កំពង់ឆ្នាំង ៖ « មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យបានទាំងអស់គ្នា ព្រោះតែការមិនគោរពច្បាប់នេះហើយ ដែលក្នុងមួយឆ្នាំៗបា នធ្វើឲ្យមនុស្សរាប់ពាន់នាក់ច្រើនស្លាប់ និងធ្វើឲ្យខាតបង់ថវិកាក្នុងគ្រួសារ និងថវិកាជាតិរាប់លានដុល្លារ និងសូមឲ្យ លោកគ្រូ អ្នកគ្រូ មាតាបិតា ត្រូវអប់រំកូនចៅជៀសឲ្យឆ្ងាយពីគ្រឿងញៀនខុសច្បាប់ និងនាំឲ្យខូចអនាគត »។ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណៈ និងដឹកជញ្ជូន ជាសមាជិកក្រុមការងារថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារចុះជួយស្រុកទឹកផុសបានថ្លែងបែបនេះ នៅក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៧ ទិវាបុណ្យជ័យជំនះ៧មករា១៩៧៩-៧មករា ឆ្នាំ២០១៦នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ ២០១៦ នៅក្នុងស្រុកទឹកផុស ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋសរុបចំនួន៥២០នាក់។
នៅក្នុងពិធីនេះ ឯកឧត្តម តូច ចាន់កុសល បានអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានគូសបញ្ជាក់ថា ៧មករា ជាថ្ងៃបុណ្យជាតិដ៏ធំមួយ ត្រូវរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត បានសម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃរាប់លាននាក់ ដែលគ្មានទេនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិក្នុងពិភពលោក។
រយៈពេល៣៧ឆ្នាំកន្លងទៅនេះ ផ្ដើមចេញពីជ័យជំនះ៧មករា ប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្ដូរសង្គមយ៉ាងធំធេង ដែលប្រទេសនៅលើពិភពលោកទាំងមូលនឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍, ពីសង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍, ការបាក់បែកជាតិ, បែងចែកទឹកដី ក្លាយជាប្រទេសមួយ ដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យប្រជាជនមានជីវភាពធូរធារ និងកំណើតសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យប្រទេសលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នា។
ឯកឧត្តមបានបញ្ជាក់ទៀតថា ថ្ងៃជ័យជំនះ៧មករាគឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលគណបក្សប្រជាជនកម្ពុជាបានផ្តល់កំណើតលើកទី២ដល់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្មានអ្នកណាអាចបដិសេធបានឡើយ បើគ្មានរដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ប៉ុលពត បើគ្មានរបបប្រល័យពូជសាសន៍ប៉ុលពត ក៏គ្មានថៃ្ង៧មករា បើគ្មានថ្ងៃ៧មករាក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ។
លោក ខឹម ផល្លា តំណាងឲ្យ សមាជិក សមាជិកា អង្គមេទ្ទិញបានឡើងប្ដេជ្ញាចិត្ត ដោយបានគូសបញ្ជាក់ថា យើងទាំងអស់គ្នាត្រូវរួមសាមគ្គីគ្នា ការពារឲ្យបានរឹងមាំ ស្ថិតស្ថេរ និងរីកចម្រើនថែមទៀតនូវសមិទ្ធផល៧មករា, ប្ដេជ្ញាបន្តអនុវត្តឲ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ដែលមានសម្ដេចតេជោ ហ៊ុនសែន ជាប្រមុខ, ប្ដេជ្ញាប្រឆាំងដាច់ខាតចំពោះអ្នកប្រព្រឹត្តបំពានច្បាប់រដ្ឋធម្មនុញ្ញ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល, ប្ដេជ្ញាគាំទ្របេក្ខភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ , មានសម្ដេច ហ៊ុន សែន ទើបមានការបង្រួមបង្រួមជាតិ និងសុខសន្តិភាព៕
ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៧ ទិវាបុណ្យជ័យជំនះ៧មករា នៅស្រុកទឹកផុស



0 Comments