ភ្នំពេញ ៖ តារាសម្តែងប្រុសធ្លាប់ផ្ទុះរឿងរ៉ាវអាស្រូវចម្រូងចម្រាស និងរងការរិះគន់យ៉ាងចាស់ដៃក្រោយពេលប្រកាសលែងលះគ្នាជាមួយអតីតគូស្នេហ៍អ្នកនាង ភិន សុដាលីស គឺលោក ប៉ែន ចំរ៉ុង ថ្មីៗនេះស្រាប់តែទម្លាយប្រយោគនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយលើកការប្រៀបធៀបរវាងអ្នកសិល្បៈនិងអ្នកលក់បន្លែថាមានជីវិតមិនខុសគ្នាប៉ុន្មានឡើយ។
ការលើកប្រៀបធៀបពីជីវិតរវាងតារាសិល្បៈទៅ នឹងអ្នកលក់បន្លែតាមចិញ្ចើមផ្លូវពីសំណាក់តារាសម្តែងនិងជាពិធីករលោក ប៉ែន ចំរ៉ុង ខាងលើនេះក៏មានការនិយាយភ្ជាប់មកជាមួយគ្នាផងដែរទាក់ទងទៅនឹងតារាសិល្បៈរបស់ខ្មែរមួយចំនួនដែលកំពុងរងនូវអំពើអយុត្តិធម៌ក្រោយពេលម្ចាស់ផលិតកម្មខ្លះជំពាក់លុយថ្លៃថតសម្តែងដោយមិនព្រមសងតាមពេលវេលាកំណត់។
លោក ប៉ែន ចំរ៉ុង បានរៀបរាប់ឲ្យដឹងបែបនេះថា ឱ អនិច្ចា ! អាណិតណាស់អ្នកសិល្បៈខាងសម្តែងមួយចំនួនធំ ជីវិតស្រដៀងគ្នាអ្នកលក់បន្លែ ត្រី សាច់ តាមកញ្ច្រែង ដាក់លក់តាមផ្លូវអញ្ចឹង គ្នាខំសម្តែងអស់ពីសមត្ថភាពចំណាយពេលវេលា ប្រឹងអស់កម្លាំងកាយ កម្លាំងចិត្ត មិនខ្លាចនឿយហត់សង្ឃឹមមានអ្នកគាំទ្រ ហើយមានចំណូលខ្លះគ្រាន់ផ្គត់ផ្គង់ជីវភាព …។
តារាសម្តែងប្រុសលោក ប៉ែន ចំរ៉ុង បានបន្ថែមទៀតថា ចុះបើម្ចាស់ផលិតកម្មខ្លះជំពាក់គ្នាលើកថ្ងៃនេះលើកថ្ងៃនោះ ឥតល្ហែតើគ្នាមានកម្លាំងចិត្តកម្លាំងកាយ និងអារម្មណ៍ណាទៅសម្តែងទៀត ពេលខ្លះខំរកនេះទប់ រកនោះទប់ទល់គ្រាន់បានបន្តដំណើរទៅមុខទៀត(ជួយបងទៅៗ ជួយបងដល់អង្កាល់ទៀត បើខ្ញុំជំពាក់គេជុំទិសហើយនឹង សុំបងជួយប្អូនម្តងមកបង ជីវិតដូចគ្នាទំនួលខុសត្រូវមិនខុសគ្នាប៉ុន្មានទេបង។
ជាមួយគ្នានៃការបញ្ចេញប្រយោគរបស់តារាប្រុសលោក ប៉ែន ចំរ៉ុង ខាងលើនេះ ក៏មានទស្សនិកជនមួយចំនួនទៀតយល់ឃើញថា តារាប្រុសរូបនេះហាក់កំពុងមានចេតនាចង់សំដៅឬនិយាយបញ្ឆិតបញ្ឆៀងដល់ភាគីម្ចាស់ផលិតកម្មក្នុងស្រុកណាមួយក៏ថាបាន ទើបបានជាលោកលើកការប្រៀបធៀបយ៉ាងដូច្នេះ។ ខណៈដែលថ្មីៗនេះមានតួស្រីម្នាក់គឺកញ្ញា ណាក់ ស្រីណា ក៏កំពុងត្រូវបានម្ចាស់ផលិតកម្មមហាហង្សជំពាក់ប្រាក់ថ្លៃថតផងនោះ៕
Source: Kampuchea Thmey Daily
0 Comments