Ad Code

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​សន្យា​ផ្ទេរ​ប្រាក់​៣០​ពាន់​លាន​ដុល្លារ​ទៅកាន់​ភូមិ​នានា​ប្រសិនបើ​ជាប់ឆ្នោត​ជា​ថ្ម



ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo បាន​សន្យាថា​នឹង​បង្កើន​មូលនិធិ​ដែល​រដ្ឋាភិបាល​ផ្ទេរ​ទៅ​ឲ្យ​ភូមិ​នានា​នៅ​ទូទាំងប្រទេស​ដែលមាន​ប្រជាជន​ច្រើន​បំផុត​លំដាប់​ទី​បួន​របស់​ពិភពលោក​មួយ​នេះ​រហូតដល់​ជិត​៣០​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខនេះ​ប្រសិនបើ​លោក​ឈ្នះ​អាណត្តិ​ទី​២​នៅក្នុង​ខែមេសា។

ធនាគារពិភពលោក​បាន​ចោទសួរ​អំពី​ប្រសិទ្ធភាព​នៃ​កម្មវិធី​នេះ​ដែល​គេ​ហៅថា Village Funds ប៉ុន្តែ​ក៏មាន​ការព្រួយបារម្ភ​ផងដែរ​អំពី​របៀប​ដែល​ការផ្ទេរ​ប្រាក់​នេះ​អាច​ជំរុញ​ឲ្យ​មាន​អំពើពុករលួយ​។​

លោក Widodo ដែល​នឹងត្រូវ​ប្រឈមមុខ​ជាមួយ​នឹង​អតីត​ឧ​ត្ត​ម​សេនីយ៍​យោធា​លោក Prabowo Subianto នៅក្នុង​ការប្រកួត​ជាថ្មី​បន្ទាប់ពី​ការប្រកួត​ក្នុង​ឆ្នាំ​២០១៤​បានធ្វើ​ការសន្យា​នេះ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​កាលពី​យប់​ថ្ងៃអាទិត្យ​។​

លោក​បាន​និយាយថា​នៅត្រឹម​ដំណាច់ឆ្នាំ​២០១៩ រដ្ឋបាល​របស់លោក​នឹង​ផ្ទេរប្រាក់​ចំនួន​២៥៧ ពាន់​ពាន់​លាន​រូពៀ (១៨.៣៦​ពាន់​លាន​ដុល្លារ​) ទៅ​ភូមិ​នានា​ហើយ​នេះ​នឹង​កើន​ឡើងដល់​៤០០​ពាន់​ពាន់​លាន​រូពៀ (២៨.៥៤​ពាន់​លាន​ដុល្លារ​) ប្រសិនបើ​លោក​ទទួលបាន​៥​ឆ្នាំ​ទៀត​។​

លោក Widodo បាន​ប្រាប់​ក្រុម​អ្នកគាំទ្រ​រាប់ពាន់នាក់​ក្នុង​សាលសន្និសីទ​មួយ​នៅ​ទីក្រុង Sentul ភាគខាងត្បូង​ទីក្រុង​ហ្សា​ការ​តា​កាលពី​ថ្ងៃអាទិត្យ​ថា “​ប្រជាជន​ឥណ្ឌូនេស៊ី​ពាក់កណ្តាល​គឺជា​អ្នករស់នៅ​តាម​ភូមិ​និង​មាន​កម្រិត​ភាពក្រីក្រ​ខ្ពស់ជាង​នៅ​ទីក្រុង​។ ជាមួយនឹង​ប្រាក់​ល្អប្រសើរ ភាពរុងរឿង​របស់​ប្រជាជន​នឹងត្រូវ​បាន​ចែកចាយ​ឲ្យ​ស្មើគ្នា​ទៅដល់​ភូមិ​ដាច់ស្រយាល​”​។​

ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​ឥណ្ឌូនេស៊ី​បាន​ចាប់ខ្លួន​មន្ត្រី​ភូមិ​រាប់រយ​នាក់​ដោយសារ​អំពើពុករលួយ​ចាប់តាំងពី​គម្រោង Village Funds បានចាប់ផ្តើម​កាលពី​ឆ្នាំ​២០១៥។

គួរ​បញ្ជាក់ថា បើ​យោង​តាម​ចំនួន​របស់​ក្រុម​ឃ្លាំមើល​អំពើពុករលួយ​ឥណ្ឌូនេស៊ី​បាន​បង្ហាញ​ថា គិត​ត្រឹម​ចុង​ឆ្នាំមុន មាន​ករណី​ពុករលួយ​ចំនួន​១៨១​ករណី​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu