ខ្សែបម្រើស្លាបជនជាតិជប៉ុន Yuta Suzuki ដែលធ្លាប់បានប្រកបអាជីពនៅប្រទេសកម្ពុជា២រដូវកាលជាប់គ្នាគឺធ្លាប់លេងនៅក្លិបភ្នំពេញក្រោន និងក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) បានសម្រេចចិត្តទៅបន្តអាជីពនៅប្រទេសម៉ាឡេស៊ី ដោយចូលរួមជាមួយក្រុមដែលមានប្រវត្តិសាស្ត្រខ្លាំងក្លាទើបធ្លាក់ទៅលេងនៅពានរង្វាន់លីគលំដាប់ទី២ Kelantan FA។
កីឡាករ Yuta សញ្ជាតិជប៉ុន មានវ័យ ២៨ ឆ្នាំ បានចំណាយពេល៦ខែជាមួយនឹងក្រុមសាធារណរដ្ឋឆេក FSC Stara Rise ដែលស្ថិតនៅក្របខណ្ឌ Moravian-Silesian Division D ដែលជាក្របខ័ណ្ឌលំដាប់ទីបួនរបស់ប្រទេសឆេក។ បន្ទាប់ពីទទួលបានជោគជ័យរយៈពេល ៤ឆ្នាំ ជាមួយក្រុមសាកលវិទ្យាល័យ Senshu នៅប្រទេសជប៉ុន ក្រោយមកគាត់បានលេងពីររដូវកាលជាមួយក្លិប FC Suzuka Rampole មុនពេលគាត់ធ្វើការផ្លាស់ប្តូរទៅសាធារណរដ្ឋឆេក។
យោងតាមការបញ្ជាក់របស់សារព័ត៌មានក្នុងស្រុករបស់ម៉ាឡេស៊ី កីឡាករ Yuta Suzuki បានសម្រេចចិត្តចុះកិច្ចសន្យារយៈពេល១រដូវកាលជាមួយក្លិប Kelantan FA នៅឆ្នាំ២០១៩ ខាងមុខ ខណៈរូបគេបានចូលរួមជាមួយក្រុមភ្នំពេញក្រោន កាលពីឆ្នាំ២០១៧ ហើយនៅឆ្នាំ២០១៨ រូបគេបានចូលរួមជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) កំពុងតែសម្លឹងរកមើលកីឡាករបរទេសដើម្បីចុះក្នុងបញ្ជីរបស់ក្រុមខ្លួនត្រៀមប្រកួតក្នុងរដូវកាលឆ្នាំ២០១៩ខាងមុខ បន្ទាប់ពីកីឡាករចាស់ៗបានចាកចេញពីក្រុមអស់ក្រោយចប់រដូវកាលឆ្នាំចាស់។ កីឡាករបរទេសចាស់របស់ក្រុមប៉ូលីស មានYuta Suzukiជាជនជាតិជប៉ុន,Adekunjo Busayo,Oladipupo Abiodun ជាជនជាតិនីហ្សេរីយ៉ា Kim Dong-yoo និង Korea No Dae-ho ជាជនជាតិកូរ៉េខាងត្បូង៕
Source: Kampuchea Thmey Daily
0 Comments