Ad Code

លោក​អភិបាលខេត្ត​ជួប​សំណេះសំណាល​ជា​មួយ​គណៈប្រតិភូ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា

សៀមរាប ៖ នៅ​រាត្រី​ថ្ងៃទី ០៨ ខែមករា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ​ខេត្តសៀមរាប​មាន​ធ្វើ​ពិធី​លៀង​សាយភោជន ជូន​ដល់​គណៈប្រតិភូ​គណៈកម្មាធិការ​អូឡាំពិក​ដែល​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ភាពជា​អ្នកដឹកនាំ​សម្រាប់​ស្ត្រី​ក្នុង​វិស័យ​កីឡា​នៅ​អាស៊ី​ដោយមាន​មន្ត្រី​ថ្នាក់ដឹកនាំ​ជា​ស្ត្រី​ចំនួន​២៧​ប្រទេស​ក្នុង​ទ្វីបអាស៊ី។ ក្នុង​ពិធី​លៀង​សាយភោជន​នា​រាត្រី​នោះ ក៏​មាន​វត្តមាន​អញ្ជើញ​ចូលរួម​របស់​លោក ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ អភិបាលខេត្ត លោកស្រី ម៉ក់ វណ្ណ​ស៊ី​ថា អភិបាលរង​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មការ​ស្ត្រី​និង​កីឡា។

បន្ទាប់ពី​កិច្ច​ស្វាគមន៍​របស់​លោក​ជំទាវ​ម៉ក់​វណ្ណ​ស៊ីថា​អភិបាលរង​រាជធានី​ភ្នំពេញ​និង ជា​ប្រធាន​គណៈកម្មការ​ស្ត្រី​និង​កីឡា រួចមក តាងនាម​ឲ្យ​ក្រសួងទេសចរណ៍​និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក​ឃឹម ប៊ុន​សុង​បាន​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃលែង សូម​ស្វាគមន៍​គណៈប្រតិភូ​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​លៀង​សោយ​ភោជន​ប្រកបដោយ​បរិយាកាស​រីករាយ​នៃ​ការ​ជួបជុំ​បណ្តា​ស្ត្រី​ដែល​ជា​អ្នកដឹកនាំ​ក្នុង​វិស័យ​កីឡា​នៅ​អាស៊ី​។ លោក​បាន​គូស​បញ្ជាក់​ថា សិក្ខាសាលា​រយៈពេល​៤​ថ្ងៃនេះ​ជា​ការ​បោះ​ជំ​ហ៊ាន​ទៅមុខ​របស់​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​សមត្ថភាព​ស្ត្រី​ក្នុង​វិស័យ​កីឡា​ស្រប​ទៅ​តាម​គោលនយោបាយ​សមភាព​យេនឌ័រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​តែងតែ​យកចិត្តទុកដាក់​ជំរុញ​ការអនុវត្ត​ឲ្យ​បាន​គ្រប់​ស្ថាប័ន គ្រប់​វិស័យ​ពិសេស​ក្នុង​កិច្ចការ​នយោបាយ​។ ក្នុង​នោះ​ដែរ​លោក ឃឹម ប៊ុន​សុង ក៏បាន​លើក​ឡើង​ថា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទទួល​បាន​សន្តិភាព ស្ថេរភាព​នយោបាយ​ទូទាំង​ប្រទេស និង​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា​ប្រមាណ ៧% ប្រចាំឆ្នាំ។ ម្យ៉ាងទៀត វិស័យ​ទេសចរណ៍​គឺជា​វិស័យ​មួយ​ដែល​បាន​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​សំខាន់​វិស័យ​ទេសចរណ៍​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប​បាន​កំពុង​ទាក់ទាញ​នូវ​អារម្មណ៍​ភ្ញៀវទេសចរ​ចូល​មក​ទស្សនា​កម្សាន្ត​ក្នុង​ឆ្នាំ​២០១៤​ទេសចរ​ជាតិ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ប្រមាណ​៤,៤​លាន​នាក់។ លោក​ឃឹម ប៊ុន​សុង​បន្ត​ទៀត​ថា ចំនួន​កើនឡើង​គួរ​កត់សម្គាល់ ក្រសួងទេសចរណ៍ ក៏ដូចជា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​គិតគូរ​ជ្រើសរើស​តំបន់​សៀមរាប​ដើម្បី​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ និង​កិច្ចប្រជុំ​អន្តរជាតិ​ស្តី​ពី​កីឡា​ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​លើ​ព្រឹត្តិការណ៍​ដែល​យើង​បាន​រៀប​ចំ​កន្លងមក​ដូចជា​ព្រឹត្តិ​ការ​រត់​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ ពាក់​កណ្តាល​ម៉ារ៉ាតុន​អង្គរ ព្រឹត្តិការណ៍​ប្រណាំង​កង់​អង្គរ​ក៏ដោយ​ការ​យក​ចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​អាជ្ញាធរ​ខេត្ត​លើ​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​សំខាន់​សន្តិសុខ​ទេសចរណ៍ និង​ការអភិវឌ្ឍន៍​ទីក្រុង​ប្រវត្តិសាស្ត្រ​នេះ​ឲ្យ​កាន់តែ​ស្រស់បំព្រង​ឡើង​ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ចូល​មក​ទស្សនា​កម្សាន្ត។ លោក​ក៏បាន​បន្ត​ទៀត​ថា ជាមួយនឹង​សក្ដានុពល​ដ៏​ទាក់ទាញ​តំបន់​សៀមរាប អង្គរ​នឹង​ក្លាយជា​គោលដៅ​ដ៏​សំខាន់​សម្រាប់​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិ​ការប្រជុំ​សន្និសីទ​សិក្ខាសាលា​អន្តរជាតិ​នានា​ក្នុង​វិស័យ​កីឡា​នា​ពេល​អនាគត​ទៀត​ផង៕
គឿនវ៉េត

Post a Comment

0 Comments

Close Menu