ក្រុមបាល់ទាត់សមាជិកក្នុងលីគកំពូលកម្ពុជា (Metfone Cambodian League) បានចាប់ផ្តើមប្រមូលផ្តុំ និងប្រកួតមិត្តភាពកម្តៅសាច់ដុំបណ្តើរៗ ហើយដើម្បីត្រៀមខ្លួនទទួលរដូវកាលថ្មីឆ្នាំ២០១៩ខាងមុខ។ ជាក់ស្តែងក្រុមវិសាខា ត្រៀមប៉ះក្រុមអគ្គីសនីកម្ពុជា ហើយក្រុមភ្នំពេញក្រោន ជួបក្រុម African All Stars (កីឡាករមកពីទ្វីបអាហ្វ្រិកកំពុងប្រកបអាជីពនៅប្រទេសកម្ពុជា) នៅចុងសប្ដាហ៍នេះ។
ចំពោះក្រុមអគ្គីសនីកម្ពុជា ដែលមានកីឡដ្ឋាននៅម្តុំទួលសង្កែនឹងបើកទ្វារទទួលក្រុមលេខ៣ឆ្នាំចាស់វិសាខា នៅវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨ នេះ។ ចំណែកក្រុមភ្នំពេញក្រោន វិញត្រៀមខ្លួនប្រកួតជាមួយក្រុម African All Stars នៅវេលាម៉ោង៥ល្ងាចថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ លើទីលានកីឡដ្ឋាន RSN Stadium ជិតកាំកូស៊ីធី។ ទស្សនិកជនអាចចូលរួមទស្សនាប្រកួតទាំង២នេះបានដោយសេរីផងដែរ។
សូមបញ្ជាក់ថា ក្រុមដែលជាសមាជិកពានរង្វាន់លីគកំពូលកម្ពុជា បានចាប់ផ្តើមប្រមូលផ្តុំកីឡាករឡើងវិញក្រោយសម្រាកមួយរយៈបន្ទាប់ពីបញ្ចប់បេសកកម្មក្នុងរដូវកាលចាស់ ហើយនេះជាដំណាក់កាលដែលក្រុមទាំងអស់ត្រូវតាមដាននិងត្រួតពិនិត្យសមត្ថភាពកូនក្រុមរបស់ខ្លួនឡើងវិញទាំងសមាជិកចាស់ និងសមាជិកថ្មីៗទាំងខ្មែរនិងបរទេស ឬកីឡាករខ្លះទើបតែជ្រើសរើសចេញពីក្រុមថ្នាលយុវជន ព្រមទាំងកីឡាករមួយចំនួនដែលកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តសាកល្បងមុននឹងសម្រេចបញ្ចូលពួកគេទៅក្នុងក្រុមឈុតធំ ឬ យ៉ាងណានោះ មុនរដូវកាលឆ្នាំ២០១៩ មកដល់។
ចំណែករដូវកាលថ្មីឆ្នាំ២០១៩ ខាងមុខនៅមិនទាន់មានការជូនដំណឹងណាមួយពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជានោះទេ ទាំងក្នុងពានរង្វាន់លីគកំពូលកម្ពុជា ដែលមានសមាជិកចំនួន១២ ក្រុមនិងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវជម្រុះក្រុមមកពីតាមតំបន់ជុំវិញប្រទេសកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments