ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើការបង្ហាញមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀនចំនួន១០នាក់ ដែលក្នុងនោះមានបុរសជនជាតិនីហ្សេរីយ៉ាចំនួន០៨នាក់ និងនារីជនជាតិខ្មែរ០២នាក់ រួមទាំងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៨០២,៤៤ក្រាម ជញ្ជីងសម្រាប់ថ្លឹង ទូរស័ព្ទដៃជាច្រើនគ្រឿង និងវត្ថុតាងមួយចំនួនទៀត ដែលធ្វើការបង្ហាញនិងធ្វើតេស្តនៅចំពោះមុខជនសង្ស័យទាំងអស់ផងដែរ។
ជនសង្ស័យដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនទាំង១០នាក់ដែលត្រូវឃាត់ខ្លួនរួមមាន ទី1.ឈ្មោះOkorom Kizito ទី2. ឈ្មោះFrancis nnamdi ទី3.ឈ្មោះNna buifefa vour okorom ទី4.ឈ្មោះSunday nwabuisi ទី5.ឈ្មោះ Nna mezie Victor ទី6. ឈ្មោះIzuchukkwu Chukwma ទី7.ឈ្មោះ Tony mmaduka chu kwuonye ទី8.ឈ្មោះ Simon maduka uka ndu និងនារីជនជាតិខ្មែរទី១-ឈ្មោះ ម៉ន វិនយុង និងទី២-ឈ្មោះ អេង ចន្ធីនាថ។
បញ្ជាក់បន្ថែមដែរថា កាលពីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើ ដឹកនាំបញ្ជាដោយលោក ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានចុះឆែកឆេរលំនៅដ្ឋានរស់នៅរបស់ជនជាតិស្បែកខ្មៅខាងលើចំនួនប្រាំទីតាំង ស្ថិតក្នុងភូមិសាស្ត្រខណ្ឌចំនួន២ គឺខណ្ឌមានជ័យ និងខណ្ឌចំការមន ទើបឈានទៅដល់ការចាប់ឃាត់ខ្លួនជនសង្ស័យទាំងអស់ខាងលើនេះ។
បច្ចុប្បន្នពាក់ព័ន្ធនឹងជនសង្ស័យ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលកំពុងធ្វើការក៏សាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕
រ៉ាវុទ្ធ

0 Comments