ភ្នំពេញ ៖ អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក សោម សូរីដា បានអះអាងថា មកដល់ពេលនេះ គ.ជ.ប មិនបានដកហូតសិទ្ធិបោះឆ្នោតរបស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ទាំង១១៨នាក់នោះទេ ហើយការដកហូតសិទ្ធិបោះឆ្នោតកន្លងមក មានតែជនបរទេសដែលត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍ដកហូតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប៉ុណ្ណោះ។
លោក សោម សូរីដា បានអះអាងបែបនេះ ការឆ្លើយតបសំណួរអ្នកសារព័ត៌មាន នៅក្នុងកិច្ច ប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៨ និងចំនួនការិយាល័យបោះឆ្នោត កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨។
លោក សោម សូរីដា បញ្ជាក់យ៉ាងនេះថា “ការដកហូតសិទ្ធិបោះឆ្នោតនេះ សម្រាប់តែជនបរទេសដែលត្រូវបានខាងអន្តោប្រវេសន៍ដកហូតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយកន្លងមកយើងមានការប្តឹង ឬឯកសារយោងពាក់ព័ន្ធអន្តោប្រវេសន៍ ដែលប្រើប្រាស់ឯកសារខុសច្បាប់...ដូច្នេះចង់បញ្ជាក់ដែរថា ១១៨នាក់មិនស្ថិតនៅក្នុងស្ថានភាព ដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតនោះទេ គឺ គ.ជ.ប អត់ដែលបានដកហូតសិទ្ធិបោះឆ្នោតរបស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ១១៨ទេ”។
សូមបញ្ជាក់ថា អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិចំនួន១១៨រូប ត្រូវបានតុលាការកំពូលបានប្រកាសហាមធ្វើសកម្មភាពនយោបាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាមួយនឹងការប្រកាសរំលាយគណបក្សរបស់ពួកគេផងដែរ ហើយក្នុងចំណោមអ្នកទាំង១១៨របស់អតីតគណបក្សសង្គ្រោះជាតិ ដែលចង់ទទួលសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយឡើងវិញ ត្រូវតែគោរពសាលដីការបស់តុលាការកំពូល ហើយធ្វើពាក្យសុំត្រឹមត្រូវ។ ចំណែកអ្នកដែលមិនទទួលស្គាល់សាលដីការបស់តុលាការកំពូលទេ គឺមិនអាចទទួលបានការលើកលែងបម្រាមនេះបានទេ ហើយក្រសួងមហាផ្ទៃមានភារកិច្ចរៀបចំបញ្ជី វាយតម្លៃលើអ្នកដែលធ្វើសកម្មភាពប្រឆាំងសាលដីការបស់តុលាការកំពូល និងអ្នកមិនបានធ្វើសកម្មភាពប្រឆាំង ដើម្បីដាក់ជូននាយករដ្ឋមន្ត្រីទួលថ្វាយព្រះមហាក្សត្រ។
ការផ្តល់សិទ្ធិនយោបាយឲ្យអតីតមន្ត្រីគណបក្សប្រឆាំងនេះ ធ្វើឡើងតាមរយៈសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយមាត្រា៤៥ថ្មី (ស្ទួន) ដែលនឹងចូលជាធរមាននាពេលខាងមុខ។ សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយនេះ ធ្វើឡើងដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៨៧រូប និងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ សម្រួលដល់ស្ថានការណ៍អ្នកនយោបាយក្រុមប្រឆាំង ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងទៅ ក៏ដូចជាសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅកម្ពុជា អង្គការសង្គមស៊ីវិល និងសហជីពជាដើម។
ទាក់ទងបញ្ហានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអះអាងថា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានកាត់សិទ្ធិធ្វើនយោបាយមានជម្រើស៣សម្រាប់ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺទី១, ស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ទាល់ ទី២,លើកសំណើផ្ទាល់ទៅនាយករដ្ឋមន្ត្រី ទី៣, ថ្វាយលិខិតផ្ទាល់ទៅព្រះមហាក្សត្រ ដើម្បីស្នើសុំលើកលែង៕
Source: Kampuchea Thmey Daily
0 Comments