កងកម្លាំងស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិកបានព្រមានកាលពីថ្ងៃអាទិត្យថា ពួកគេកំពុងតែតស៊ូដើម្បីទប់ទល់នឹងលំហូរនៃជនបរទេសដែលចាកចេញពីការដួលរលំនៃរដ្ឋ Caliphate របស់ក្រុមរដ្ឋឥស្លាមហើយជំរុញឲ្យរដ្ឋាភិបាលទទួលខុសត្រូវសម្រាប់ពលរដ្ឋរបស់ពួកគេ។
កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយពួកឃើដបានជម្លៀសមនុស្សប្រុស ស្រីនិងកុមារជិត៥,០០០នាក់ចេញពីតំបន់កាន់កាប់ដោយពួកជីហាដនិយមកាលពីថ្ងៃពុធហើយកងកម្លាំងនេះកំពុងខិតកាន់តែកៀកទៅនឹងការដណ្តើមទឹកដីចុងក្រោយក្រោមការគ្រប់គ្រងរបស់ក្រុម IS មកវិញ។
មន្ត្រីការបរទេសឃើដលោក Abdel Karim Omar បានប្រាប់ AFP ថា “ចំនួនអ្នកប្រយុទ្ធបរទេសនិងសាច់ញាតិរបស់ពួកគេដែលយើងកំពុងកាន់កាប់កំពុងតែកើនឡើងយ៉ាងខ្លាំង”។ លោកបន្តថា “ហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្នរបស់យើងមិនអាចដោះស្រាយលំហូរដ៏ធំបែបនេះបានទេ”។
ជនជាតិឃើដស៊ីរីបានអំពាវនាវម្តងហើយម្តងទៀតឲ្យបណ្តាប្រទេសបរទេសត្រូវធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ពួកគេប៉ុន្តែប្រទេសភាគច្រើនមានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឲ្យជនជីហាដនិយមរឹងរូសនិងសាច់ញាតិរបស់ពួកគេត្រលប់មកផ្ទះវិញដោយសារតែបញ្ហាសន្តិសុខ។
អ្នកនាំពាក្យ SDF លោក Mustefa Bali បាននិយាយនៅលើគេហទំព័រ Twitter កាលពីល្ងាចថ្ងៃសៅរ៍ថា “ខណៈដែលជនបរទេសរាប់ពាន់នាក់បានរត់គេចចេញពីរដ្ឋ Caliphate ដែលដួលរលំរបស់ក្រុម IS នោះ បន្ទុកដែលធ្ងន់រួចទៅហើយសម្រាប់ពួកយើងក្នុងការដោះស្រាយវាគឺកាន់តែធ្ងន់ទៅៗ”។
លោកបន្តថា “រឿងនេះនឹងនៅតែជាបញ្ហាប្រឈមធំបំផុតដែលកំពុងរង់ចាំយើងរហូតទាល់តែរដ្ឋាភិបាលចាត់វិធានការនិងបំពេញទំនួលខុសត្រូវរបស់ខ្លួនចំពោះប្រជាពលរដ្ឋរបស់ពួកគេ”។
យោងតាម SDF បានឲ្យដឹងថា គ្មានការជម្លៀសត្រូវបានគេរាយការណ៍ទេកាលពីថ្ងៃសៅរ៍ប៉ុន្តែមនុស្សពីរក្រុមដែលបានចាកចេញកាលពីថ្ងៃពុធនិងថ្ងៃសុក្រគឺរួមមានជនជាតិអឺរ៉ុប អ៊ីរ៉ាក់និងជនជាតិនៃប្រទេសអតីតប្រទេសសូវៀត។
យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលជាក្រុមឃ្លាំមើលសង្គ្រាមមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានឲ្យដឹងថា មនុស្សប្រហែល៤៦,០០០នាក់រួមទាំងជនបរទេសជាច្រើនផងដែរបានចាកចេញពីទឹកដីដែលកំពុងថយចុះរបស់ក្រុម IS ចាប់តាំងពីដើមខែធ្នូមក៕ AFP
Source: Kampuchea Thmey Daily
0 Comments