ភ្នំពេញ ៖ វាជារឿងមួយដែលនឹកស្មានមិនដល់ ព្រោះគេធ្លាប់តែឃើញចូលលុយគ្នារកស៊ីស្របច្បាប់ចម្លែកតែជនសង្ស័យពីរនាក់នេះ ចូលលុយគ្នាទិញម៉ូតូធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិអ្នកដំណើរ តែទីបំផុតជាប់ខ្នោះរបស់នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ដដែល។
យោងតាមប្រភពពី លោកអនុសេនីយ៍ឯក ឯម ភារី នាយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា កាលពីព្រលប់ ថ្ងៃទី២៣កុម្ភៈ មានករណីឆក់កាបូបពីស្ត្រីម្នាក់ ឈ្មោះ សុខ ឌួង អាយុ២៦ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរម៉ាកាឡូត៥ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកនាយប៉ុស្តិ៍បន្តទៀតថា នៅព្រលប់ថ្ងៃទី២៣កុម្ភៈនេះ ជនរងគ្រោះបានជិះម៉ូតូឌុបត្រឡប់មកពីផ្សារស្ទឹងមានជ័យមកផ្ទះជួល។ លុះមកដល់ជិតផ្ទះជួល ក៏ស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូម៉ាកនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខតាកែវ១O ៤២ ៤៨ បានមកធ្វើសកម្មភាពឆក់កាបូបដៃនារីរងគ្រោះ រួចបើកគេចទៅសង្កាត់អូរបែកក្អម តែត្រូវបានជនរងគ្រោះឲ្យម៉ូតូឌុបជិះដេញតាម រួចបុកពីក្រោយ បណ្តាលឲ្យដួល និងក្របួចបាន ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ចាត់ការតាមនីតិវិធី។
ជនសង្ស័យទី១-ឈ្មោះ គង់ សារិន ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតភូមិតាព្រឹម ឃុំសំបួរស្រុកទ្រាំង ខេត្តតាកែវ និងម្នាក់ទៀត ឈ្មោះ វន សៀត ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតភូមិចាជ្រុំ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង៕
Source: Kampuchea Thmey Daily
0 Comments