កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥កន្លងទៅនេះ នៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានរៀបចំការប្រឡងយកប័ណ្ណបើកបរតាមការស្នើសុំរបស់សាលាបើកបរ ហេង ចំណាន ដែលមានបេក្ខជនក្នុងខេត្ត និងបេក្ខជនមកពីក្រៅខេត្ត ត្រូវបានមតិមហាជនធ្វើការរិះគន់យ៉ាងខ្លាំង។
ក្នុងពេលកំពុងប្រឡង បេក្ខជនចូលរួមដើម្បីយកប័ណ្ណបើកបរនោះ គេសង្កេតឃើញមានភាពអានាធិបតេយ្យ និងពុករលួយយ៉ាងខ្លាំង ដោយខាងសាលាបើកបរបានបង្គាប់ឲ្យបេក្ខជនបង់ប្រាក់ម្នាក់ៗចំនួន១០ដុល្លារឲ្យគណៈកម្មការទទួលខុសត្រូវការប្រឡងប័ណ្ណបើកបរ និងប្រាប់ឲ្យបេក្ខជនចូលរួមប្រឡងទាំងអស់មិនចាំបាច់គូសគ្រីសលើក្រដាសប្រឡងឡើយ ទុកឲ្យខាងគណៈកម្មការរៀបចំការប្រឡងជាអ្នកគ្រីសឲ្យដោយទទួលបានពិន្ទុល្អបំផុត ពោលគឺមានវត្តមានចូលប្រឡង បង់លុយបន្ថែមឲ្យគណៈកម្មការ គឺជាប់ និងទទួលបានប័ណ្ណបើកបរតែម្តង។
ម្យ៉ាងវិញទៀតពេលប្រឡងដៃចង្កូត «ចូលប្រអប់» មានភាពអាធិបតេយ្យបំផុតដោយខាងគណៈកម្មការអនុញ្ញាតឲ្យបេក្ខជនបើកកញ្ចក់ស្រែកឡូឡា ស៊ីញ៉ូតាមអំពើចិត្ត ហាក់ដូចជាការរៀនបើកបរមិនមែនប្រឡងយកប័ណ្ណបើកបរឡើយ ហើយខាងសាលាបានឲ្យបេក្ខជនបង់លុយចំនួន១០ដុល្លាបន្ថែមទៀតឲ្យទៅខាងគណៈកម្មការផងដែរ។
មជ្ឈដ្ឋានប្រជាពលរដ្ឋបាននិយាយរិះគន់ថា ការប្រឡងយកប័ណ្ណបើកបរខាងលើនេះ មិនមែនជាប្រឡងឡើយ គឺជាការលក់ប័ណ្ណបើកបរតែម្តង។ សំណូមពរដល់មន្ទីរសាធារណៈ មេត្តាមានវិធានការណ៍ត្រួតពិនិត្យឡើងវិញ ព្រោះការប្រឡងបែបនេះវាគ្មានគុណភាព ហើយអ្នកកាន់ប័ណ្ណបើកបរគ្មានការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងបច្ចេកទេសក្នុងការបើកបរច្បាស់លាស់ ជាហេតុបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះសិស្សទាំងអស់មិនចុះទាំងច្បាប់ចរាចរណ៍ និងដៃចង្កូតសព្វគ្រប់ផង គួរផ្អាកចេញប័ណ្ណបើកបរប្រឡងសាជាថ្មី។ ពាក់ព័ន្ធនឹងការរិះគន់ខាងលើនេះ អ្នកយកព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺណាមួយពីខាងគណៈកម្មការរៀបចំការប្រឡងនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបាននៅឡើយទេ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥នេះ៕ ថ្លាង ទូច
0 Comments