លោក Felix Gonzalez Dalmas គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបង្ហាញពីមូលហេតុនៃអវត្តមានខ្សែប្រយុទ្ធ កែវ សុខផេង ពីក្រុមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ២លើកចុងក្រោយ ថ្មីៗនេះ បើកធៀបនឹងកីឡាករសំខាន់ៗមួយចំនួននៅក្នុងក្រុម ខណៈលទ្ធផលរបស់ក្រុមទាំងមូលក៏ហាក់មិនសូវសមប្រកបផងដែរ។
គ្រូខាងលើបានបញ្ជាក់ថា «តាមពិតកែវ សុខផេង មិនអាចហ្វឹកហាត់បាន១០០ភាគរយ អ៊ីចឹងយើងមិនអាចដាក់គាត់លេងបានទេ។ ដូច្នេះ យើងផ្ដល់ឱកាសដល់កីឡាករណាដែលធ្វើបានល្អ១០០ភាគរយនៅក្នុងការហ្វឹកហាត់»។ លោកបន្តថា កូនក្រុមដែលមានឱកាសចូលលេងបានលុះត្រាតែបានបង្ហាញក្នុងការហ្វឹកហាត់ពេញលេញ និង អស់ពីសមត្ថភាព។
កីឡាករ កែវ សុខផេង បានសម្រេចចិត្តចូលរួមជាមួយក្រុមវិសាខា ក្នុងជើងទី២ ប្រចាំលីគកំពូលកម្ពុជា ក្រោយផុតកិច្ចសន្យាពាក់កណ្ដាលរដូវកាលជាមួយក្លិប PKNP របស់ម៉ាឡេស៊ី ក្នុងខែឧសភា កន្លងទៅ។ កីឡាកររូបនេះបានចាប់អាជីពបាល់ទាត់របស់ខ្លួននៅឆ្នាំ២០១២ ជាមួយក្លិបបឹងកេត តែមិនសូវបានបង្ហាញខ្លួននោះទេ រហូតដល់ឆ្នាំ២០១៥ ទើបរូបគេជាមួយបងប្រុសកែវ សុខង៉ន បានសម្រេចចិត្តផ្ទេរទៅចូលរួមជាមួយក្រុមភ្នំពេញក្រោន រហូតមកដល់បច្ចុប្បន្ន។ រូបគេក៏ជាផ្នែកមួយជួយឲ្យបឹងកេត ឈ្នះជើងឯកលីគកំពូលកម្ពុជា នៅឆ្នាំ២០១២ និងភ្នំពេញក្រោន នៅឆ្នាំ២០០១៥ រហូតដល់ឆ្នាំ២០១៧។
បើនិយាយពីកៅអីក្នុងក្រុមជម្រើសជាតិកម្ពុជា វិញគឺចាប់ពីឆ្នាំ២០១៥ មករូបគេត្រូវបានគ្រូបង្វឹកកោះហៅឲ្យចូលរួមជាមួយក្រុម U22 កម្ពុជា និងក្រុមជម្រើសជាតិគ្រប់លើកផងដែរ។ មិនតែប៉ុណ្ណោះកីឡាកររូបនេះក៏ធ្លាប់រកគ្រាប់បាល់ឲ្យក្រុមជាប្រចាំផងដែរ៕
Source: Kampuchea Thmey Daily
0 Comments