មន្ត្រីកងទ័ពម្នាក់ បាននិយាយថា កងកុម្ម៉ង់ដូបង់ក្លាដែស បានសម្រុកចូលយន្តហោះដឹកអ្នកដំណើរមួយគ្រឿងនៅភាគអាគ្នេយ៍ប្រទេសកាលពីថ្ងៃអាទិត្យនិងបានបាញ់សម្លាប់បុរសប្រដាប់អាវុធម្នាក់ដែលគេសង្ស័យថា ព្យាយាមប្លន់ជើងហោះហើរដែលឆ្ពោះទៅកាន់ទីក្រុងឌូបៃ។
ជនសង្ស័យដែលត្រូវបានរៀបរាប់ដោយក្រុមមន្ត្រីថាជាបុរសបង់ក្លាដែសស្ថិតក្នុងវ័យជាង២០ឆ្នាំត្រូវបានបាញ់សម្លាប់ខណៈដែលកងកម្លាំងពិសេសបានប្រញាប់ប្រញាល់ទៅរកយន្តហោះ Boeing 737-800 បន្ទាប់ពីវាចុះចតដោយសុវត្ថិភាពនៅទីក្រុង Chittagong ។
ក្រុមមន្ត្រីបាននិយាយថា អ្នកដំណើរចំនួន១៣៤នាក់និងបុគ្គលិកអាកាសយានិក១៤នាក់នៅលើជើងហោះហើរ BG147 របស់ក្រុមហ៊ុន Bangladesh Biman ត្រូវបានជួយសង្គ្រោះទាំងអស់ដោយគ្មាននរណាម្នាក់រងរបួសឡើយ។
ប៉ុន្តែអ្នកនាំពាក្យកងទ័ពលោកឧត្តមសេនីយ៍ Motiur Rahman បាននិយាយថា ជនដែលគេសង្ស័យថាជាអ្នកប្លន់ដែលត្រូវបានកំណត់អត្តសញ្ញាណថាមានឈ្មោះ “Mahadi” និងត្រូវបានគេពិពណ៌នាថាមានអាយុ២៥ឬ២៦ឆ្នាំគឺបានរងរបួសហើយស្លាប់ភ្លាមៗបន្ទាប់ពីត្រូវបានចាប់ខ្លួន។
លោក Rahman បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “កងកុម្ម៉ង់ដូរបស់យើងបានស្នើសុំឲ្យចោរប្លន់ចុះចាញ់ប៉ុន្តែគាត់បានបដិសេធហើយត្រូវបានគេបាញ់។ ក្រោយមក យើងបានដឹងថា គាត់បានស្លាប់ហើយ។ យើងបានរកឃើញកាំភ្លើងខ្លីមួយដើមពីគាត់ប៉ុន្តែគ្មានអ្វីផ្សេងទៀតទេ”។
អ្នកដំណើរម្នាក់បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Chittagong ថា “ត្រឹមតែ១០នាទីប៉ុណ្ណោះបន្ទាប់ពីយន្តហោះបានហោះចេញពីទីក្រុងដាកា គាត់បានបាញ់ពីរគ្រាប់”។
សមាជិកម្នាក់នៃបុគ្គលិកអាកាសយានិកដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា បុរសម្នាក់នោះមានកាន់វត្ថុដែលដូចជាគ្រាប់បែក។
ចោរប្លន់ក៏បានចាប់អ្នកបម្រើការលើយន្តហោះម្នាក់ធ្វើជាចំណាប់ខ្មាំងផងដែរ។
ប្រធានផ្នែកអាកាសចរណ៍ស៊ីវិលរបស់ប្រទេសឈ្មោះ Nayeem Hasan បាននិយាយថា ជនសង្ស័យបានអះអាងថាមានគ្រាប់បែកមួយនៅលើយន្តហោះ៕ AFP
Source: Kampuchea Thmey Daily
0 Comments