Ad Code

ថៃ​មិន​គោរព​អនុស្សរណៈ (MOU)​ ដោយ​ចាប់​ពលរដ្ឋ​ខ្មែរ​ដុត​សម្លាប់​ទាំង​រស់​

បាត់ដំបង ៖ ពលរដ្ឋ​ខ្មែរ​ដែល​ជា​ជន​ស្លូត​ត្រង់​ចំនួន​ពីរ​នាក់​បាន​ស្លាប់​យ៉ាង​វេទនា​នៅក្នុង​ភ្នក់ភ្លើង​ដែល​ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រើ​ឧបករណ៍​ដុត​ដោយ​សំបក​កង់​រថយន្ត​កាល​ពី​យប់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៥ នៅ​ត្រង់​ចំណុច​ភូមិ​ខាវ​ចុង​ខេ​ប ឃុំ​ខ្លង​ហាត ស្រុក​ខ្លង​ហាត ខេត្ត​ស្រះ​កែវ នៅក្នុង​ទឹកដី​ថៃ​ដែល​មាន​ចំងាយ​ពី​ព្រំដែន​ប្រមាណ​5គីឡូម៉ែត្រ ទន្ទឹម​នឹង​ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន ខេត្ត​បាត់​ដំបង ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​ចំនួន៤​នាក់​បាន​ចូល​ទៅ​ស៊ី​ឈ្នួល​ដឹក​ម៉ូតូ​ឆ្លងដែន​ឲ្យ​គេ​ ហើយ​ត្រូវ​ទាហាន​ថៃ​ចាប់បាន។

បើ​តាម​ការ​រៀបរាប់​ពី​លោក អញ កា​ម៉ា​ល់ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន​
បាន​លើក​ឡើង​ថា លោក​បាន​ទទួល​ព័ត៌មាន​នេះ​តាមរយៈ​មន្ត្រី​យោធា​ថៃ​ម្នាក់​បាន​និយាយ​ថា​ នៅ​យប់​ថ្ងៃ​កើតហេតុ​គឺ​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​៤​នាក់​បាន​លបចូល​ឆ្លងដែន​ខុសច្បាប់​ដើម្បី​រក​ស៊ី​អូស​ម៉ូតូ​ឆ្លងដែន​គេចពន្ធ​ លុះ​នៅ​ប្រហែលជា​៥​គីឡូម៉ែត្រ ​ទៀត​ដល់​ខ្សែបន្ទាត់​ព្រំដែន​ក៏បាន​ជួបនឹង​ទាហាន​ឈុត​ខ្មៅ​ថៃ​របស់​កង​វីរសេនា​ធំ​លេខ​១៣ ដែល​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​ត្រង់​ចំណុច​ខាងលើ ទើប​ត្រូវ​ទាហាន​ទាំង​នោះ​បាន​ដេញ​តាម​បាញ់​ប្រមាណ​១០​គ្រាប់ ប៉ុន្តែ​គ្រាប់​ទាំងនេះ​ពុំ​មាន​ត្រូវ​នរណា​ម្នាក់​ឡើយ​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ កម្លាំង​ទាហាន​ថៃ​បាន​ពង្រាយ​គ្នា​ដេញ​ចាប់​ទាំង​រស់​តែម្តង​ដោយ​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ទាំង៤​នាក់​នោះ​ត្រូវ​បាន​ទាហាន​ថៃ​ចាប់​ខ្លួន​បាន​ពីរ​នាក់ ដោយ​ពួកគេ​បាន​យក​សំបក​កង់​រថយន្ត​មក​ដុត​ជន​ស្លូតត្រង់​ពីរ​នាក់​នោះ​ទាំង​រស់​តែម្តង ប៉ុន្តែ​ក្រោយពី​ដុត​មួយសន្ទុះ​ល្មម​តែ​ជនរងគ្រោះ​ស្លាប់​ហើយ​ ទើប​ពួកគេ​ធ្វើការ​វេច​ខ្ចប់​សព​បញ្ជូន​ទៅ​ធ្វើ​កោសល្យវិច័យ​នៅ​ឯ​ទីក្រុង​បាងកក​ ដើម្បី​ស្រាវជ្រាវ​រក​សាវតារ។​
លុះ​ព្រឹកស្អែក​ឡើង​ក៏​ស្រាប់​តែ​មាន​សាច់ញាតិ​ និង​ក្រុម​គ្រួសារ​បាន​មក​ជួបនឹង​លោក​មេ​បញ្ជា​ការ​រង់​ដើម្បី​ចង់​ដឹង​ការពិត ព្រោះ​បុរស​ជា​ឪពុក​បាន​និយាយ​ថា​ កូន​របស់​លោក​និង​អ្នកភូមិ​ម្នាក់ទៀត​
មានឈ្មោះ សូវ រស់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ឈ្មោះ វឿន ជី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ឃុំ​
សែន​សុខ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ហើយ​ពួកគេ​បាន​ចេញពីផ្ទះ​នៅ​ថ្ងៃ​ទី៦ ខែមករា ឆ្នាំ២០១៥ ដោយ​បាន​ប្រាប់​ថា ​ទៅ​រក​ស៊ី​ឈ្នួល​កាប់​អំពៅ​ឲ្យ​ថៃ ប៉ុន្តែ​ទើបតែ​បាន​មួយថ្ងៃ​ស្រាប់តែ​លោក​បាន​ទទួល​ដំណឹង​ដ៏​អកុសល​បែបនេះ​ទៅវិញ។​
លោក អញ កា​ម៉ា​ល់ បាន​បន្ថែម​ថា នៅ​ពេល​ដែល​លោក​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ភាគី​ថៃ​
ដើម្បី​ទៅ​ពិនិត្យ​ទីតាំង​នោះ​គឺ​ពុំ​ឃើញ​មាន​សព​នោះ​ទេ​ ព្រោះ​គេ​បាន​បញ្ជូន​ទៅ​ក្រុង​បាងកក​ផុត​ទៅ​ហើយ។ ដោយ​នៅ​សល់​តែ​ស្នាម​ផេះ​និង​ធ្យូង​នៃ​សំបក​កង់​រថយន្ត​តែប៉ុណ្ណោះ។​
មន្ត្រី​យោធា​ម្នាក់​នៅក្នុង​អង្គភាព​នៃ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ បាន​គូស​
បញ្ជាក់​ថា​ភាគី​កម្ពុជា​និង​ថៃ បាន​ចុះ​អនុស្សរណៈ(MOU)​រួចហើយ​កាលពី​អំឡុង​ដើមឆ្នាំ​២០០០​ស្ដីពី​ការ​ឈប់​បាញ់​សម្លាប់​ទៅលើ​ជន​ស្លូត​ត្រង់ ដែល​ជា​ជន​ស៊ីវិល ហើយ​ក៏​ត្រូវ​បញ្ជូន​ភ្លាមៗ​ទៅ​កាន់​មន្ទីរពេទ្យ​ផង​ដែរ​ បើ​មាន​នរណា​ម្នាក់​រងគ្រោះ​ដោយសារ​ផ្ទុះ​គ្រាប់មីន​ឬក៏​សម្រាលកូន​ជាដើម។​
បើ​ទោះ​បី​ជា​ជន​ទាំងនោះ​ជា​ជន​អន្តោប្រវេសន្ត​ខុសច្បាប់​ក៏ដោយ គឺ​គ្មាន​ទោស​ប្រហារ​ជីវិត​ជា​ដាច់ខាត ម្យ៉ាងវិញទៀត​បើ​ជន​ទាំង​នោះ​បាន​លប​លួច​ឆ្លងដែន​ខុសច្បាប់​ចំងាយ​៥គីឡូម៉ែត្រ ក៏​ដោយ​ក៏​វា​ស្ថិត​នៅ​លើ​តំបន់​ស​ដែរ​ នេះ​បើ​យោងទៅតាម​ច្បាប់​យោធា​គឺ​មាន​ចំងាយ​រហូតដល់​១៥​គីឡូ​ម៉ែត្រ​ឯណោះ ហើយ​ករណី​ខាងលើ​គឺ​មានន័យថា ភាគី​ថៃ​បាន​បំពាន​ទៅ​នឹង​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ទាំងស្រុង​ដែល​ភាគី​ថៃ​មិន​ត្រឹមតែ​ដេញ​តាម​បាញ់ប្រហារ​ប៉ុណ្ណោះ​ទេ គឺ​នៅ​ពេល​ដែល​ចាប់​បាន​ហើយ​បែរជា​យក​ជន​ស្លូត​ត្រង់​ទាំងពីរ​នាក់​នោះ​ទៅ​ដុត​សម្លាប់​ទាំង​រស់​ថែមទៀត នេះ​គឺជា​ទង្វើ​មួយ​ដ៏​សាហាវ និង​ឃោរឃៅ​បំផុត​សម្រាប់​ក្រុម​ទាហាន​ឈុត​ខ្មៅ​ទាំងនេះ។​
បច្ចុប្បន្ន​យើង​មិនទាន់​ដឹង​ថា​ កម្ពុជា​មាន​វិធានការ​យ៉ាងណា​នោះ​ទេ​ ទៅលើ​ភាគី​ថៃ​ដែល​
ប្រព្រឹត្ត​នូវ​អំពើ​ថោកទាប​ដោយ​បំពាន​ទៅលើ​អនុស្សរណៈ​(MOU)​បែបនេះ៕
សោ និយម​រ័ត្ន​

Post a Comment

0 Comments

Close Menu