Ad Code

វី​ង ជាប់​ឈ្មោះ​ជា “​ធនាគារ ​ដែល​ផ្ដល់​ផល​ប្រយោជន៍ ល្អ​បំផុត​ដល់​សង្គម នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៨” សម្រាប់​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​របស់ខ្លួន​



ភ្នំពេញ​ ៖ ទស្សនា​វ​ដ្តី ធុរកិច្ច​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដ៏​ល្បី​មួយ​នៅ​ប្រទេស​អង់គ្លេស មាន​ឈ្មោះថា “Capital Finance International” បានផ្ដល់​ពានរង្វាន់​កិត្តិយស ជូន​ធនាគារ​ឯកទេស វី​ង ដែលជា អ្នកផ្តល់​សេវាកម្ម​ធនាគារ តាម​ទូរស័ព្ទ​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា ជា “​ធនាគារ​ដែល​ផ្ដល់​ផល​ប្រយោជន៍​​​ល្អ​បំផុត ដល់​សង្គម នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៨”​។​

វី​ង ត្រូវបានគេទទួលស្គាល់​ថា ជា​ក្រុមហ៊ុន ដែល​នៅតែ​ស្មោះត្រង់ ចំពោះ​គោល​ការ​ណ៍​ស្ថាបនា​របស់ខ្លួន ក៏ដូចជា​ភាពល្អប្រសើរ នៃ​សេវាកម្ម​របស់ខ្លួន បន្ថែម​ទៅលើ​ល្បឿន និង​ភាពជាក់លាក់ នៃ​ប្រតិបត្តិការ ដែល​បាន​ដំណើរការ​។ ការ​ជ្រៀតចូល​ទៅក្នុង​ទីផ្សារ និង​ជួយ​ដល់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ដែល​តំណាង​ឲ្យ​ប្រមាណ​ជាង ៦០% នៃ​ផលិតផល​ក្នុងស្រុក​សរុប ដែល​ក្នុងនោះ​មាន ៧៥% គឺជា​អ្នក​ដែល​ពុំមាន​គណនី​ធនាគារ គឺ​មិនមែនជា​តួលេខ​តូចតាច​នោះឡើយ​។​



លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស វី​ង បាន​សម្ដែង​នូវ​ការ​អរគុណ ចំពោះ​ការផ្ដល់​ជា​កិត្តិយស​នេះ ដោយបាន​លើកឡើងថា ​៖ “​ការទទួលស្គាល់​ជាស​កល​នេះ បញ្ជាក់​អះអាង​ឡើងវិញ នូវ​ភាពជោគជ័យ​របស់ វី​ង ក្នុង​ការជួយ​ឲ្យ​ប្រជាជន​កម្ពុជា កាន់តែច្រើន ចូលរួម​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ហើយ​វា​ប្រាកដជា មិនអាច​កើតមានឡើង​នោះទេ ប្រសិនបើ​គ្មាន​បុគ្គលិក​របស់ វី​ង​ទាំងអស់ ដែល​បានធ្វើ​ការងារ​ដ៏​លំបាក ក៏ដូចជា​ភ្នាក់ងារ ដៃគូ និង​អតិថិជន​របស់ វី​ង​ទាំងអស់ ដែល​នាំមក​នូវ​ផលិតផល និង​សេវាកម្ម ដែល​ជួយ​ជំរុញ​ឲ្យ​មានការ​ចូលរួម នៅក្នុង​ផ្នែក​ហិរញ្ញវត្ថុ និង​ធ្វើអោយ​ជីវិត​របស់​ប្រជាជន​ខ្មែរ កាន់តែ​ប្រសើរឡើង​។ វា​ជា​បេសកកម្ម​របស់​ធនាគារ​ឯកទេស វី​ង​ក្នុងការ​រក្សាខ្លួន ក្នុង​លំដាប់​ជួរមុខ នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ នៅ​កម្ពុជា និង​ចក្ខុវិស័យ​របស់​យើង គឺថា ប្រែក្លាយ ព្រះរាជាណាចក្រ​កម្ពុជា ទៅជា​សង្គម​មួយ ដែល​ពុំ​ប្រើប្រាស់​ក្រដាសប្រាក់​”​។​

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស បាន​បន្តទៀតថា ការទទួលបាន​ឈ្មោះថា ជា “​ធនាគារ​ដែល​ផ្ដល់​ផល​ប្រយោជន៍​ល្អ​បំផុត​ដល់​សង្គម​" សម្រាប់​ឆ្នាំ ២០១៨ នឹង​ជំរុញ​ឱ្យ​ធនាគារ​ឯកទេស វី​ង ឈាន​កាន់តែ​ខ្ពស់​ជាងនេះទៅទៀត​។​

"​យើង​ចាត់ទុក​ពានរង្វាន់​នេះ និង​ការទទួលស្គាល់​ទាំងអស់ ដែល​យើង​បានទទួល​បាន ជា​កាតាលីករ ដើម្បី​បន្ត​ទស្សនវិស័យ​របស់​យើង នៅ​ទូទាំងប្រទេស​កម្ពុជា​។ យើង​នឹង​បន្ត​នាំមក​នូវ ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​អត្ថប្រយោជន៍​ថែមទៀត ដែល​មិន​ត្រឹមតែ​បង្កើត​ភាពងាយស្រួល​ថ្មី សម្រាប់​ប្រជាជន​រាប់លាន​នាក់ នៅក្នុង​ប្រព័ន្ធ​អេកូ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើន​ការផ្ដល់​ផល​ប្រ​យោ​ជ​ន៍ ដល់​សេដ្ឋកិច្ច​នៅ​តំបន់​ដាច់ស្រយាល នៅ​កម្ពុជា​ផងដែរ​។​” លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​។

គណៈកម្មការ​វិនិច្ឆ័យ​របស់ CFI.co បាន​រកឃើញថា វី​ង បាន​ក្ដោប​ក្ដាប់​ទីផ្សារ អ្នក​មិនមាន​គណនី​ធនាគារ និង​អ្នក​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ ជាមួយ​ផលិតផល​ជាច្រើន ដែល​បាន​រចនា​ឡើង ក្នុង​គោលបំណង​ដើម្បី​បំពេញ​តាម​តម្រូវការ របស់​អតិថិជន ដែល​មិន​ត្រូវបាន​ផ្ដល់ជូន ដោយ​ធនាគារពាណិជ្ជ​ធំៗ មាន​វត្តមាន​នៅក្នុង​ប្រទេស ដូចជា សេវាកម្ម កាបូប​លុយ​ចល័ត និង​ជម្រើស​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អន្តរជាតិ រួមមាន Mastercard ជាដើម​។



ធនាគារ​ឯកទេស វី​ង ក៏បាន​ទទួល​ការសរសើរ​ផងដែរ សម្រាប់​ចក្ខុវិស័យ​របស់ខ្លួន ចំពោះ​សហគ្រាស​ធុន​តូច​និង​មធ្យម ដោយ វី​ង បាន​ពង្រីក​សេវាកម្ម​របស់ខ្លួន យ៉ាង​សម្បូរបែប រួមមាន ការទូទាត់​វិក័យប័ត្រ​, ដំណោះស្រាយ​ចំណាយ និង​ដំណោះស្រាយ​ប្រាក់​បៀរ​វត្ស សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម ដែល​ជួយ​ដល់​ពួកគេ សម្រេចបាន​ប្រសិទ្ធភាព​ការងារ​កាន់តែ​ខ្ពស់ និង​ការគ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​។​

សហគ្រាស​ធុន​តូច​និង​មធ្យម​, សាជីវកម្ម​, ក្រុមហ៊ុន និង​គ្រឹះស្ថាន​ក្រូ​ហិរញ្ញវត្ថុ ចំនួន ២៥,០០០ បាន​នឹង​កំពុង​ប្រើប្រាស់​សេវាកម្ម របស់​ក្រុមហ៊ុន វី​ង ក្នុងការ​បង់ប្រាក់​ទៅ​ឲ្យ​បុគ្គលិក ស្រដៀង​គ្នា​នេះដែរ ទៅ​ឲ្យ​អ្នកផ្គត់ផ្គង់​ផងដែរ​។ សេវាកម្ម​ផ្សេងទៀត រួមមាន e-wallet, WingPay អាច​ឲ្យ​អតិថិជន វី​ង ប្រើ​ប្រព័ន្ធ​ទូទាត់​ប្រាក់ ដោយ​ការ​ស្កេ​ន QR កូដ​។ ទាំងនេះ​បាន​នាំមក​នូវ អត្ថប្រយោជន៍​ជាច្រើន ដល់​ភា្ន​ក់​ងារ​រង​របស់ វី​ង ដែល​ភាគច្រើន​ជា​ស្ត្រី​មេផ្ទះ​។ ឥឡូវនេះ​ពួកគាត់​មានលទ្ធភាព ដើម្បី​បង្កើត​ប្រាក់ចំណូល ដែល​បាន​ជួយ​ជំរុញ​សេដ្ឋកិច្ច នៅក្នុង​ស្រុកភូមិ​របស់​ពួកគាត់​។​

កសិករ​កម្ពុជា ក៏​ទទួលបាន​ផងដែរ អំពី​អត្ថ​ប្រ​យោ​ជ​ន៏​ផ្ដល់​ដល់​សង្គម របស់ វី​ង ។ ជា​លើកទីមួយ​ហើយ ដែល​កសិករ​ជាច្រើន អាច​ទទួលបាន​ប្រាក់កម្ចី ដើម្បី​ជួយ​ជំរុញ​នៅក្នុង​អា​ជីក​ម្ម របស់​ពួកគាត់​។ ការផ្តល់​លទ្ធភាព នៅក្នុង​ការទទួលបាន នូវ​សេវា​អាជីវកម្ម​ពេញលេញ សម្រាប់​កសិករ ក៏មាន​ការកើនឡើង​នូវ​ប្រសិទ្ធភាព និង​ផលិតភាព ដោយ​កសិករ​អាច​ផ្តោត លើ​ប្រតិបត្តិការ​របស់​ពួកគាត់ ជាជាង​ការចំណាយ​ពេលវេលា និង​ប្រាក់ ធ្វើដំណើរ​ទៅកាន់​ទីប្រជុំជន ដើម្បី​ធ្វើ​ប្រតិបត្តិការ​ធនាគារ​រប​ស់​ពួកគាត់​។​

ការទូទាត់​តាមរយៈ​ទូរស័ព្ទដៃ ដែល វី​ង ផ្ដល់ជូន កំពុង​បង្ហាញ​ពី​អត្ថប្រយោជន៍ ដល់​សេដ្ឋកិច្ចកម្ពុជា និង​អ្នក​ដែល​រស់នៅ​និង​ធ្វើការ នៅក្រៅ​តំបន់​ទីប្រជុំជន ក៏ដូចជា​នៅក្រៅ​ប្រទេស​។ ការផ្ញើរ​ប្រាក់​អន្ដរជាតិ ត្រូវបាន​អនុញ្ញាតឱ្យ​លំហូរ​ទឹកប្រាក់ ត្រឡប់មក​ប្រទេស​វិញ ដែល​ជួយ​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​ប្រទេស​។​

ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ប៉ាន់ប្រមាណ​ថា ប្រជាជន​ប្រមាណ ៧៥% នៅ​កម្ពុជា ស្ថិតនៅ​ក្រៅផ្លូវការ នៃ​វិស័យ​ធនាគារ​។ ធនាគារជាតិ​នៃ​កម្ពុជា កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​អ្នកបង្កើត​គោលនយោបាយ អង្គការ​អន្តរជាតិ និង​ស្ថាប័នហិរញ្ញវត្ថុ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដើម្បី​បិទ​គម្លាត​នៃ​ការបញ្ចូល​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ធានាថា ប្រជាជន​កម្ពុជា​ទាំងអស់ អាច​ទទួលបាន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ ដែលមាន​តំលៃ​សមរម្យ​។​

ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៩ បាន​ដើរតួនាទី​ឈានមុខ​គេ ក្នុងការ​នាំមក​នូវ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ចុងក្រោយ​បំផុត ដល់​វិស័យ​ធនាគារ និង​វិស័យ​ទូទាត់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អស់​រយៈពេល​មួយ​ទសវត្សរ៍​មកហើយ​។ ខណៈពេលដែល​ក្រុមហ៊ុន បានផ្តល់​ដំណោះស្រាយ​ទូទាត់ ទៅ​ឲ្យ​ក្រុមហ៊ុន និង​បុគ្គល​នានា ការដាក់​ឲ្យ​ដំណើរការ ផលិតផល​របស់ខ្លួន រួមបញ្ចូល​នូវ ដំណោះស្រាយ​ប្រាក់ខែ សម្រាប់​សហគ្រាស​ខ្នាតតូច​និង​មធ្យម គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅមុខ សម្រាប់​ចក្ខុវិស័យ​របស់ខ្លួន​ក្នុងការ​បង្កើត​សង្គម ពុំ​ចាយ​ក្រដាស់ប្រាក់​នៅក្នុង​ប្រទេស​កម្ពុជា​។​

រាល់​ការរីកចម្រើន​ទាំងនេះ បាន​ជួយ​ឱ្យ វី​ង សម្រេចបាន​នូវ​ចក្ខុវិស័យ និង​ប្រសិទ្ធភាព​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​បេសកកម្ម​របស់ខ្លួន ក្នុងការ​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​នានា ដែល​ធ្វើឱ្យ​សេវា​ធនាគារ មាន​តម្លៃ​សមរម្យ ជាពិសេស​សម្រាប់​ប្រជាជន​កម្ពុជា ដែល​ក្រីក្រ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu