Ad Code

ម៉ូតូ​ស៊េរី​ទំនើប​២​គ្រឿង​រួម​ទាំង​ម្ចាស់​ម្នាក់​ដែល​ជិះ​បង្ក​ភាព​អសន្តិសុខ​នៅ​មុខ​សួនច្បារ​​ត្រូវ​អាវុធហត្ថ​យក​មក​អប់រំ

កំពង់ស្ពឺ ​៖ ​ក្មេង​ទំនើង​មួយ​ក្រុម​បាន​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​បង្ហោះ​នៅ​តាម​សួនច្បារ​ ដែល​អាជ្ញាធរ​ខេត្ត​ទើប​ធ្វើ​រួចរាល់​សម្រាប់​ជា​សម្បត្តិ​សាធារណៈ​ក្នុង​ខេត្ត​នោះ ​ត្រូវ​បាន​កងកម្លាំង​កង​រាជ​អាវុធហត្ថ​ចាប់​​​​​យក​មក​អប់រំ និង​ឲ្យ​ម្តាយ​ឪពុក​មក​ធានា​យក​ទៅ​អប់រំ​បន្ត។

ករណី​បង្ក​ភាព​អនាធិបតេយ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ​ខាងលើ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២១​និង​៣០​នាទី​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៥ ស្ថិតនៅ​សួនច្បារ​មុន​សាលាខេត្ត​កំពង់ស្ពឺ ក្នុង​ភូមិ​ទួលគោក សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន​ខេត្ត​កំពង់ស្ពឺ។ ករណី​នេះ​បង្ក​ឡើង ​ដោយ​យុវជន​ឈ្មោះ​ឆាង ពេជ្រ ភេទ​ប្រុស​អាយុ ២១​ឆ្នាំ​ ​មុខរបរ​​​លក់​-ទិញ​ម៉ូតូ​ រស់នៅ​ភូមិ​ថ្នល់កែង​ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ​ខេត្ត​កំពង់ស្ពឺ។
យោង​តាម​ការ​ណែនាំ​របស់​លោក អ៊ូ សំ​អួន អភិបាល​ខេត្ត​កំពង់ស្ពឺ​ លើ​ការងារ​រឹត​បន្តឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ឱកាស​​រំលឹក​ខួប​លើក​ទី​៣៦​ថ្ងៃ​៧​មករា​ ២០១៤-២០១៥ កងរាជអាវុធហត្ថ​បានដាក់​ពង្រាយ កងកម្លាំង​ការពារ​នៅ​តាម​ចំណុច​សំខាន់ៗ​ជាច្រើន​នានា​ក្នុង​ខេត្ត។
សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ខាងលើ​គេ​បាន​ឃើញ​ក្រុម​ក្មេងៗ​ទំនើង​ដែល​មាន ម៉ូតូ​២​ទៅ​៣​គ្រឿង​បាន​នាំគ្នា​ជិះ​ដេញ​គ្នា​ប្រសេចប្រសាច​នៅមុខ​សាលាខេត្ត ​ម្តុំ​សួនច្បារ​ជាប់មាត់​ស្ទឹង​ដែល​ជា​ចំណុច​មាន​មនុស្ស​អ៊ូអរ ​មក​ទស្សនា​និង​ដើរលេង ខណៈ​អាជ្ញាធរ​ខេត្ត​កំពង់​រៀបចំ​ពិធី​អបអរ​បុណ្យ​រំលឹក​ខួប​លើក​ទី​៣៦​ថ្ងៃ​៧​មក​រាជា​ប្រវត្តិសាស្ត្រ របស់​ប្រជាជន​កម្ពុជា​ទាំងមូល។
សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ ដែល​បាន​ដាក់​យាម​តាម​គោលដៅ​បាន​ចាប់​​​​​ក្មេង​ទំនើង​ខាងលើ​រួម​ទាំង​ម៉ូតូ​ចំនួន ២​គ្រឿង ម៉ាក និក​(NEX) ពណ៌​ខៀវ​មិនមាន​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត​ម៉ាក ស្សូ​មមើ (Zoomer RX)​ពណ៌​ទឹកក្រូច មិន​មាន​ពាក់​ស្លាក​លេខ​ដូចគ្នា​ ខណៈ​ពួកគេ​បាន​បើកបរ​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​ដែល​កំពុង​ឈរ​លេង​នៅ​តាម​សួនច្បារ ដែល​សាលា​ខេត្ត​កំពុង​សាងសង់​ឲ្យ​មាន​សោភណភាព​នោះ។
សូម​រំលឹក​ថា ​ក្រោម​កិច្ច​ដឹកនាំ​របស់​លោក​អភិបាលខេត្ត​នា​អាណត្តិ​នេះ​បាន​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក្នុងនោះ​ការងារ​សន្តិសុខ​ត្រូវ​បាន​រឹតបន្តឹង​នៅ​គ្រប់​តំបន់​ក្នុង​ខេត្ត បូក​រួម​ទាំង​ការ​កសាង​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ​និង​សោភណភាព​នៅ​តាម​ទី​សាធារណៈ​នានា​នៅ​ទូទាំង​ខេត្ត។ មិនតែប៉ុណ្ណោះ​នៅតាម​អង្គភាព​មន្ទីរ​ជុំវិញ​ក៏ បាន​រៀបចំ​របស់​អង្គភាព​របស់ខ្លួន​បាន​ស្អាត​ និង​មាន​របៀបរៀបរយ​ជាង​មុន។ ដូចនេះ​សន្តិសុខ​ជុំវិញ​ខេត្ត​ត្រូវតែ​បង្ក្រាប​បើ​ទោះ​ក្រុម​ទាំងនោះ​មាន​ខ្នងបង្អែក​ឬ​មាន​អ្នកធំ​ណា​កាង​ពីក្រោយ​ក៏​មិន​រួចខ្លួន​ដែរ៕

Post a Comment

0 Comments

Close Menu