Ad Code

ប៉េអិម​ខណ្ឌទួលគោក​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ក្នុងករណី​បាញ់បោះ​សេរី​ក្បែរ​ប៉ុស្តិ៍​ទឹកល្អក់​ទី​១


ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ​ត្រូវបាន​សមត្ថកិច្ច​ប៉េអិម​ខណ្ឌទួលគោក​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​សមត្ថកិច្ច​បាន​ឮ​សម្លេង​ផ្ទុះ​ ដោយ​អាវុធ ហើយ​នៅពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​និង​ធ្វើការ​ឆែកឆេរ​ឃើញ​អាវុធខ្លី​មួយ​ដើម​ ដែល​មិនមាន​ច្បាប់​ទើប​ប៉េអិម​ធ្វើការ​នាំខ្លួន​មកកាន់​ទីបញ្ជាការ​ប៉េ​អិម​​ខណ្ឌ​តែម្តង។

ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន ដោយ​ចោទប្រកាន់ថា​ បាន​បាញ់ បោះ ដោយ​សេរី​នៅតាម​ផ្លូវ​សាធារណៈ ហើយ​កងកម្លាំង​មាន​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​នៅ​ចំណុច​ស្ពាន អាកាស​៧ មករា សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ ទួលគោក កាលពី​វេលា​ម៉ោង​១​និង​២៥​នាទី យប់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៥ ពោល​គឺ​នៅ​ក្បែរ​ទីស្នាក់ការ​ប៉ុស្តិ៍​ទឹកល្អក់​ទី​១ តែម្តង។
ជនសង្ស័យ​ទាំង​២​នាក់ ទី​១ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ លី ម៉េង​ហុក អាយុ​២១​ឆ្នាំ មុខ របរ​លក់​ឥដ្ឋ ស្នាក់​នៅផ្ទះ​លេខ ១៣៣៩ ផ្លូវ ជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ ជា​ម្ចាស់​កាំ​ភ្លើង និង​ជា​ម្ចាស់​រថយន្ដ ទី​២ ឈ្មោះ​ឡូយ ឈាង​លី អាយុ​២១​ឆ្នាំ មុខ របរ​និស្សិត នៅ​សាកល​វិទ្យា​ល័យ​ពុទ្ធសាស្ដ្រ ស្នាក់​នៅផ្ទះ​លេខ​៨៦​បេ ផ្លូវលំ ភូមិ​ចំរើន ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ។
មន្ដ្រី​អាវុធហត្ថ​ខណ្ឌទួលគោក បានឲ្យដឹងថា នៅ​មុន​ពេល​កើតហេតុ​គេ​បាន ឮ​សំឡេង​ផ្ទុះអាវុធ នៅតាម បណ្ដោយ ផ្លូវ​ម៉ៅ សេទុង សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ដែល​បង្កឡើង​ដោយ​អ្នកបើករថយន្ដ​ស៊េរី ទំនើប និង​បក្ខពួក ពីរ​បី​រថយន្ដ​ទៀត ប៉ុន្ដែ​មិនដឹងថា ពួកគេ​បាញ់​តាម​ដងផ្លូវ​សាធារណៈ ផ្ដើមចេញពី​រឿង​អ្វី​នោះឡើយ។ មន្ត្រី​ដ​ដែរ​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​នៃ​ការផ្ទុះអាវុធ តាម​ដងផ្លូវ​ម៉ៅ​សេទុង​នេះ​រួចមក កម្លាំង​មាន​សមត្ថកិច្ច​ក៏បាន​ដេញតាម​ពីក្រោយ​រហូត។ លុះ​មកដល់​ចំណុច​ស្ពាន​អាកាស​៧ មករា ទើប​ឃាត់​បាន​ជនសង្ស័យ​ពីរ​នាក់​ព្រម​ទាំង​ដកហូត​បាន​កាំភ្លើងខ្លី​មួយ​ដើម និង​រថយន្ដ​មួយ គ្រឿង ម៉ាក​លុ​ច្ស​ស៊ី​ស Rx330 ពណ៌​ស ពាក់ ស្លាក​លេខ ភ្នំពេញ 2Z-9045 ទូរស័ព្ទដៃ​ពីរ គ្រឿង និង​លុយ​មួយចំនួន​ផងដែរ។
នៅ​ចំពោះមុខ​មន្ដ្រី​អាវុធហត្ថ ជនសង្ស័យ ទាំងពីរ​នាក់ បាន​បដិសេធថា ពួកគេ​មិនបាន បាញ់​នោះទេ ហើយ​កាំភ្លើងដែលមាន​នេះ គឺ​បាន​ទិញ​ពី​អ្នក​ដែល​ធ្វើដំណើរ​ចេញចូល ប្រទេស​ថៃ ក្នុង​គោលបំណង​ការពារ​ខ្លួន​តែម្ដង។ យ៉ាងណាក៏ដោយ​ការប្រើប្រាស់​អាវុធ របស់​ពួកគេ ពុំមាន​លិខិត​ស្នាម​ត្រឹមត្រូវ​នោះឡើយ ហើយ​ក្រោយបញ្ចប់ការសួរនាំ​ អាវុធ ហត្ថ​ខណ្ឌទួលគោក បាន​បញ្ជូន​ខ្លួន​ទៅកាន់ ទីបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បីមាន​វិធានការ​តាមផ្លូវ​ច្បាប់៕

Post a Comment

0 Comments

Close Menu