ក្លិបបឹងកេត ដែលធ្លាប់លើកជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ៣សម័យកាល បានសម្រេចផ្លាស់ប្តូរក្បាលម៉ាស៊ីន កាលពីដើមខែឧសភា កន្លងទៅក្រោយ លោក ស៊ីវ ថា ដែលជាប្រធានក្លិបចាស់បានសម្រេចដើរចេញកាលពីដើមឆ្នាំកន្លង ហើយជំនួសវិញដោយលោកស្រី ពុធ ធីតា ដែលមានម្តាយបង្កើតរបស់កុមរា Dome ដែលក្លិបធ្លាប់បញ្ជូនទៅហ្វឹកហាត់នៅក្លិប FC Barcelona។
នៅពេលនេះលោកស្រី ពុធ ធីតា ម្ចាស់ថ្មីក្លិបបឹងកេតថ្មី បានឲ្យដឹងថា បច្ចុប្បន្ន លោកស្រី និង ក្រុមគ្រួសារ ព្រមទាំងសហការី កំពុងខ្នះខ្នែងស្វែងរកដីឲ្យបានមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រខែកក្កដា ខាងមុខ ដើម្បីទុកសង់កីឡដ្ឋានផ្ទាល់ខ្លួន។ មានទីតាំងមួយចំនួនដែលថ្នាក់ដឹកនាំបឹងកេត កំពុងតែពិចារណាថានឹងសាងសង់កីឡដ្ឋានផ្ទាល់ខ្លួននេះ តែមិនទាន់សម្រេចចិត្តនៅឡើយទេ។
ថៅកែក្លិបបាល់ទាត់ជាស្ត្រីដំបូងគេនៅកម្ពុជារូបនេះ បានលើកឡើងថា «ថាធ្វើម៉េចឲ្យបានមុនបោះឆ្នោតហ្នឹងឯង ពីព្រោះអីស្តាត យើងធ្វើមិនមែនចេះតែធ្វើងាយៗទេ ព្រោះត្រូវអស់ដើមទុនច្រើន ហើយក្នុងចំណោមពីរឆ្នាំនេះគឺយើងនឹងប្រឹងប្រែងធ្វើឲ្យស្តាតមួយចេញជារូបរាងតែម្ដង តែឥឡូវយើងធ្វើម៉េចឲ្យបានដី (ទីតាំង) មុនបោះឆ្នោតសិន»។ លោកស្រីមានបំណងចង់បានដីប្រមាណទំហំចាប់ពី២ហិចតាឡើងទៅ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដោយមិនត្រឹមតែទីលានបាល់ទាត់មួយប៉ុណ្ណោះទេ។
ក្លិបបឹងកេត ឡើងមកលេងពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១២ ហើយធ្លាប់ឈ្នះជើងឯកចំនួន៣លើកគឺនៅឆ្នាំ២០១២,២០១៦ និង២០១៧ ខណៈនៅឆ្នាំ២០១៣ និង២០១៤ ត្រឹមឈរជើងឯករង។ នៅឆ្នាំ២០១៧ ក្រុមនេះឈ្នះពានរង្វាន់ CNCC Cup 2017 ផងដែរ។ ចំណែកពានរង្វាន់នៅក្រៅស្រុកវិញក្រុមដែលមានប្រភពមកពីខេត្តកំពង់ចាម មួយនេះធ្លាប់ចេញទៅប្រកួតវគ្គជម្រុះតាមពូលពានរង្វាន់ AFC President's Cup នៅឆ្នាំ២០១៣ ធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2015 តែចាញ់ក្រុម Buriram United របស់ថៃ និងប្រកួតក្នុងពានរង្វាន់នៅឆ្នាំ២០១៦ និង២០១៧ ផងដែរ។ នៅឆ្នាំ២០១៨និង២០១៨ ក្រុមនេះមានឈ្មោះចេញទៅលេងពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី AF Cup ផងដែរតែធ្លាក់ត្រឹមវគ្គជម្រុះតាមពូលដូចគ្នា។ គិតមកត្រឹមពេលនេះក្លិបបឹងកេត នៅមិនទាន់មានកីឡដ្ឋានប្រើប្រាស់ផ្ទាល់ខ្លួននៅឡើយទេ ដោយជួលកីឡដ្ឋានផ្សេងៗប្រើប្រាស់បណ្តោះអាសន្នសិន៕
Source: Kampuchea Thmey Daily
0 Comments