កំពង់ឆ្នាំង ៖ តុលាការខេត្តកំពង់ឆ្នាំងបានសម្រេចឃុំខ្លួនកម្មករខ្មែរចំនួន២នាក់ ជាបណ្ដោះអាសន្នក្នុងពន្ធនាគារខេត្តនៅល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ដោយចោទប្រកាន់ពីបទប្រើអំពើហិង្សាវាយមេការជនជាតិចិនម្នាក់នៅក្នុងរោងចក្រឲ្យរងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ នៅក្នុងរោងចក្រជីនយី ស្ថិតនៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ បន្ទាប់ពីមានជម្លោះវាយគ្នាទៅវិញទៅមក។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ មានឈ្មោះ តង់ រី អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ និងម្នាក់ទៀត ឈ្មោះ ឆាន ធា អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិស្នាយ ឃុំតាជេស ស្រុកកំពង់ត្រឡាច។ ចំណែកជនជាតិចិនរងរបួសមានឈ្មោះ ឡា ដាំង ជាមេការក្នុងរោងចក្រខាងលើ។
សមត្ថកិច្ចបានបន្តថា កាលពីវេលាម៉ោងជា៣រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ ជនសង្ស័យទាំង២នាក់ រួមជាមួយកម្មករក្នុងរោងចក្រ២-៣នាក់ទៀត បាននាំគ្នាផឹកស្រាអស់ជាង២លីត្រ ហើយក៏មានទំនាស់ជាមួយគ្នា បន្ទាប់មកក៏រាលដាលឈ្លោះជាមួយមេការជនជាតិចិនម្នាក់ ពេលនោះជនជាតិ
ចិនរូបនោះបានរត់ទៅប្រាប់ ឈ្មោះ ឡា ដាំង ដែលជាជនជាតិចិនថា កម្មករខ្មែរបង្ករឿងឈ្លោះ។ ពេលនោះ ឈ្មោះ ឡា ដាំង បានចេញមក និងបានយកទូរស័ព្ទដៃថតកម្មករខ្មែរ ភ្លាមនោះដែរ ជនសង្ស័យទាំងពីរនាក់ក៏បានវាយប្រតាយប្រតប់គ្នាជាមួយជនជាតិចិន ឈ្មោះ ឡា ដាំង ដោយវ៉ៃទៅវិញទៅមក បន្ទាប់មកត្រូវកម្មករខ្មែរវ៉ៃមួយដំបងឫស្សីបណ្ដាលឲ្យជនជាតិចិនរបួសត្រូវក្បាល រួចរត់ចូលក្នុងរោងចក្រវិញ ចំណែកកម្មករខ្មែរ ក៏បានរងរបួសខ្លះៗដែរ ហើយបានរត់ទៅផ្ទះ តែក្រោយមកត្រូវបានសមត្ថកិច្ចតាមចាប់ឃាត់ខ្លួន បន្ទាប់ពីជនជាតិចិន ឈ្មោះ ឡា ដាំង បានដាក់ពាក្យបណ្ដឹង។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនរូបនោះបានទៅព្យាបាលរបួសនៅភ្នំពេញ តែមិនដឹងថា រូបគេរបួសស្រាល ឬធ្ងន់នោះទេ។ ចំណែកជនសង្ស័យទាំង២នាក់ បានប្រាប់សមត្ថកិច្ចថា មកពីជនជាតិចិនយកប៉ែលមកវ៉ៃលើពួកខ្លួនមុន ទើបគេការពារខ្លួន ដោយបានចាប់ប៉ែលជាប់ និងបានវ៉ៃតទៅវិញ ។ ករណីនេះដែរ ក្រុមគ្រួសារជនសង្ស័យសំណូមពរដល់តុលាការខេត្ត ជួយស្រាវជ្រាវផ្តល់យុត្តិធម៌ជូនកម្មករផង ព្រោះរឿងនេះជារឿងវាយគ្នាទៅវិញទៅមក ដើម្បីការពារខ្លួន៕
កម្មករខ្មែរ២នាក់ឈ្លោះវាយគ្នាជាមួយមេការជនជាតិចិន ត្រូវតុលាការឃុំខ្លួន

0 Comments