Ad Code

តុលាការ​ បង្គាប់​ឲ្យ​យក​ទណ្ឌិត ​ថោង សារ៉ាត់ ទៅ​មន្ទីរពេទ្យ​វិញ​ ព្រោះ​យំ​ឮ​ពេក ​រំខាន​សវនាការ​



ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឲ្យ​អនុរក្ស​ពន្ធនាគារ​បញ្ជូន​ ទណ្ឌិត​ ថោង សារ៉ាត់ ចេញពី​តុលាការ យក​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ​វិញ ​បន្ទាប់ពី​ទណ្ឌិត​រូបនេះ​យំ​ឡាំប៉ា​រំខាន​ដល់​អង្គ​សវនាការ។

នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ចៅក្រម​សាលាដំបូង​ បាន​លើក​យក​សំណុំរឿង​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាលពី​ចុងឆ្នាំ​២០១៤ ​មក​បើកសវនាការ​បន្ត​ ដោយ​តម្រូវឲ្យ​នាំយក ​ទណ្ឌិត​ ថោង សារ៉ាត់​មក​នៅក្នុង​រង្វង់​ក្រចកសេះ។ នីតិវិធី​ដំបូង​ តុលាការ​ បាន​កំណត់​ធ្វើការ​សាកសួរ​អតីត​ក្រុម​អង្គរក្ស​ជា​មុន ​ទើប​សាកសួរ​ ទណ្ឌិត ​ថោង សារ៉ាត់ តាម​ក្រោយ ប៉ុន្តែ​ពេលដែល​គេ​នាំ​ ថោង សារ៉ាត់ ​ចូលដល់​ក្នុង​សវនាការ ទណ្ឌិត​រូបនេះ​ទាមទារ​ឆ្លើយ​មុន វា​ខុស​ទៅនឹង​នីតិវិធី​របស់​តុលាការ ទើប​ក្រុម​ប្រឹក្សា​តុលាការ​មិន​ឯកភាព​ឲ្យ​ឆ្លើយ​ ស្រាប់តែ​ទណ្ឌិត​ ថោង សារ៉ាត់ ស្រែកយំ​ខ្លាំងៗ​ដូច​កូនក្មេង​ ជាហេតុ​ឡើង​សម្ពាធ​ឈាម ហើយ​តុលាការ​ក៏​អនុញ្ញាត​ឲ្យ​អនុរក្ស​នាំ​ទណ្ឌិត​ ថោង សារ៉ាត់ ទៅ​មន្ទីរពេទ្យ​វិញ ប៉ុន្តែ​សវនាការ​នៅតែ​បន្ត​ ដោយ​តុលាការ​សាកសួរ​ក្រុម​អង្គរក្ស​បាន​ចំនួន​២​នាក់​ទៀត។​
​ជន​ជាប់​ចោទ ឈ្មោះ ​មាស សម្បត្តិ និង​ ឈ្មោះ ឈុន ចិ​ត្រា ត្រូវ​បាន​តុលាការ​បន្ត​ការសាកសួរ​បញ្ជាក់​បន្ថែម​ជុំវិញ​ឃាតកម្ម​លើ​ជនរងគ្រោះ អ៊ឹង ម៉េង​ជឺ។​

ព្រឹក​នេះ​ ជនជាប់ចោទ​ មាស សម្បត្តិ បាន​ឆ្លើយ​បដិសេធ​ចម្លើយ​សារភាព​ទាំង​នៅ​សមត្ថកិច្ច​នគរបាល និង​នៅ​តុលាការ​ចំនួន​៥​ដង ដោយ​ទទួល​តែ​ចម្លើយសារភាព​នៅក្នុង​សវនាការ​ដែល​តុលា​ការ​ចេញ​សាលក្រម​របៀប​ប៉ុណ្ណោះ។​ ចំណែក​ជនជាប់ចោទ ​ឈ្មោះ ឈុន ចិ​ត្រា បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​របស់​តុលាការ​តែម្ដង ដោយ​ជនជាប់ចោទ​បាន​ឆ្លើយ​យ៉ាងខ្លី​ថា ខ្លួន​បាន​ឆ្លើយ​សំណួរ​ដដែលៗ​ចំនួន​៥ , ៦ ដង​រួចមកហើយ ។​ ដោយសារ​រឿងក្ដី​នេះ​មាន​សភាព​ស្មុគស្មាញ ​និង​អង្គហេតុ​វែង​អន្លាយ តុលាការ​បានសម្រេច​ផ្អាក​សវនាការ​នៅ​ម៉ោង​១១​និង​៣០​នាទី ហើយ​នឹង​បន្ត​នៅ​ថ្ងៃ​ទី​០៥​ ខែ​មិនា ឆ្នាំ​២០១៩​ខាងមុខ​ទៀត។​ សូម​បញ្ជាក់​ថា តុលាការ​ បានសម្រេច​ចោទប្រកាន់​ទី​១​-ឈ្មោះ ថោង សារ៉ាត់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ថៅកែ​ក្រុមហ៊ុន ៩៩៩ ជាប់ចោទ​ពីបទ ផ្តើម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន។​

ទី​២-​ឈ្មោះ សៀង វាសនា ភេទ​ប្រុស អាយុ៤៤​ឆ្នាំ និង​ទី​៣​-ឈ្មោះ លី សៅ ហៅ​វី ភេទ​ប្រុស អាយុ ៤២​ឆ្នាំ (​ស្លាប់​) ជាប់ចោទ​ពីបទ ឃាតកម្ម​គិតទុក​ជាមុន។ ទី​៤​-ឈ្មោះ កូយ ចាន់ថុល ភេទ​ប្រុស អាយុ ២៩​ឆ្នាំ។ ទី​៥​-ឈ្មោះ មាស សម្បត្តិ ភេទ​ប្រុស អាយុ២៧​ឆ្នាំ និង​ទី​៦​-ឈ្មោះ ឈុន ចិ​ត្រា ភេទ​ប្រុស ជាប់ចោទ​ពីបទ សមគំនិត ​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​។ ចំពោះ​ការ​សួរដេញដោល តុលាការ​នឹង​បន្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​មករា​នេះ។​

សូម​រំលឹក​ថា​ ជនរងគ្រោះ​មាន ឈ្មោះ អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន ស៊ីម៉ងត៍​ពេជ្រ ត្រូវ​ឃាតក​បាញ់​សម្លាប់ កាលពី​ម៉ោង​ប្រមាណ​ជាជាង​៧​ល្ងាច​ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ​ នៅមុខ​តូប​លក់​ផ្លែឈើ​ស្រស់​ យីហោ ឡោ តិច​សេង ក្បែរ​ផ្សារ​អូឡាំពិក។​

ក្នុង​សវនាការ​ចំនួន​២២​លើក​កន្លងទៅ​ ក្រុម​ជនជាប់ចោទ​បាន​បដិសេធ​ថា ​ពួកគេ​មិន​ជា​ប់​ពាក់ព័ន្ធ​នឹង​ការសម្លាប់​ លោក​ឧកញ៉ា អ៊ឹ​ង ម៉េង​ជឺ ទេ ប៉ុន្តែ​ពួកគេ​មិនមាន​ភស្តុតាង​ដោះ​បន្ទុក​ទាល់តែសោះ។​

គួរ​រំឭក​ដែរ​ថា ជនជាប់ចោទ ​ឈ្មោះ ថោង សារ៉ាត់ និង​ឈ្មោះ ថោង ចំរើន (​ជា​ឪពុក​) និង​ឈ្មោះ កែវ សារី (​ជា​ម្តាយ​) ក៏​ធ្លាប់​ត្រូវបាន លោក ឃី ឆៃ ចៅក្រម​សាលា​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស ដាក់​ពន្ធនាគារ ពី​២​ឆ្នាំ ទៅ​២​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ ៦​លាន​រៀល​ចូល​ជា​ថវិការដ្ឋ ក្រោម​បទចោទប្រកាន់ កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត យោង​តាម​មាត្រា ៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ។​

ចំពោះ​សំណុំរឿង​ឃាតកម្ម បើក​ក្នុងករណី​តុលាការ​រកឃើញថា​ លោក​ ថោង សារ៉ាត់ ជា​អ្នកបញ្ជា​ឲ្យ​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ដូច​ការ​ចោទប្រកាន់​រ​បស់​តុលាការ នោះ​ក្រុម​ជនជាប់ចោទ​អាច​ប្រឈម​មុខការ​ជាប់​ពន្ធនាគារ​អស់​មួយជីវិត។ នេះ​បើ​យោងតាម​មាត្រា​២០០​ នៃ​ក្រម​ព្រហ្មទណ្ឌ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu