សាក្សីបានប្រាប់ AFP ថា កាលពីថ្ងៃព្រហស្បតិ៍ប្រទេសរុស្ស៊ីបានឃាត់ខ្លួនតារាម៉ូដែលម្នាក់ដែលអះអាងថានាងមានភស្តុតាងនៃកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីដើម្បីជួយដល់លោក Donald Trump ឲ្យឈ្នះឆ្នោត។
នាង Anastasia Vashukevich ឬត្រូវបានគេស្គាល់ថា Nastya Rybka ត្រូវបានឃាត់ខ្លួនសម្រាប់ការសាកសួរនៅព្រលានយន្តហោះក្រុងមូស្គូកាលពីល្ងាចថ្ងៃព្រហស្បតិ៍បន្ទាប់ពីនាងត្រូវបាននិរទេសចេញពីប្រទេសថៃក្រោយមានទោសសម្រាប់ការបើកវគ្គហ្វឹកហ្វឺនផ្លូវភេទមួយ។ នេះបើតាមការឲ្យដឹងពីអ្នកដំណើរផ្សេងទៀតនៅលើយន្តហោះដែលបានប្រាប់ AFP។
សាក្សីបាននិយាយថា អាជ្ញាធររុស្ស៊ីបានឃាត់ខ្លួននាងនិងអ្នកផ្សេងទៀតជាច្រើននាក់រួមទាំងលោក Alex Kirillov ដែលជាគ្រូបង្រៀនខាងលួងលោមផងដែរ។
ស្ត្រីម្នាក់ដែលបានប្រាប់ឈ្មោះរបស់នាងថា Kristina បានប្រាប់ AFP ថា ក្រុមមន្ត្រីស្លៀកពាក់ស៊ីវិលបាននាំមនុស្ស៤នាក់ក្នុងក្រុមនោះទៅដោយរួមមានទាំង Vashukevich និង Kirillov ផងដែរ។
ដោយអះអាងថាខ្លួនជាភរិយារបស់លោក Kirillov, អ្នកស្រី Kristina បាននិយាយថា នាងបានឮក្រុមនោះស្រែកនិងសុំឲ្យមានការពន្យល់ពីមូលហេតុដែលពួកគេត្រូវបានឃាត់ខ្លួន។
ប្រភពច្បាប់មួយបានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS ថា អ្នកទាំងបួនត្រូវបានឃាត់ខ្លួននៅព្រលានយន្តហោះសម្រាប់ការជ្រើសរើសមនុស្សដើម្បីធ្វើពេស្យាចារដែលជាបទឧក្រិដ្ឋមួយត្រូវជាប់ពន្ធនាគាររហូតដល់ទៅ៦ឆ្នាំ។
នាង Vashukevich ត្រូវបានឃុំខ្លួនជាមួយមនុស្សជាច្រើននាក់ទៀតនៅក្នុងការវាយឆ្មក់របស់ប៉ូលិសកាលពីខែកុម្ភៈនៅក្នុងរមណីយដ្ឋានឆ្នេរសមុទ្រប៉ាតាយ៉ា។
ក្នុងករណីមួយដែលបង្កការចាប់អារម្មណ៍ នាង Vashukevich បាននិយាយថា នាងធ្វើដំណើរទៅប្រទេសថៃបន្ទាប់ពីនាងបានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវនយោបាយជាមួយមហាសេដ្ឋីអាលុយមីញ៉ូមរុស្ស៊ីលោក Oleg Deripaska ដែលជាអតីតសហការីរបស់អតីតនាយកយុទ្ធនាការឃោសនារបស់លោក Trump៕ AFP
Source: Kampuchea Thmey Daily
0 Comments