Ad Code

ក្លិប​បាល់ទាត់ Terengganu FA របស់ ធា​រី ចន្ថា​ប៊ី​ន នៅ​ម៉ាឡេស៊ី ដាក់​គម្រោង​ទៅ​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​នៅ​វៀតណាម



កីឡាករ​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន ត្រូវបាន​ក្លិប​ចាស់​របស់ខ្លួន​គឺ​Terengganu FA​សមាជិក​នៅ​លី​គ​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី (Malaysia Super League) បន្ត​កិច្ចសន្យា​១​រដូវ​កាល​ទៀត ក្រោយ​ផុត​រដូវ​កាល​ឆ្នាំ​២០១៨​ថ្មីៗ​នេះ ខណៈ​រូប​នឹង​ធ្វើ​ដំណើរ​ជាមួយ​មិត្ត​រួម​ក្រុម​ទៅ​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ដកស្រង់​បទពិសោធន៍​នៅ​ប្រទេស​វៀតណាម ដើមខែ​មករា ខាងមុខ​។

​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ទើបតែ​បាន​ជួយ​ក្រុម​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Malaysian FA Cup ទៀត​កាលពី​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​ប៉ុន្តែ​ចាញ់​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី​ទល់នឹង​ក្រុម Perak ក្នុង​គ្រាប់​បាល់​៤-១ (​ថែម​ម៉ោង ១៥ នាទី ២​ដង​ស្មើ ៣-៣)​។ ចំណែក​នៅក្នុង​លី​គ​កំពូល​ម៉ាឡេស៊ី វិញ​រូបគេ​បាន​ជួយ​ក្រុម​ឲ្យ​ស្ថិតនៅ​លំដាប់​ទី ៥ នៃ​លី​គ​កំពូល​រដូវ​កាល​កន្លងទៅ​។



យោងតាម​សេចក្តីប្រកាស​របស់​ក្លិប Terengganu FA បាន​បញ្ជាក់ថា​ ក្លិប​ខ្លួន នឹងធ្វើ​ដំណើរ​ទៅ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​ថ្មី នៅ​ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី ១៣ ដល់ ទី ១៨ ខែមករា ឆ្នាំ២០១៩ ដោយ​ប្រកួត​ទល់នឹង​ក្លិប​Becamix Binh Duong FC និង Ho Chi Minh City FC សមាជិក​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​វៀតណាម (V-League)​។

ចំពោះ​ក្លិប​បាល់ទាត់ Terengganu FA ដែល​ជា​ក្រុម​ចំណូល​ថ្មី​ក្នុង​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី ក្រោយ​ឈរ​លេខ​២​នៅ​លី​គ​លំដាប់​ទី​២ របស់​ប្រទេស​ម៉ាឡេស៊ី ប្រចាំ​រដូវ​កាល​ឆ្នាំ​២០១៧​នេះ​។ ក្លិប​នេះ​មិន​ធ្លាប់​ឈ្នះ​ជើងឯក​ពានរង្វាន់​លី​ក​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី នោះទេ ប៉ុន្តែ​ធ្លាប់​ឈ្នះ​ជើងឯក​រង​ចំនួន​៣​លើក​គឺ​នៅ​ឆ្នាំ​១៩៩២,២០០១ និង​២០១១ តែ​ធ្លាប់​ឈ្នះ​ជើងឯក​ពានរង្វាន់​១​លើក​នៅ​ឆ្នាំ​២០០១ និង​ជើងឯក​រង​នៅ​ឆ្នាំ​១៩៧៣,១៩៨២,១៩៩៨ និង​២០១១​។ ក្រុម​នេះ​ធ្លាប់​ចេញទៅ​លេង​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AFC Cup បាន​១​លើក​គឺ​នៅ​ឆ្នាំ​២០១២ តែ​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu