កំពង់ចាម ៖ បុរសម្នាក់ តូចចិត្តនឹងខ្លួនមានជំងឺប្រចាំកាយរ៉ាំរ៉ៃយូរពេក បានសម្រេចចិត្ត ធ្វើអត្តឃាត ដោយចង ក នៅដើមស្វាយក្បែរផ្ទះរបស់ខ្លួន បង្កអោយមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិកងតាណឹងទី៦ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីក្រុមគ្រួសាររបស់ជនរងគ្រោះ បានអោយដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នៅចន្លោះម៉ោង23:០០នាទីទៅម៉ោង23:30នៅចំណុចខាងត្បូងផ្ទះជនរងគ្រោះក្រោមដើមស្វាយភូមិកងតាណឹងទី៦ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។
ជនរងគ្រោះ ឈ្មោះ សេង ដេត ហៅម៉ុម ភេទប្រុស អាយុ ៤៦ឆ្នាំ មានប្រពន្ធ ឈ្មោះ នៅ ស៊ីថា អាយុ ៥៣ឆ្នាំ មានកូនចំនួន ០៤នាក់ ក្នុងនោះស្រីចំនួន០២នាក់ មានទីលំនៅភូមិ ឃុំកើតហេតុ។
ជនរងគ្រោះបានយក ខ្សែនីឡុងពណ៌ខ្មៅ មកចងភ្ជាប់ទៅនឹងដើមស្វាយ ធ្វើអត្តឃាតដោយខ្លួនឯង។
តាមការបញ្ជាក់ពីក្រុមគ្រួសារនិងប្រជាពលរដ្ឋក្នុងភូមិបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះមានជំងឺសរសៃប្រសាទផឹកស្រាជាប្រចាំមិនសូវហូបបាយទឹកឡើយ។
ប៉ូលិសបានអោយដឹងថាក្រោយពីទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចបានបង្កើតគណៈកម្មការត្រួតពិនិត្យសាកសព គឺជនរងគ្រោះបានយកខ្សែនីឡុងពណ៌ខ្មៅ ចងភ្ជាប់នឹងដើមស្វាយ ធ្វើអត្តឃាត។
តាមការពិនិត្យសពនៅផ្នែក(ក) របស់សពជនរងគ្រោះ ឃើញមានស្នាមជំរិតខ្សែនីឡុង ក្រៅពីនោះពុំមានស្លាកស្នាមអ្វីប្លែកឡើយ។
គណៈកម្មការបានសន្និដ្ឋានបានថា ឈ្មោះសេង ដេត ពិតជាស្លាប់ដោយធ្វើអត្តឃាតចងកដោយខ្លួនឯងប្រាកដមែនពុំមានការពាក់ព័ន្ធនឹងបល្មើស ព្រហ្មទណ្ឌឡើយ។ ក្រោយពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments