរភាព​ចរន្ត​នៅតាម​មណ្ឌល​សំណេរ​និង​កំណែ​នៅ​ទូទាំងប្រទេស​។​
​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ត្រូវ​រួមចំណែក​ឧបត្ថម្ភ​គាំទ្រ​ដល់​ការបង្រៀន​បំប៉ន​បង្កើន​សមត្ថភាព​ដល់​សិស្ស​ថ្នាក់​ទី​១២​ដើម្បី​ត្រៀមប្រឡង​និង​បន្ត​ការឧបត្ថម្ភ​តាម​លទ្ធភាព​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ដល់​មាតាបិតា​ឬ​អាណាព្យាបាល​សិស្ស​ពិសេស​មកពី​គ្រួសារ​ក្រីក្រ​សម្រាប់​ចំណាយ​លើ​មធ្យោបាយ​ធ្វើដំណើរ​និង​ការ​ស្នាក់នៅ​នៅក្នុង​កំឡុងពេល​ប្រឡង​។​

គួរ​បញ្ជាក់ថា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​នៅ​ឆ្នាំនេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២០​សីហា​ឆ្នាំ​២០១៨​ខាងមុខ​ដោយមាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន​១១៧ ០៦១​នាក់​កើនឡើង​ជាង​ឆ្នាំមុន​១៣៩៤៩​នាក់​និង​មាន​១៩៥​មណ្ឌល​ចែកជា​៤៧១៦​បន្ទប់​នៅតាម​រាជធានី​ខេត្ត​ទូទាំងប្រទេស ។​

ចំពោះ​លទ្ធផល​នៃ​ការប្រឡង​វិញ​ក្រសួង​នឹងធ្វើ​ការប្រកាស​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ​នៅ​រសៀល​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៨​សម្រាប់​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​និង​នៅ​ថ្ងៃទី​១២​កញ្ញា​ឆ្នាំ​២០១៨​នៅតាម​មណ្ឌល​ផ្សេងៗ​ទៀត​។​

ថ្លែង​នៅក្នុង​​​ស​ន្និសីទ​កាសែត​មួយ​ស្តីពី​ការរៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យ​សិក្សា​ទុតិយភូមិ​កាលពីដើម​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​លោក​បណ្ឌិត សភាចា​រ្យ ហង់​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​ក្រសួង​បានធ្វើការ​កែសម្រួល​បន្ថែ​ម​មួយចំនួន​ទៅលើ​បទ​បញ្ញត្តិ​មួយចំនួន​ដើម្បី​ឲ្យ​ការប្រឡង​មាន​សុក្រិត្យភាព យុត្តិធម៌​និង​អាច​ទទួលយកបាន​ទាំងអស់គ្នា​។​

លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួនណា​រ៉ុ​ន​បាន​បន្ថែមថា​ចំពោះ​វិធានការ​សម្រាប់​បេក្ខជន​ប្រឡង​វិញ​រួមមាន​ក្នុងករណី​បេក្ខជន​យក​សំណៅ​ឯកសារ​ប្រឡង សៀវភៅសរសេរ ទូរស័ព្ទដៃ​ចូល​មណ្ឌល​ប្រឡង​ឬ​មាន​អាកប្បកិរិយា​មិន​សមរម្យ​ឬ​បង្ក​ជំលោះ​នៅក្នុង​មណ្ឌល​ប្រឡង លួច​ចំលង​ឬ​យក​សំណៅ​ឯកសារ​ពី​អ្នក​ដ៏​ទៃ​យកមក​ដាក់​នៅលើ​តុ​របស់ខ្លួន អើតមើល​ពេល​ប្រឡង ប្រើប្រាស់​ទូរស័ព្ទដៃ​និង​ឧបករណ៍​អេ​ឡេច​ត្រូ​និ​ច​គ្រប់​ប្រ ភេទ អង្គុយ​ខុស​លេខ​តុ​ឬ​រំកិល​តុ​ជាប់​គ្នា​ដូរ​កិច្ច​ការប្រឡង​គ្នា​នឹង​ទទួលបាន​ពិន្ទុ​សូន្យ​ឬ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​។​

ក្នុងករណី​បេក្ខជន​ប្រឡង​ដើរ​ចុះ​ដើរ​ឡើង​ដោយ​មិនមាន​ការអនុញ្ញាត ហែកក្រដាស​កិច្ចការ​ប្រឡង​មិន​ឲ្យ​មេ​ប្រយោគ ផ្លាស់ប្តូរ​កន្លែង​អង្គុយ​ដោយ​ខ្លួនឯង ឲ្យ​ក្រដាស​កិច្ចការ​របស់ខ្លួន​ឲ្យ​អ្នក​ដ៏​ទៃ​ចំលង​ឬ​សរសេរ​ចំណាំ​នៅលើ​ក្រដាស​កិច្ច​ការប្រឡង​ឬ​បង្ក​ជំលោះ​ជាដើម​នឹងត្រូវ​ប្រឈម​នឹង​ការធ្លាក់​ហើយ​ហាម​មិន​ឲ្យ​ចូលរួម​ប្រឡង​១​ឆ្នាំ​ទៀតផង​។​

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ធ្ងន់ធ្ងរ​ជាងនេះទៀត​ក្នុងករណី​បេក្ខជន​យក​អាវុធជាតិផ្ទុះ​ចូល​មណ្ឌល​ប្រ​ឡ ង​ឬ​ឲ្យ​អ្នក​ដ៏​ទៃ​ប្រឡង​ជំនួស​ខ្លួន​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​និង​ហាម​មិន​ឲ្យ​ប្រឡង​២​ឆ្នាំ​។​ចំណែក​អ្នក​ប្រឡង​ជំ​នួ ស​គេ​ត្រូវ​ប្រឈម​នឹង​តុលាការ​ក្នុង​បទ​ក្លែង​ឯកសារ​សាធារណៈ​។​

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា​ចំពោះ​បុគ្គលិក​អប់រំ​ក៏​ទទួលពិន័យ​ដូច​បេក្ខជន​ប្រឡង​ដែរ​ដូចជា​មេ​ប្រយោគ​ពេល​ឃើញ​បេក្ខជន​លួច​ចំលង​គ្នា​ហើយ​មិន​ចាច់​នោះ​គ្រូ​ទាំងនោះ​នឹងត្រូវ​ទទួលរង​ការពិន័យ​ជា​ផ្ទាល់មាត់​និង​ហាម​មិន​ឲ្យ​ធ្វើ​មេ​ប្រយោគ​រយៈពេល​១​ឆ្នាំ​។​ក្នុងករណី​គ្រូ​ជួយ​ធ្វើ​វិញ្ញាសារ​ឲ្យ​សិស្ស ទទួល​សំណូក ឬ​រៀបចំ​ជា​ចំលើយ​វិ​ញ្ញា​ប្រឡង​អាច​ប្រឈម​នឹង​ការបណ្តេញ​ចេញពី​ក្រម​ខណ្ឌ​គ្រូបង្រៀន​ឬ​ប្រឈម​នឹង​ផ្លូវ​តុលា ការ​ផងដែរ​។​

ដើម្បី​ឲ្យ​សុ​ក្រិត​ថែមទៀត​នោះ​លោក​បណ្ឌិតសភា​ចា​រ្យ​ហង់​ជួនណា​រ៉ុ​ន​បាន​បញ្ជាក់ថា​ ក្រសួង​បាន​អនុវត្ត​ឲ្យ​ការ​ការពង្រាយ​អ្នកសង្កេតការណ៍​ពី​អង្គភាព​ព​ប្រឆាំង​អំពើពុករលួយ​ជាង​៦​ពាន់​នាក់​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ​ផងដែរ​៕​
 ​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu