នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បាននិយាយនៅថ្ងៃចន្ទថា ការផ្លាស់ប្តូរទីតាំងដ៏ចម្រូងចម្រាស់នៃមូលដ្ឋានយោធាអាមេរិកលើកោះអូគីណាវ៉ានឹងមិនត្រូវពន្យារពេលទេថ្វីបើការធ្វើប្រជាមតិមួយបង្ហាញថា អ្នកបោះឆ្នោតបានបដិសេធក៏ដោយ។
លោកអាបេបាននិយាយថា “វាមានរយៈពេល២០ឆ្នាំមកហើយចាប់តាំងពីប្រទេសជប៉ុននិងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាលើការផ្លាស់ប្តូរទីតាំងមូលដ្ឋាន Futenma។ យើងមិនអាចពន្យាពេលរឿងនេះទៀតទេ”។
មតិរបស់លោកបានកើតឡើងបន្ទាប់ពីអ្នកបោះឆ្នោតនៅកោះអូគីណាវ៉ាបានច្រានចោលផែនការផ្លាស់ប្តូរទីតាំងថ្មីនៅក្នុងការធ្វើប្រជាមតិមិនមែនជាកាតព្វកិច្ចមួយកាលពីចុងសប្តាហ៍។
ក្រុមមន្ត្រីបាននិយាយថា មនុស្សប្រហែល៧២ភាគរយបានបោះឆ្នោតប្រឆាំងនឹងការផ្លាស់ប្តូរនេះខណៈមាន១៩ភាគរយបានគាំទ្រក្នុងការបោះឆ្នោត។
លោកអាបេបាននិយាយថាលោកទទួលយកលទ្ធផលនេះដោយស្មោះអស់ពីចិត្តហើយនឹងព្យាយាមឲ្យអ្នកកោះអូគីណាវ៉ាយល់អំពីការសម្រេចចិត្តរបស់គាត់ក្នុងការផ្លាស់ប្តូរមូលដ្ឋាននេះ។
លោកអាបេបាននិយាយថា “យើងបានចំណាយពេលច្រើនឆ្នាំដើម្បីធ្វើការសន្ទនាជាមួយប្រជាជននៅក្នុងតំបន់នេះ។ យើងនឹងបន្តការសន្ទនារបស់យើងដើម្បីឲ្យពួកគេយល់។ ការកាត់បន្ថយបន្ទុកលើកោះអូគីណាវ៉ាគឺជាការទទួលខុសត្រូវដ៏ធំមួយសម្រាប់រដ្ឋាភិបាលកណ្តាល។ យើងនឹងបន្តខិតខំប្រឹងប្រែងឆ្ពោះទៅរកការកាត់បន្ថយបន្ទុកដែលទាក់ទងនឹងការដាក់មូលដ្ឋាន”។
កោះអូគីណាវ៉ាមានផ្ទៃដីតិចជាង១ភាគរយនៃផ្ទៃដីសរុបរបស់ប្រទេសជប៉ុនប៉ុន្តែវាមានភាពស្ទាក់ស្ទើរក្នុងការទទួលទាហានអាមេរិកជាងពាក់កណ្តាលក្នុងចំណោមទាហានអាមេរិកចំនួន៤៧,០០០នាក់។
វត្តមានយោធាអាមេរិកដ៏ច្រើនបានធ្វើឲ្យអ្នកស្រុកមានការខឹងសម្បាជាមួយបញ្ហាជាច្រើនចាប់ពីសំឡេងរំខាននិងឧបទ្ទវហេតុយោធារហូតដល់បទល្មើសពាក់ព័ន្ធនឹងប្រជាជនមូលដ្ឋាន៕ AFP
Source: Kampuchea Thmey Daily
0 Comments