បន្ទាយមានជ័យ ៖ នាងក្រមុំចិត្តខ្លាំងម្នាក់ ដើរលេងអស់ចិត្តមកដល់ផ្ទះខឹងនឹងម្តាយឪពុកស្តីបន្ទោសឲ្យ តូចចិត្តទៅយកថ្នាំពុលមកផឹកសម្លាប់ខ្លួនបានសម្រេច។
ក្រុមគ្រួសារ បានប្រទះឃើញសពនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះហ៊ន ស្រីល័ក្ខ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារីស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ីបានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះជនរងគ្រោះបានទៅដើរលេងយ៉ាងសប្បាយអស់ចិត្ត លុះត្រឡប់មកដល់ផ្ទះវិញ ឪពុកម្ដាយស្ដីបន្ទោសឲ្យបន្តិចបន្តួចខឹងពេក បានសម្រេចចិត្តយកថ្នាំកណ្តុរមកលេបសម្លាប់ខ្លួនតែម្ដងមិនដឹងពីថ្មើរណាលុះនៅម៉ោង៧ព្រឹក ទើបឪពុកម្តាយដឹង វាហួសពេលអស់ទៅហើយ។
ក្រោយពីកើតហេតុរួចគេឃើញមានសមត្ថកិច្ចបានចុះមកពិនិត្យសពដល់កន្លែងកើតហេតុហើយបានធ្វើការសន្និដ្ឋានថា សពនេះពិតជាលេបថ្នាំពុលសម្លាប់ខ្លួនពិតប្រាកដគ្មានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ ក្រោយពិនិត្យសពហើយ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសពតែម្តង៕
Source: Kampuchea Thmey Daily
0 Comments