សៀមរាប ៖ គណៈប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានធ្វើទស្សនកិច្ចទៅប្រទេសជប៉ុន រយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី១៧-២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងដើម្បីចូលរួមប្រជុំពិភាក្សាបច្ចេកទេសគម្រោងជួសជុលស្ពានហាលអង្គរវត្ត សិក្សាស្វែងយល់តំបន់បុរាណដ្ឋានជប៉ុន និងចូលរួមសិក្ខសាលាអន្តរជាតិ ស្តីពីការអភិរក្ស និងជួសជុលស្ពានហាលអង្គរវត្ត។
ក្នុងដំណើរទស្សនកិច្ចនេះ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈប្រតិភូអាជ្ញាធរជាតិអប្សរា បានទៅទស្សនកិច្ចនៅតំបន់បេតិកភណ្ឌមួយចំនួនរបស់ជប៉ុន ក្នុងនោះរួមមាន ឧទ្យានបុរាណវិទ្យា Yoshinogari សារមន្ទីរ Nagoya ដែលស្ថិតនៅខេត្តសាហ្គា ភាគខាងត្បូងប្រទេសជប៉ុន។
ក្នុងនោះដែរ គណៈប្រតិភូ បានសិក្សាពីបុរាណវត្ថុ ក៏ដូចជាស្វែងយល់ពីវប្បធម៌ប្រពៃណីនៅទីតាំងនោះផង។ ទន្ទឹមនឹងនោះ គណៈប្រតិភូក៏បានសិក្សាស្វែងយល់ពីការងារគ្រប់គ្រង និងបច្ចេកទេសក្នុងការអភិរក្ស និងជួសជុលតំបន់បុរាណដ្ឋានទាំងពីរខាងលើផងដែរ។
រីឯថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈប្រតិភូបានចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេស នៃគណៈកម្មការកម្ពុជា និងជប៉ុន ដើម្បីសិក្សានិងផ្លាស់ប្ដូរបច្ចេកទេសជួសជុលស្ពានហាលអង្គរវត្ត ដោយកិច្ចប្រជុំផ្តោតលើប្រធានបទសំខាន់ៗចំនួន២។ ទី១ផ្តោតលើ លទ្ធផលសម្រេចបាននៃគណៈកម្មការបច្ចេកទេសកម្ពុជា និងជប៉ុន និងទី២ បច្ចេកទេសបុរាណ និងស្ពានហាលអង្គរវត្ត។
កិច្ចប្រជុំនេះដែរ ភាគីកម្ពុជាដឹកនាំដោយ លោក ហង់ ពៅ និង ភាគីជប៉ុន ដឹកនាំដោយលោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា។
សូមបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកទី៧ហើយ នៃកិច្ចប្រជុំបច្ចេកទេសដើម្បីផ្លាស់ប្ដូរបច្ចេកទេសលើគម្រោងជួសជុលស្ពានហាល ដែលកំពុងដំណើរការជួសជុល។
ក្នុងដំណើរទស្សនកិច្ចនេះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈប្រតិភូបានចូលរួមក្នុងសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “អង្គររស់ឡើងវិញ ការងារជួសជុល គឺធ្វើដោយដៃខ្មែរ” ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោក ហ៊ីរ៉ូយ៉ា ស៊ីអាន់ដុ ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអាស៊ី និងលោកសាស្ត្រាចារ្យ ស៊ឹតុមឹ សាគុម៉ា អធិការបតី នៃស្ថាប័នអប់រំសូហ្វីយ៉ា អ្នកជំនាញជប៉ុន សិស្ស និស្សិត ព្រមទាំងប្រជាជនជប៉ុនផងដែរ។
ក្នុងឱកាស នៃសិក្ខាសាលានេះ អ្នកជំនាញកម្ពុជា និងជប៉ុន បានធ្វើបទបង្ហាញដល់អង្គសិក្ខាសាលាក្រោមប្រធានបទផ្សេងៗជុំវិញការងារអភិរក្ស និងជួសជុលស្ពានហាលប្រាសាទអង្គរវត្ត។
សិក្ខាសាលា ក៏បានរៀបចំវេទិកាពិភាក្សារួមគ្នាមួយ សម្របសម្រួលដោយដោយសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា ដោយមានវាគ្មិនកម្ពុជា និងជប៉ុនធ្វើកិច្ចពិភាក្សា និងឆ្លើយសំនួរផ្សេងៗដែលបានលើកឡើងក្នុងអង្គសិក្ខាសាលា៕
Source: Kampuchea Thmey Daily
0 Comments