កណ្តាល ៖ លោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ខណៈលោកធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តអង្គសិរី នៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។
មានប្រសាសន៍នៅក្នុងពិធីនោះ លោក ហ៊ុន ម៉ាណែត បានអបអរសាទរសមិទ្ធផលនៅវត្តអង្គសិរីដែលកើតឡើងដោយការខិតខំចលនាកៀរគរពីសំណាក់ព្រះចៅអធិការគណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ និងបានរួមគ្នាកសាងសមិទ្ធផលជាច្រើន ហើយការរីកចម្រើនបែបនេះទៅបាន ដោយសារប្រទេសមានសុខសន្តិភាព មានការរីកចម្រើន វិស័យសាសនា និងមានការចូលរួមចែករំលែកពីសំណាក់ពុទ្ធបរិស័ទ សប្បុរសជន ដើម្បីកសាងសមិទ្ធផលនៅទីនេះ ក៏ដូចជាសមិទ្ធផលជាច្រើននៅទូទាំងប្រទេស។
លោកបន្តថា ការរស់នៅក្នុងសង្គមមួយ បើគ្មានសាសនាអប់រំផ្លូវចិត្ត សីលធម៌ គុណធម៌ ការកសាងអំពើល្អនោះទេ យើងមិនមានសេចក្តីសុខនោះទេ ហើយមានការកាប់ចាក់គ្នាមិនឈប់។ សាសនា បានដើរតួសំខាន់ណាស់សម្រាប់អប់រំសីលធម៌ គុណធម៌ អប់រំណែនាំឲ្យមនុស្សប្រព្រឹត្តអំពើល្អនៅក្នុងសង្គម ហើយការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន បានផ្សារភ្ជាប់ជាមួយនឹងវិស័យសាសនាដោយផ្អែកលើការធ្វើបុណ្យ ការធ្វើអំពើល្អជាមួយប្រជាពលរដ្ឋធ្វើឲ្យប្រទេសរីកចម្រើនទៅមុខ។
លោក ហ៊ុន ម៉ាណែត លើកឡើងទៀតថា សមិទ្ធផលដែលមានថ្ងៃនេះ គឺជាសមិទ្ធផលបន្ថែមរយៈពេល៤០ឆ្នាំ នៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងប្រទេស។ សូមថ្លែងអំណរគុណព្រះចៅអធិការគណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយ ដែលបានចូលរួមចែករំលែកកសាងសមិទ្ធផល និងសូមអរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានជួយសម្រួលនៅក្នុងការកសាងសមិទ្ធផលទាំងអស់នេះ។
លោកបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល បានខិតខំណាស់ ដើម្បីបម្រើប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរ ត្រូវធ្វើបុណ្យជាមួយប្រជាពលរដ្ឋ ធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋ ដោយមិនទុកពួកគាត់ចោលនោះទេ ហើយត្រូវខិតខំដោះស្រាយជូនពួកគាត់។ ដូច្នេះសូមប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលផ្សេងៗដើម្បីផលប្រយោជន៍រួម។
ជាមួយគ្នានោះដែរ លោកបានថ្លែងអំណរគុណប្រជាពលរដ្ឋនៅឃុំអន្លង់រមៀត និងប្រជាពលរដ្ឋទូទាំងស្រុកកណ្ដាលស្ទឹង ដែលបានបោះឆ្នោតគាំទ្រ សម្ដេចតេជោ ហ៊ុន សែន និងបានផ្តល់ឱកាស និងលើកទឹកចិត្តដល់អ្នកខិតខំធ្វើពិតប្រាកដ ដើម្បីថែរក្សាសុខសន្តិភាព និងដឹកនាំប្រទេសឲ្យមានការរីកចម្រើនតទៅមុខទៀត។ នេះហើយការធ្វើបុណ្យ ការធ្វើអំពើល្អទៅវិញទៅមក ដែលរាជរដ្ឋាភិបាលបានធ្វើអំពើល្អបម្រើប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋបានគាំទ្រ និងផ្តល់កម្លាំងចិត្តដល់អ្នកធ្វើពិតប្រាកដ។
តាមលោក ហ៊ុន ម៉ាណែត ការប្ដេជ្ញាចិត្តរបស់ សម្ដេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺបម្រើប្រជាពលរដ្ឋ និងនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។ សូមប្រជាពលរដ្ឋជឿទុកចិត្តចុះអំពើល្អនៅតែឈ្នះអស់មារសត្រូវ ហើយធ្វើឲ្យប្រទេសមានសុខសន្តិភាព មានការរីកចម្រើនទៅមុខ។ សូមប្រជាពលរដ្ឋ បន្តជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលនៅក្នុងការការពារប្រជាជន ការពារផលប្រយោជន៍ជាតិ ហើយយើងរួមគ្នាកសាងប្រទេសទៅមុខបន្តទៀត។
សម្ដេចតេជោ លោកហត់ណាស់ ប៉ុន្តែកម្លាំងចិត្តរបស់លោកនៅជាមួយប្រជាពលរដ្ឋជានិច្ច លោកបានខិតខំធ្វើការទាំងក្នុងប្រទេស និងក្រៅប្រទេស ខិតខំលើកកិត្តិយសជាតិគ្រប់ទីកន្លែង ខិតខំកៀរគរអ្នកវិនិយោគមកវិនិយោគនៅក្នុងប្រទេស ដើម្បីបង្កើតឱកាសការងារឲ្យកូនចៅប្រជាពលរដ្ឋ ដោះស្រាយបម្រើប្រជាពលរដ្ឋ ហើយលោកតែងតែគិតគូរយកចិត្តទុកដាក់ និងមានកម្លាំងចិត្តបម្រើប្រជាពលរដ្ឋតទៅទៀតដោយមិនរត់ចោលប្រជាពលរដ្ឋដូចអ្នកនយោបាយខ្លះនោះទេ។
លោក ហ៊ុន ម៉ាណែត អះអាងថា អ្នកនយោបាយខ្មែរមួយចំនួន គួរតែលើកកិត្តិយសជាតិនៅក្រៅប្រទេស ប្រសើរជាងបន្តុះបង្អាប់ជាតិឯង។ បើខ្មែរមិនជួយលើកជាតិខ្មែរ គ្មាននរណាលើកយើងទេ។
រួមគ្នាធ្វើអំពើល្អ ព្រោះការធ្វើអំពើល្អមានការគាំទ្រពីប្រជាពលរដ្ឋ។
សូមប្រជាពលរដ្ឋរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាព សេចក្តីសុខសុខសប្បាយ និងការរីកចម្រើនរបស់ប្រទេសជាតិ កុំធ្វើតាមការញុះញង់តាមកលល្បិចរបស់អ្នកនយោបាយមួយចំនួន ដើម្បីតែផលប្រយោជន៍នយោបាយរបស់ខ្លួន។ សូមប្រជាពលរដ្ឋខិតខំធ្វើការ និងកសាងអនាគតកូនចៅយើងជំនាន់ក្រោយ៕
Source: Kampuchea Thmey Daily
0 Comments