Ad Code

ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ពាក់ព័ន្ធ​​​ករណី​រំលោភ​លើ​សេចក្តី​ទុកចិត្ត

ភ្នំពេញ​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​បឹង​កក់​ទី​២​ធ្វើការ​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​ច្បាប់ ក្រោយ​ពេល​ដែល​បុរស​ម្នាក់​នេះ​បាន​ធ្វើ​សកម្មភាព​ឆបោក​យក​ម៉ូតូ​មិត្តភក្តិ​មួយ​គ្រឿង ហើយ​នៅ​ពេល​គេចខ្លួន​បាន​រយៈពេល​ប្រមាណ​៣​ខែ​ត្រូវ​ម្ចាស់​​ម៉ូតូ​ឃើញ​ទើប​ចាប់ខ្លួន​ប្រគល់​ជូន​ប៉ូលិស​តែ​ម្តង។

ជន​សង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន​កាលពី​រាត្រី​ថ្ងៃ​ទី​០៨ ខែ​​មករា ​ឆ្នាំ​២០១៥​វេលា​ម៉ោង​២០​​ ​​​នៅ​ចំណុច​ផ្សារ​ធំ​ថ្មី ខណ្ឌ​ដូនពេញ។
ជនសង្ស័យ​ម្នាក់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ទួលគោក​ប្រាប់​ឲ្យ​ស្គាល់​ ឈ្មោះ​កាង សំអាង ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១១៧​ ផ្លូវលំ សង្កាត់​ក្រាំងធ្នុង ​ខណ្ឌ​ពោធិ៍សែន​ជ័យ។ ជន​សង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​ឆបោក​យក​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ហុង ដា​សេ​១២៥​ពណ៌​​ខ្មៅ​ ស៊េរី​២០១៤​ពាក់​ស្លាក​លេខ​ភ្នំពេញ​1C 9420​ដែល​ជា​កម្មសិទ្ធិ​របស់​ជនរងគ្រោះ​ឈ្មោះ​ង​ន់ សំអន ភេទ ប្រុស អាយុ​២៥​ឆ្នាំ មាន​មុខរបរ​ជា​អ្នករក​ស៊ី​បិទ​ស្កុត​​ម៉ូតូ​ ស្នាក់នៅ​សង្កាត់​បឹង​សាឡាង ​ខណ្ឌ​ទួលគោក។
មន្ត្រី​ប៉ូលិស​និយាយ​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​០៨​ ខែ​តុលា ឆ្នាំ​​២០១៤​កន្លង​មក​នេះ​ ដោយ​ជន​សង្ស័យ​​​ជា​មនុស្ស​ស្គាល់​គ្នា​ជាមួយ​ជនរងគ្រោះ​នោះ ​ក៏បាន​មក​តូប​បិទ​ស្កុ​ត​​ម៉ូតូ​របស់​ជនរងគ្រោះ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៣១៧​ សង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួលគោក ដើម្បី​អង្គុយលេង ហើយ​នៅ​ពេល​អង្គុយលេង​បាន​ប្រមាណ​មួយ​ម៉ោង​ជនសង្ស័យ​រូប​នេះ​បាន​ខ្ចី​​ម៉ូតូ​ជនរងគ្រោះ ថា​ទៅយក​ខោអាវ​មួយ​ភ្លែត។ ក្រោយពី​បាន​ម៉ូតូ​ដល់ដៃ​ហើយ​ជនសង្ស័យ​បាន​យក​ទៅ​បាត់​រហូត។ លុះ​មកដល់​យប់​ថ្ងៃ​កើតហេតុ​ជនរងគ្រោះ​បាន​ឃើញ ជនសង្ស័យ​រូប​នេះ​កំពុង​អង្គុយ​ហូប​អី​នៅ​ផ្សារ​ធំ​ថ្មី​ទើប​ចាប់ខ្លួន​យក​មក​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​បឹងកក់​ទី​២​ចាត់ការ​តាមច្បាប់​តែ​ម្តង៕

Post a Comment

0 Comments

Close Menu