Ad Code

សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ប្រកាស​គាំទ្រ និង​ទទួលស្គាល់​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦



ភ្នំពេញ ៖ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ដែល​មាន​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​១០៣​ជា​សមាជិក និង​បាន​ចាត់​បញ្ជូន​សមាជិក​រប​ស់​ខ្លួន​ចំនួន​២៥៩៥​នាក់ ដែល​ជា​និស្សិត សាស្ត្រាចារ្យ បញ្ញវ័ន្ត ចូលរួម​ជា​អ្នកសង្កេតការណ៍​បោះឆ្នោត​ទាំង​២៥ រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស ជា​លក្ខណៈ​ចល័ត និង​អចល័ត នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​កាល​ទី​៦ កាល​ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ បាន​ប្រកាស​គាំទ្រ និង​ទទួលស្គាល់​លទ្ធផល​ផ្លូវការ ដែល​ប្រកាស​ដោយ គ​.​ជ​.​ប កាលពី​យប់​ថ្ងៃទី​១៥ ខែសីហា។

ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្ស​នយោបាយ​ចំនួន​២០ បាន​ចូលរួម​ប្រកួតប្រជែង ហើយ​កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រកាស​លទ្ធផល​ផ្លូវការ​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​១២៥ អាសនៈ​តែម្តង។



នៅ​លើ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា បាន​បញ្ជាក់​ថា​ តាមរយៈ​នៃ​ការសង្កេត​យ៉ាង​យកចិត្តទុកដាក់​គ្រប់​ដំណាក់កាល លើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​នេះ ព្រមទាំង​បាន​ពិនិត្យ​តាមដាន​យ៉ាង​ហ្មត់ចត់ ទី​១, សេចក្តី​ប្រកាស​ព័ត៌មាន​លេខ ១៤៥ គ​.​ជ​.​ប ចុះ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ ស្តីពី​លទ្ធផល​បឋម​នៃ​ការ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​កាល​ទី​៦​ឆ្នាំ​២០១៨។ ទី​២, សេចក្តីសម្រេច​លេខ ៣៧០ គ.ជ.ប ចុះ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ស្តី​ពី​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​កាល​ទី​៦​ឆ្នាំ​២០១៨។ ទី​៣, លិខិត​គោរព​ជូន​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​របស់លោក ស៊ិ​ក ប៊ុ​ក​ហុក ប្រធាន គ​.​ជ​.​ប លេខ ១២៨១ គ​.​ជ​.​ប ចុះ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ ស្តីពី​គ្មាន​ពាក្យបណ្តឹង​ក្រោយ​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន។ ទី​៤, លិខិត​គោរព​ជូន​ប្រធាន គ.​ជ​.​ប របស់​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ អ៊ឹម ឈុនលឹម លេខ​១០/២០១៨ កប​ធ​.​សជណ ចុះ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ ស្តីពី​ការបញ្ចប់​ការទទួល​ដោះ ស្រាយ​បណ្តឹង។ ទី​៥, សេចក្តីសម្រេច​របស់ គ.ជ.ប ចុះ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ស្តីពី​លទ្ធផល ជា​ស្ថាពរ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ឆ្នាំ​២០១៨។

សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បាន​សន្និដ្ឋាន និង​វាយ​តម្លៃ​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​កាល​ទី​៦ ឆ្នាំ​២០១៨ ពិតជា​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន គោរព​ច្បាប់ គ្មាន​ការ​បង្ខិត បង្ខំ គ្មាន​ហិង្សា ស្ងប់ស្ងាត់ មាន​សណ្តាប់​ធ្នាប់​ល្អ ស្ថិត​នៅ​ក្នុង​បរិយាកាស​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ហើយគ​.​ជ​.​ប ជា​ស្ថាប័ន​របស់​ជាតិ ដែល​បាន​រៀប​ចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ពិតជា​ស្រប​ទៅ​តាម​ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត លិខិត​បទដ្ឋាន​គតិយុត្តិ ប្រតិទិន​ការងារ រួម​ទាំង​បច្ចេកទេស និង​បាន​ប្រកាន់យក​ជំហរ​អព្យាក្រឹត្យ យុត្តិធម៌ ស្អាតស្អំ និង​តម្លាភាព​។

យោង​ទៅ​លើ​សេចក្តី​ថ្លែងការណ៍​លើក​ទី​១ និង​ទី​២ របស់​សមាគម និង​យោង​ទៅ​លើ​ការសង្កេត​ឃើញ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា បាន​ប្រកាស​គាំទ្រ ​និង​ ទទួលស្គាល់​នូវ​លទ្ធផល​ផ្លូវការ ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ ឆ្នោត ( គ​.​ជ​.​ប ) សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និតិ​កាល​ទី​៦ ឆ្នាំ​២០១៨ នា​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ។

ទាក់ទង​ការ​បោះឆ្នោត​នេះ លោក​បណ្ឌិត ហេង វណ្ណដា ប្រធាន​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ធ្លាប់​បាន​មានប្រសាសន៍ថា ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ២០១៨ នេះ បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន គោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស គ្មាន​ការ​បង្ខិតបង្ខំ គ្មាន​ហិង្សា គ្មាន​ការភ័យខ្លាច គ្មាន​ការលក់ដូរ​សន្លឹកឆ្នោត ស្ងប់ស្ងាត់ មាន​សណ្ដាប់ធ្នាប់​ល្អ និង​ស្ថិតនៅក្នុង​បរិយាកាស​នយោបាយ​ប្រជាធិបតេយ្យ សេរី និង​ពហុបក្ស​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu