ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់ទី៣ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន និងសង្ស័យគាស់ផ្ទះប្រជាពលរដ្ឋ ខណៈកំពុងបើកម៉ូតូតាមផ្លូវដោយឃើញមានការសង្ស័យក៏ឃាត់ម៉ូតូឲ្យឈប់ឆែកឆេរនៅជាប់នឹងខ្លួនមានថ្នាំញៀន និងទួរណឺវីស ទើបឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍ទឹកល្អក់៣តែម្តង។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ ធ្វើឡើងកាលពីម៉ោងជិត៣ទៀបភ្លឺ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ នៅចំណុចមុខផ្ទះលេខ៨៥អា ផ្លូវលេខ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-មានឈ្មោះ ជា ចាន់សំណាង អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខV2E1 ផ្លូវលេខ២៦៥ ក្រុមទី៣៦ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក និងទី២-ឈ្មោះ ហាក់ ហេងលីសុភ័ក្រ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ១០EoE1 ផ្លូវលេខ២៧១ ក្រុម២៩ ភូមិទី១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
វត្ថុតាងដកហូតរួមមាន ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូបពី ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CE.8864 ទួរណឺវីសពីរ ជារបស់ឈ្មោះ ជា ចាន់សំណាង។ ម្សៅក្រាមសថ្លាមួយកញ្ចប់ (គ្រឿងញៀន) ជារបស់ឈ្មោះ ហាក់ ហេងលីសុភ័ក្រ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ គឺនៅម៉ោង២និង៣០នាទីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ កម្លាំងល្បាតប៉ុស្តិ៍ទឹកល្អក់៣បានបើកម៉ូតូល្បាតនៅក្នុងមូលដ្ឋាន ខណៈមកដល់ចំណុចផ្លូវលេខ២៦៩កែងផ្លូវលេខ២៦៥ ក៏ប្រទះឃើញជនសង្ស័យពីរនាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូបពី ឈប់ម៉ូតូនៅចិញ្ចើមផ្លូវ ភ្លាមនោះកម្លាំងល្បាតក៏ឃាត់ខ្លួនសួននាំដើម្បីត្រួតពិនិត្យ ទើបឃើញជនសង្ស័យម្នាក់ឈ្មោះ ហាក់ ហេងលីសុភ័ក្រមានទុកគ្រឿងញៀនមួយកញ្ចប់នៅក្នុងហោប៉ៅ ព្រមទាំងត្រួតពិនិត្យក្នុងកែបម៉ូតូបានឃើញទួរណឺវីសចំនួនពីរ រួចក៏នាំជនសង្ស័យទាំងពីរនាក់មកស្នាក់ការប៉ុស្តិ៍នគរបាលទឹកល្អក់៣។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកល្អក់៣និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕
ស្រីរ័ត្ន

0 Comments