បន្ទាយមានជ័យ ៖ លោក អាត់ ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដាក់វិធានការយ៉ាងតឹងរ៉ឹងបំផុតដល់នគរបាលពាក់ព័ន្ធទាំងឡាយ ទាំងថ្នាក់ជំនាញការិយាល័យ និងអធិការស្រុក/ក្រុងបន្តប្រតិបត្តិការមិនដកថយលើការចុះបង្ក្រាប និងតាមចាប់ខ្លួនមុខសញ្ញាជួញដូរ ចែកចាយប្រើប្រាស់គ្រឿងញៀន ហើយចាប់បានអ្នកលក់និងអ្នកជក់យកមកដាក់គុកបានជាបន្តបន្ទាប់។ គួរបញ្ជាក់ផងដែរថា ទឹកដីខេត្តបន្ទាយមានជ័យជាទឹកដីជាប់ព្រំដែនប្រទេសថៃ វាជាទីកន្លែងដែលមុខសញ្ញាជួញដូរគ្រឿងញៀនបានធ្វើសកម្មភាពយ៉ាងច្រើនគួរឲ្យឈឺក្បាល។
ប៉ុន្តែក្រោមការខិតខំប្រឹង ប្រែងរបស់លោកស្នងការ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត បានលុបបំបាត់យ៉ាងច្រើននូវគ្រឿងញៀន ហើយជនល្មើសមិនតិចនោះទេ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់បញ្ជូនទៅតុលាការធ្វើការចោទប្រកាន់ និងឃុំខ្លួនដាក់ពន្ធនាគារ។ ជាក់ស្ដែងមុខសញ្ញាជួញដូរគ្រឿងញៀនពីរនាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួនដោយម្នាក់នៅស្រុកមង្គលបុរី និងម្នាក់ទៀតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ ដោយដកហូតថ្នាំញៀនប្រភេទម្សៅក្រាម ពណ៌ស និងថ្នាំញៀនប្រភេទយ៉ាម៉ា ព្រមទាំងសម្ភារមួយចំនួនផងដែរ។ មន្ដ្រីនគរបាលព្រហ្មទណ្ឌស្រុកមង្គលបុរីបានបញ្ជាក់ថា ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនអមដោយម្សៅក្រាមពណ៌សមួយថង់តូច ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ ខណៈដែលកម្លាំងនគរបាលនិងកម្លាំងសន្តិសុខនៃប៉ុស្តិ៍ឫស្សីក្រោក កំពុងចុះល្បាតនៅខាងក្រោយវិទ្យាល័យមង្គលបុរី។ មន្ត្រីនគរបាលបានបញ្ជាក់ថា ជនសង្ស័យ អែល សាលី ហៅក្រពើ អាយុ២២ឆ្នាំ រស់នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោម ជាមុខសញ្ញាជួញដូរដ៏សកម្មម្នាក់ ដែលធ្វើសកម្ម ភាពនាពេលកន្លងទៅ។ ដោយឡែកកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ កាលពីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនផងដែរ និងដកហូតថ្នាំញៀនប្រភេទម៉ាយ៉ាចំនួន០៣គ្រាប់។ មន្ត្រីនគរបាលព្រហ្មទណ្ឌក្រុងសិរីសោភ័ណបានបញ្ជាក់ថា ជនសង្ស័យរូបនេះ ឈ្មោះ ប៉ែន សុភី ហៅង៉ោ អាយុ២០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានយកទៅសួរនាំនៅអធិការដ្ឋាននគរបាល ដើម្បីបន្តមានវិធានការបញ្ជូនសំណុំរឿងទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
គង្គា

0 Comments