Ad Code

ទាំង​ក្លិប​ភ្នំពេញ​ក្រោ​ន និង​វិសាខា សុទ្ធតែ​ប្រកាស​គាំទ្រ​ចំណាត់ការ​របស់​ស​.​ប​.​ក ជុំវិញ​បញ្ហា​ដោះដូរ​កីឡាករ​៥​នាក់



ភាគី​ពាក់ព័ន្ធ​ទាំង​ក្លិប​ភ្នំពេញ​ក្រោ​ន និង​ក្លិប​វិសាខា សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បាន​ប្រកាស​គាំទ្រ​ចំណាត់ការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) ដែល​បាន​ដំណោះស្រាយ​ជុំវិញ​វិវាទ​លើ​ការផ្ទេរ​កីឡាករ ៥​នាក់ ​ដែល​មាន​ប្រភព​ពី​ក្រុម​ថ្នាល​យុវជន​ភ្នំពេញ​ក្រោ​ន ទៅកាន់​ក្លិប​បាល់ទាត់​វិសាខា​ដែល​បាន​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅក្នុង​ចំណោម​អ្នកគាំទ្រ​វិស័យ​បាល់ទាត់​កម្ពុជា​ក្នុង​រយៈកាល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។



​កីឡាករ​៥​នាក់​ដែល​ពាក់ព័ន្ធ​នោះ​មាន​កីឡាករ អ៊ុក សុវណ្ណ​, អ៊ិន សូ​ដា​វីត​, ស៊ិន កក្កដា​, គីម​ឆា​យ៉ា និង​កែន ច័ន្ទ​សុភ័ក្ត្រ​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្លិប​ទាំង​២​ខាងលើ​សុទ្ធតែ​បញ្ជាក់​ក្នុង​ខ្លឹមសារ​ដូចគ្នា​ថា ក្លិប​ទទួលយក​ដំណោះស្រាយ​ដូចដែល​មានកំណត់​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​លេខ​១១៩/១៨ ស​.​ណ​/​ស​.​ប​.​ក ចុះ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដោយ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន យល់ព្រម​ទទួលយក​ប្រាក់ឧបត្ថម្ភ​ពី​ក្លឹប​បាល់ទាត់​វិសាខា ជា​ថ្លៃ​ហូបចុក ស្នាក់នៅ និង​បណ្តុះបណ្តាល​លើ​កីឡា​ករទាំង ៥​នាក់​ស្រប​ទៅ​តាម​លទ្ធផល​នៃ​ការពិភាក្សាគ្នា​កន្លងមក ព្រមទាំង​អនុលោម​ទៅតាម​ការ​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ដែល​បាន​ធ្វើឡើង​នា​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨​កន្លងមក​ផងដែរ​។



​ក្លិប​ទាំង​២​បាន​ប្រកាស​គាំទ្រ​ចំពោះ​ជំហរ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​គ្រោង​នឹងដាក់​ឆ្លង​ពង្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង និង​ការផ្ទេរ​កីឡាករ​ក្នុងស្រុក នៅក្នុង​មហាសន្និបាត​ពេញអង្គ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ដើមឆ្នាំ​២០១៩ ខាងមុខនេះ ដើម្បី​បំពេញ​នូវ​ភាព​ចន្លោះប្រហោង​នៃ​ច្បាប់ និង​ការពារ​កុំ​ឲ្យ​កើតមាន​អរិភាព​ដូច​អ្វីដែល​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ទើបតែ​បាន​ជួបប្រទះ​នោះ​។ ជាង​នេះ​ទៅ​ទៀត យន្តការ​គតិយុត្តិ​នេះ​នឹង​ធានា​នូវ​ដំណើរ​អភិវឌ្ឍន៍​នៃ​វិស័យ​បាល់ទាត់​កម្ពុជា ជាពិសេស​លើកទឹកចិត្ត​ដល់​បណ្តា​ក្លិប​បាល់ទាត់​នានា​ចូលរួម​យ៉ាង​ផុសផុល​ក្នុង​ការ​បណ្តុះបណ្តាល​ធន​ធាន​កីឡាករ​ជំនាន់​ក្រោយ​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែមទៀត ព្រមទាំង​ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ណាមួយ​ជាយថាហេតុ​នា​ពេល​អនាគត​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​កីឡាករ​ក្នុងស្រុក​ដែល​អាច​នឹង​ត្រូវ​ធ្វើឡើង​ដោយ​គ្មាន​តម្លាភាព ឬ​តាមរយៈ​រូបភាព​អវិជ្ជមាន​ណាមួយ​នោះ​។

ទាំង​ក្លិប​ភ្នំពេញ​ក្រោ​ន និង​វិសាខា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាធារណជន ពិសេស​អ្នកគាំទ្រ​និង​បណ្តាញសារព័ត៌មាន​នានា ដែល​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ករណីនេះ​ ដោយ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​គាំទ្រ​ដ៏ខ្លាំង​ក្លា​ចំពោះ​វិស័យ​កីឡា​បាល់​ទាត់​កម្ពុជា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu