១/គោលគំនិតនៃរបបសង្គ្រោះលើបណ្ដឹង
ដើម្បីធ្វើបណ្ដឹងភាគីត្រូវបង់ប្រាក់ប្រដាប់ក្ដីជាមុន ឬត្រូវចំណាយប្រាក់ប្រដាប់ក្ដី ក៏ប៉ុន្ដែប្រសិនបើអនុវត្ដគោលការណ៍នេះជ្រុលពេកទៅនឹងមិនអាចធានាសិទ្ធិពឹងពាក់តុលាការជាក់ស្ដែង។ ចំពោះជនដែលគ្មានទ្រព្យធននិងបង់ប្រាក់ដែលចាំបាច់ដើម្បីធ្វើនីតិវិធីបណ្ដឹង ឬសម្រាប់ត្រៀមធ្វើបណ្ដឹង ឬចំពោះជនដែលបង់សោហ៊ុយនេះទៅនឹងជួបការលំបាកយ៉ាងធ្ងន់ក្នុងការទ្រទ្រង់ជីវភាពរស់នៅ។ ហេតុនេះហើយរបបផ្ដល់ការសង្គ្រោះលើបណ្ដឹងត្រូវបានរៀបចំសម្រាប់អ្នកទាំងនេះ។
២/លក្ខខណ្ឌសង្គ្រោះលើបណ្ដឹង
លក្ខខណ្ឌដើម្បីទទួលស្គាល់នូវការសង្គ្រោះលើបណ្ដឹង គឺទី១-គ្មានលទ្ធភាពទ្រព្យធននឹងបង់ប្រាក់ដែលចាំបាច់ដើម្បីរៀបចំនិងប្រព្រឹត្ដនៃនីតិវិធីបណ្ដឹង ឬអាចមានការលំបាកយ៉ាងខ្លាំងក្នុងការទ្រទ្រង់ជីវភាពដោយសារការបង់ប្រាក់នេះ។ "ប្រាក់ដែលចាំបាច់ដើម្បីរៀបចំនិងប្រព្រឹត្ដទៅនៃនីតិវិធីបណ្ដឹង" នៅក្នុងនេះមានរួមទាំងប្រាក់ប្រដាប់ក្ដីតុលាការ ប្រាក់ប្រដាប់ក្ដីភាគី និងសោហ៊ុយផ្សេងទៀតទាំងអស់ផងដែរ។ តាមធម្មតាជនដែលមានលក្ខខណ្ឌនេះគឺជារូបវន្ដបុគ្គល ក៏ប៉ុន្ដែចំពោះនីតិបុគ្គលក៏ដោយក៏អាចមានករណីដែលនីតិបុគ្គលអាចស្របនឹងលក្ខខណ្ឌនេះដែរ បើមិនអាចបង់ប្រាក់ខែឲ្យនិយោជិតបានជាដើម។ លក្ខខណ្ឌទី២-គឺមិនច្បាស់ជាគ្មានលទ្ធភាពនឹងឈ្នះក្ដី។ លក្ខខណ្ឌនេះមិនត្រូវគិតតឹងរឹុងរហូតទាល់តែមានលទ្ធភាពនឹងឈ្នះក្ដីទេ គឺត្រូវគិតធូរជាង។
លក្ខខណ្ឌផ្ដល់នូវការសង្គ្រោះគឺអ្នកដាក់ពាក្យសុំត្រូវធ្វើសេចក្ដីបញ្ជាក់ដំបូង។ ការសម្រេចសេចក្ដីអំពីការផ្ដល់នូវការសង្គ្រោះលើបណ្ដឹងត្រូវធ្វើដោយដីកាសម្រេចតាមពាក្យសុំរបស់ភាគីតាមថ្នាក់នៃការជំនុំុជម្រះនីមួយៗ។
ខ្លឹមសារនៃជំនួយសង្គ្រោះលើបណ្ដឹង
ជាគោលការណ៍ខ្លឹមសារនៃជំនួយសង្គ្រោះលើបណ្ដឹង គឺការអនុគ្រោះឲ្យពន្យារពេលបង់ប្រាក់ប្រដាប់ក្ដីតុលាការ ក៏ប៉ុន្ដែប្រសិនបើយល់ឃើញថា សមរម្យដោយគិតពិចារណាអំពីលទ្ធភាពទ្រព្យធនរបស់ភាគី ជាអាទិ៍នៅពេលដែលអានុភាពនៃការពន្យារពេលនោះបានរលត់ តុលាការអាចអនុគ្រោះមិនបាច់ឲ្យបង់ប្រាក់ប្រដាប់ក្ដីតុលាការនោះបាន។ កម្មវត្ថុនៃការផ្ដល់នូវជំនួយសង្គ្រោះត្រូវកម្រិតត្រឹមប្រាក់ប្រដាប់ក្ដីតុលាការក្នុងចំណោមប្រាក់ប្រដាប់ក្ដីផ្សេងៗ។
ចំពោះដីកាសម្រេចផ្ដល់នូវការសង្គ្រោះលើបណ្ដឹងអាចប្ដឹងជំទាស់បាន។ ការផ្ដល់នូវជំនួយសង្គ្រោះលើបណ្ដឹងនោះ គឺជាជំនួយផ្ដាច់មុខលើបុគ្គល ដូច្នេះសន្ដតិជនជាអាទិ៍មិនអាចទទួលបន្ដបានឡើយ៕
ការពន្យល់អំពីក្រមនីតិវិធីរដ្ឋប្បវេណី
អង្គកុលបុត្រ
និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច

0 Comments