Ad Code

សម្ដេច​តេ​ជោ ៖ រាជរដ្ឋាភិបាល​ក្លាយជា​ជនរងគ្រោះ នៅ​ពេល​ដែល​ថៅកែ​រោងចក្រ​រត់ចោល​កម្មករ



​កំពង់ចាម ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃស្អែក​នេះ​រដ្ឋសភា​នឹង​ពិភាក្សា​អនុម័ត​លើ លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៨៧ ចំណងជើង​ចំណុច «​គ​» នៃ​ផ្នែក​ទី​៣ ជំពូក​ទី​៤ មាត្រា​៨៩ មាត្រា​៩០ មាត្រា​៩១ មាត្រា​៩៤ មាត្រា​១១០ មាត្រា​១២០ និង​មាត្រា ១២២ នៃ​ច្បាប់​ស្តីពី​ការងារ។ ពាក់ព័ន្ធ​បញ្ហា​ដែល​ថៅកែ​រោងចក្រ​រត់ចោល​កម្មករ​ដោយ​តម្រូវ​ឲ្យ​ម្ចាស់​រោងចក្រ ៦ ខែម្តង​ត្រូវ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ជា​រៀងរាល់​៦​ខែម្តង​ឲ្យ​កម្មករ ដោយ​មិន​ត្រូវ​ទុក​ដល់​បញ្ចប់​ការងារ​ទើប​បើក​ផ្តល់​ឲ្យ​នោះទេ។ រាជរដ្ឋាភិបាល​មិនអាច​ជា​ជនរងគ្រោះ ដែល​រង់ចាំ​តែ​សង​ប្រាក់​ថៅកែ​ជំពាក់​កម្មករ ទៅ​ឲ្យ​កម្មករ​នោះទេ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​បែបនេះ​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​កម្មការិនី ចំនួន ២២.៤៧០ នាក់​នៅក្នុង​ស្រុក​បាធាយ និង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​នា​ព្រឹក​ថ្ងៃទី ៦ ខែមិថុនា​នេះ​។

​គួរ​បញ្ជាក់​ថា កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី ២៥ ខែ ឧសភា បាន​ពិភាក្សា និង អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៨៧ ចំណងជើង​ចំណុច «​គ​»​នៃ​ផ្នែក​ទី​៣ ជំពូក​ទី​៤ មាត្រា​៨៩ មាត្រា​៩០ មាត្រា​៩១ មាត្រា​៩៤ មាត្រា​១១០ មាត្រា​១២០ និង​មាត្រា ១២២ នៃ​ច្បាប់​ស្តីពី​ការងារ​ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជ ក្រម​លេខ ជ​ស​/​រកម​/០៣៩៧/០១​ចុះ​ថ្ងៃទី​១៣​ខែមីនា ឆ្នាំ១៩៩៧​។ ដោយ​កែសម្រួល​បញ្ញត្តិ​មាត្រា​៨៩ ស្តីពី​ការទូទាត់​ប្រាក់​បំណាច់​បណ្តេញចេញ​និង​មាត្រា​ពាក់ព័ន្ធ​នៃ​ច្បាប់​ស្តីពី​ការងារ​គឺ​ក្នុង​គោលបំណង​រក្សា​ផលប្រយោជន៍​ជូន​ទាំង​កម្មករនិយោជិត​ទាំង​និយោជក និង​រាជរដ្ឋាភិបាល​។ ការ​ធ្វើ​វិសោធនកម្ម​មានដូចជា បង្ការ​ហានិភ័យ​របស់​កម្មករ​និយោជិត ជាពិសេស​ក្នុងករណី​រោងចក្រ​សហគ្រាស​បិទទ្វារ​ដោយ​ម្ចាស់​រត់ចោល​ដោយ​ទទួល​បាន​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ ជា​រៀងរាល់​៦​ខែម្តង ផ្អែក​តាម​អតីតភាព​ការងារ​ដោយ​មិនមាន​កំណត់​កម្រិត​អតិបរមា​នៃ​ប្រាក់​បំណាច់​អតីតភាព​ការងារ​បើទោះបីជា​កម្មក​រ​និយោជិត​ត្រូវបាន​បញ្ឈប់​ឬ​លាឈប់​ពី​ការងារ ។ សម្រាល​បន្ទុក​និយោជក​ក្នុងការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ជៀសវាង​ការ​រក្សាទុក​ប្រាក់​បំណាច់​អតីតភាព​រហូតដល់​ពេល​បញ្ចប់​កិច្ចសន្យា។

លើកកម្ពស់​ភាព​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​ដោយ​កាត់បន្ថយ​ការតវ៉ា​ទាមទារ​ការទូទាត់​ប្រាក់​បំណាច់​ផ្សេងៗ​ក៏ដូចជា​ការកាត់បន្ថយ​ការចំណាយ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​ការចូលរួម​ដោះស្រាយ​ជាមួយ​ម្ចាស់​រោងចក្រ សហគ្រាស ក្នុងករណី​ម្ចាស់​រោងចក្រ សហគ្រាស រត់ចោល​កម្មករនិយោជិត​ជាយថាហេតុ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា នៅ​ពេល​ដែល​ថៅកែ​រត់ចោល​រោងចក្រ​ម្តងៗ រាជរដ្ឋាភិបាល​បាន​ក្លាយជា​ជនរងគ្រោះ ដំបូង​រង​គ្រោះ​ចំពោះ​កម្មករ ដោយសារតែ​ថៅកែ​ជំពាក់​កម្មករ​ច្រើនពេក​។ រាជរដ្ឋាភិបាល​ត្រូវ​បញ្ចេញ​ប្រាក់​ទៅ​ដោះស្រាយ​ជូន​កម្មករ​កម្មការិនី ខ្លះ​មាន​រហូត​រាប់​ម៉ឺ​ន​ដុល្លារ​ដែល​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ត្រូវធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​។

រាជរដ្ឋាភិបាល​ពិតជា​មិន​ព្រងើយកន្តើយ​នៅទេ​ត្រូវ​បញ្ចេញ​សាច់ប្រាក់​បើក​ផ្តល់​ឲ្យ​កម្មករ​ជាមុន រួច​ចាំ​លក់​ឡាយឡុង​រោងចក្រ​នោះ​យក​មក​សង​រដ្ឋ​វិញ តែ​ការ​លក់​ឡាយឡុង​នោះ​មិនបាន​ឆ្លើយតប​ទៅ​និង​ប្រាក់​ដែល​រាជរដ្ឋាភិបាល​ចេញ​សង​កម្មករ​ជំនួស​ថៅកែ​នោះទេ។ ដូចនេះ​បាន​ជា​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​ដោយ​តម្រូវ​ឲ្យ​ម្ចាស់​រោងចក្រ​ត្រូវ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ជា​រៀងរាល់​៦​ខែម្តង​ឲ្យ​កម្មករ​។



​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សំដែង​ការរីករាយ​ជាខ្លាំង​ដែល​បាន​អញ្ជើញ​មក​ជួបជុំ​ជាមួយ​កូនក្មួយ​កម្មករ​កម្មការិនី​ដែល​មាន​ចំនួន​ប្រមាណ​ជាង​២​ម៉ឺន​នាក់​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ សម្តេច​នឹង​បន្ត​នៅក្នុង​ដំណើរ​ឈាន​ឆ្ពោះទៅ​ជួប​កម្មករ​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​។ ពិត​ហើយ សល់​ជំនួប​ប៉ុន្មាន​លើក​ទៀត​តែប៉ុណ្ណោះ​នឹង​ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន​នៅក្នុងពេល​យុទ្ធនាការ​បោះឆ្នោត ប៉ុន្តែ​បន្ទាប់ពី​ការបោះឆ្នោត​ចប់ សម្តេច​នឹង​ត្រូវ​បន្ត​ដើរ​ជួប​កម្មករ​នៅក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​។ សម្តេច​បាន​បន្តថា​ដរាបណា​សម្តេច​នៅ​បន្ត​ជា​នាយករដ្ឋមន្ត្រី​បន្តទៀត​ការងារ​ទាក់ទង​ជាមួយនឹង​កម្មករ​នេះ​ត្រូវ​បន្ត​ធ្វើ​មិន​ចេះចប់​។ សម្តេច​នឹង​បន្ត​ចុះ​ជួប​ជាមួយ​កូនក្មួយ​កម្មករ​កម្ម​កា​រ​នី​ចំនួន​៤ លើក​ទៀត​មុននឹង​ចូលដល់​ថ្ងៃ​យុទ្ធនាការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណ​ត្តិ​ទី​៦​នាពេលខាងមុខ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​ថា​ មាន​គេ​និយាយ​ថា សម្តេច​កំពុង​ស្រឡាញ់​តែ​កម្មករ ហើយ​ឈប់​ស្រ​ឡា​កសិករ​ហើយ​ជា​ការ​ពន្យល់​ដល់ក​ម្មក​រស​ម្តេច​តេ​ជោ​បាន​ថ្លែង​ថា ​ក្មួយៗ​អាច​ឃើញ​ពូ​នៅពេល​ប្រទេស​របស់​យើង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​លិចលង់​ទៅ​ក្នុង​សង្គ្រាម​និង​របប​ប្រល័យពូជសាសន៍​ពេលនោះ​នៅ​ឃើញ​សល់​រូបភាព​មួយចំនួន​ដែល​ពូ​ពាក់​ឯកសណ្ឋាន​យោធា​ក្នុង​សមរភូមិ​ប្រយុទ្ធ​ហើយ​នៅក្នុង​រយៈពេល​នៃ​ការគ្រប់គ្រង​អំណាច​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​ពេលនោះ ប្រទេស​របស់​យើង​មិនទាន់​រួច​ចាក​ផុត​ពី​សង្គ្រាម​នៅឡើយ​ទេ​។ គេ​បានឃើញ​ពូ​នៅ​ខ្សែត្រៀម​ជួរមុខ​ជាមួយនឹង​កង​ទ័ព​ដើម្បី​ដោះស្រាយ​ការ​លំបាក​របស់​កងទ័ព​យើង​ផង និង​ដោះស្រាយ​ការ​លំបាក​ចំពោះ​ប្រជាជន​នៅក្នុង​តំបន់​ប្រយុទ្ធ​ផងដែរ​។ បន្ថែម​លើ​នោះ​ដើម្បី​ធានា​ថា ​ប្រទេស​របស់​យើង​បញ្ចប់​បាន​សង្គ្រាម នាំមក​នូវ​ការ​បង្រួបបង្រួម​ជាតិ ទន្ទឹម​នឹង​វត្តមាន​នៅក្នុង​ឯកសណ្ឋាន​យោធា​នៅ​ឯ​ទីតាំង​ជួរមុខ​ដើម្បី​ដោះស្រាយ​ការ​លំបាក​របស់​កងទ័ព និង​ប្រជាជន​នៅ​ទី​នោះគេ​ក៏បាន​ឃើញ​ពូ​នៅ​ក្រៅ​ប្រទេស​ដើម្បី​ចូលរួម​ការចរចា​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ស្តីពី​បញ្ហា​កម្ពុជា​។ ចំណុច​នេះ​ពេលនោះ​អាទិភាព​របស់​យើង​គឺ​យ៉ាង​ដូច្នោះ​ឯង​ធ្វើយ៉ាងណា​ទប់ស្កាត់​ការ​វិលត្រឡប់​នៃ​របប ប៉ុល ពត ហ្នឹង​ម្ខាង ម្ខាង​ទៀត​ជំរុញ​ការអភិវឌ្ឍ​។ តែ​ដើម្បី​ដោះស្រាយ​ការ​បញ្ចប់​សង្គ្រាម​យើង​មិនអាច​យក​សង្គ្រាម​ដើម្បី​បញ្ចប់សង្គ្រាម​ទេ​ត្រូវ​ដំណើរ​ការចរចា​។ នោះ​ហើយ​គឺជា​កិច្ចការ​ត្រូវធ្វើ​នៅក្នុង​ដំណាក់​កាលនោះ​។

ជាមួយនឹង​ការ​ធ្វើ​ដំណើរ​លើ​កិច្ចការងារ​នោះ​បន្ទាប់​ទៅ​យើង​ត្រូវ​ធានាថា​ ធ្វើ​យ៉ាងម៉េច​ឲ្យ​ប្រជាជន​កម្ពុជា​យើង​មាន​ស្បៀង​ហូប​គ្រប់គ្រាន់​។​ ពូ​បាន​ធ្វើ​សកម្មភាព​យ៉ាងច្រើន​ទាក់ទង​ជាមួយ​បញ្ហា​វិស័យ​កសិកម្ម​។ ពេលនោះ​យើង​គ្មាន​ជម្រើស​ណា​ល្អ​ជាង​ទេ ព្រោះ​មិនទាន់​មានការ​ជំរុញ​ការ​វិនិយោគ​ផ្នែក​ឧស្សាហកម្ម​ចូល​មក​កាន់​ប្រទេស​កម្ពុជា​របស់​យើង​(​នៅឡើយ​)​។ ដូច្នេះ ជម្រើស​ពេលនោះ​គឺ​ដោះស្រាយ​បញ្ហា​ឲ្យ​កសិករ​របស់​យើង​នៅក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ផ្នែក​ប្រព័ន្ធ​ធារាសាស្ត្រ ប្រព័ន្ធ​ស្រោចស្រព និង​ការអភិវឌ្ឍ​ដទៃទៀត​។

បច្ចុប្បន្ននេះ​យើង​កំពុង​ពង្រាយ​រោងចក្រ សហ​គ្រា តាម​បណ្តាល​ផ្លូវជាតិ និង​តាម​បណ្តា​ខេត្ត​នានា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម (២០១៥-២០២៥)​និង​ផ្តល់ឱកាស​ការងារ​ដល់​កូនក្មួយ​កម្មករ​។ ការដាក់​ពង្រាយ​រោងចក្រ សហ​គ្រា នាពេលនេះ គឺ​ប្រៀបបាន​ទៅនឹង​ការពង្រាយ​សាលារៀន​នៅ​ទូទាំងប្រទេស​យ៉ាង​ដូច្នេះ​ដែរ ដោយ​ប​ច្ចុ​ប្បន្ន​នេះ រាជរដ្ឋាភិបាល​បានដាក់​ពង្រាយ​សាលារៀន​មាន​ស្ទើរ​គ្រប់​ទីកន្លែង​ដើម្បី​ជា​កន្លែង​ផ្តល់​ចំណេះដឹង​ដល់​កូនចៅ​ប្រជាពលរដ្ឋ​យើង​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​ ថ្ងៃនេះ​ពូ​មក​ជួប​ក្មួយៗ​នៅ​ទី​នេះ​ដែល​មាន​រោងចក្រ​ចំនួន ៨ នៅ​ស្រុក​បាធាយ ១ និង ស្រុក​ជើងព្រៃ ចំនួន ៧ ដែលមាន​កម្មករ​/​ការិនី ២២.៤៧០ នាក់ ដែល​នេះ​ក៏​ជា​ចំនួន​មួយ​ដែល​អាច​មើល​ឃើញ​ថា ​វា​ស្ថិត​នៅ​ក្នុង​ផែនការ​ពង្រាយ​រោងចក្រ​ទៅតាម​បណ្តា​មូលដ្ឋាន ដែល​អាច​ធ្វើ​ទៅ​បាន​។ ក្មួយៗ​អាច​យល់ដឹង​ហើយ​ថា​កាលពី​អតីតកាល យើង​ខិតខំ​ពង្រាយ​សាលា​ទៅតាម​មូលដ្ឋាន ដែល​មកដល់ពេលនេះ​ក្មួយៗ​ពិតជា​ប្រាកដ​ហើយ​ថា ក្មួយៗ​បាន​រៀនសូត្រ​នៅ​ក្រោម​ដំបូល​សាលា ដែល​គណបក្ស​ប្រជាជន​និង​រដ្ឋាភិបាល​របស់​ពូ​ធ្វើ​តាំងពី​ពេលមុន​រហូតមក​ដល់ពេល​ក្រោយ​។ នោះ​គឺ​ការ​ពង្រាយ​សាលា​ដែល​អនុញ្ញាត​ឲ្យ​ក្មួយៗ​បាន​សិក្សា​គ្រប់ៗ​គ្នា។ ទាក់ទិន​នឹង​ការរៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ ហើយ​នេះ​មិនមែន​ជា​បញ្ហា​ប្រថុយប្រថាន ហើយ​មិនមែន​ជា​បញ្ហា​ធ្វើ​ដោយ​ការ​ឆក់​កណ្តៀត​នោះ​ទេ​។ បើ​ពូ​មិន​ច្រឡំ​ពូ​ជា​អ្នក​តាក់តែង​រៀបចំ​នូវ​គោលនយោបាយ​និង​សម្រេច​ទៅលើ​បញ្ហា ទាក់ទង​នឹង​ការ​វិនិយោគ​។ យើង​បាន​រៀប​ចំ​នូវ​ក្របខណ្ឌ​គោលនយោបាយ ដើម្បី​ពង្រីក​វិស័យ​ឧស្សាហកម្ម​របស់​យើង​ចេញ​ក្រៅ​ទីក្រុង ឆ្ពោះ​ទៅ​កាន់​បណ្តា​ខេត្ត​នានា តាំងពី​ឆ្នាំ ១៩៩៩ ឯណោះ​។ គិត​មកដល់ពេលនេះ មាន​រយៈកាល​ជិត ២០ ឆ្នាំ រួចស្រេច​ទៅ​ហើយ​ដែល​យើង​បាន​បង្កើត​នូវ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​តាំងពី​ពេលនោះ ដែល​យើង​ចាប់ផ្តើម​យកចិត្តទុកដាក់​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ទៀតថា ​ចំណុច​ការធានាបាន​នូវ​សន្តិភាព ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​បន្ត​គឺជា​រឿង​ចាំបាច់ ដែល​ត្រូវ​រួមគ្នា​រក្សា​អោយ​ខាន​តែ​បាន​។ ដើម្បី​រួមគ្នា​រក្សា​ឲ្យ​បាន​នោះ​វា​ងាយស្រួល​ទេ​យើង​មាន​របស់​ហើយ​ស្រេច​តើ​យើង​ត្រូវ​រក្សា​របស់​នេះ​ឬ​អត់​?​ សន្តិភាព​បាន​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​ប្រជាជន​។ សន្តិភាព​បាន​ផ្សារភ្ជាប់​ជាមួយ ហ៊ុន សែន​។ ការ​អភិវឌ្ឍ​បាន​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​ប្រជាជន​បាន​ផ្សារភ្ជាប់​ជាមួយ ហ៊ុន សែន​។ តើ​គួរ​ឲ្យ​បាត់បង់​នូវ​ចំណុច​នេះ​ឬទេ​? ដូច្នេះ​ដើម្បី​ធានា​ទៅដល់​ការ​រក្សា​សន្តិភាព​ដើម្បី​ធានា​ទៅដល់​ការ​អភិវឌ្ឍ​ជម្រើស​ដែល​ល្អ​ជាងគេ គឺ​ការបោះឆ្នោត​អោយ​គណបក្ស​ប្រជាជន​កម្ពុជា​។ នេះ​គឺជា​ចំណុច​ដែល​ធានា​ច្បាស់ ហើយ​នេះ​មិនមែន​ជា​ការ​កញ្ឆក់​កណ្ដៀ​ត​ទេ តែ​គឺជា​ការអនុវត្ត​លើ​ការ​ជាក់ស្ដែង​រួច​ស្រេច​ទៅ​ហើយ​ក្មួយ​ត្រូវ​រួម​ដំណើរ​ជាមួយ​ពូ​ថែរក្សា​សន្តិភាព​ឲ្យ​បាន វិធី​ការពារ​សន្តិភាព​និង ដើម្បី​ធានា​ការ​អភិវឌ្ឍ ធានា​ការងារ​និង​មុខ​របប​គឺ​ក្មួយ​គ្រាន់តែ​បោះឆ្នោត​ឲ្យ គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ពូ​និង​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត។ ពូ​បាន​រួម​ដំណើរ​ជាមួយ​ឪពុក​ម្តាយ​របស់​ក្មួយៗ នាំមក​នៅ​សុខសន្តិភាព​។ ក្មួយៗ​ត្រូវ​ចាំ​ថា ​មានតែ​សន្តិភាព​មួយ​ទេ​ដែល​សំខាន់​ជាងគេ​ត្រូវ​រក្សា​ឲ្យ​បាន​។ សង្គ្រាម​គ្មាន​ផ្តល់​ផល ប្រយោជន៍​ឲ្យ​អ្នកណា​មួយ​ទេ អ្នក​ដែល​ខូចខាត​មុនគេ​គឺ​ឆ្នាំងបាយ​របស់​កម្មករ​នេះ​តែម្តង។

អត្ថប្រយោជន៍​ដែល​យើង​មាន ប្រាក់ចំណូល​បាន​ពី​រោងចក្រ បែងចែក​មួយ​ភាគ ទៅ​ឲ្យ​ឳ​ពុក​ម្តាយ​នៅឯ​ផ្ទះ​ក្នុង​ការទិញ​គ្រឿងយន្ត​កសិកម្ម​ជំនួស​ឲ្យ​គោក្របី ដែល​ប​ច្ចុ​ប្បន្ន​មាន​ប្រមាណ ៩៨ ភាគរយ​ហើយ។

សម្តេច​តេ​ជោ​បាន​សំណូមពរ​ក្មួយៗ​ចូលរួម​រក្សា​ស្ថិរភាព​នយោបាយ និង រក្សា​ស្ថិរភាព​ការងារ ដោយ​បង្កើត​ឲ្យ​មាន​ភាព​សុខដុមរមនា​នៅក្នុង​រោងចក្រ ដោយ​ត្រូវ​រក្សា​នៅ សាមគ្គីភាព​រវាង​ថៅកែ និង កម្មករ ។ កុំ​ឲ្យ​មាន​បង​តូច​បងធំ​កាត់​ចាក់​គ្នា និង គ្រឿងញៀន ។ ក្មួយ​ត្រូវ​ចេះ​អប់រំ​គ្នា កុំ​ឲ្យ​មាន​ភាព​អសកម្ម​កើតឡើង។

រាជរដ្ឋាភិបាល​រំពឹង​ចង់បាន​នូវ​សាមគ្គីភាព សុខដុមរមនា​នៅតាម​រោងចក្រ​/​សហគ្រាស​នានា ដែល​ក្នុងនោះ​ភាគី​ទាំងពីរ​មិនអាច​ខ្វះ​មួយណា​បានទេ​។ បើ​ធ្វើជា​ថៅកែ​រោងចក្រ​បើ​មាន​រោងចក្រ​តែ​អត់​កម្មករ មិនមែនជា​ម្ចាស់​រោងចក្រ​ទេ​គឺជា​ម្ចាស់​ឃ្លាំង គ្រាន់តែ​ជាឃ្លាំង​ដាក់​ទំនិញ​តែប៉ុណ្ណោះ​។ ឯ​ចំពោះ​កម្មករ​យើង ប្រសិនបើ​គ្មាន​រោងចក្រ​ទេ​ក្មួយៗ​មិនអាច​ហៅ​ខ្លួន​ថា​ជា​កម្មករ​បានទេ​បើសិនជា​នៅក្នុង​ចំណោម​ការងារ​រ​បស់​យើង បែរជា​ស្ថិតនៅ​ជា​អ្នក​កាន់​ចប ឬ​កាន់​នង្គ័ល​នោះ​មិន​មែន​ជា​កម្មករ​ទេ គឺជា​កសិករ​ទៅវិញ​។ ដូច្នេះហើយ​បានជា​យើង​ត្រូវ​បន្ត​ការយកចិត្តទុកដាក់ អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព​នៅក្នុង​ចំណោម​រោងចក្រ ជា​ម្ចាស់​រោងចក្រ ជា​អ្នកគ្រប់គ្រង​រោងចក្រ ថ្នាក់រដ្ឋបាល ជំនួយការ ប្រធាន​ផ្នែក ប្រធាន​ក្រុម ជាមួយនឹង​កម្មករ​ធ្វើ​ម៉េច ធានា​សាមគ្គីភាព​នៅក្នុង​រោងចក្រ​របស់​យើង​។ ចំណុច​នេះ ពូ​យល់ថា​វា​មិនមែនជា​ការលំបាក​ក្នុង​ការធ្វើ​នោះទេ​។

គួរ​បញ្ជាក់​ថា ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ ទី​០៦ ខែមិថុនា​ឆ្នាំ​២០១៨​នេះ​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប ២២.៤៧០​នាក់ មកពី​រោងចក្រ សហគ្រាស ចំនួន ៨ នៅក្នុង​ខេត្តកំពង់ចាម​។



​ជំនួប​នៅថ្ងៃនេះ​គឺជា​ជំនួប​លើក​ទី​៤៤​ហើយ​គិត​ចាប់តាំងពី​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៧​មក ដែល មាន​កម្មករ និយោជិត​សរុប​ជាង ៥៦ ម៉ឺន​នាក់​។ ពិធី​ជួប​សំណេះសំណាល​ប្រារព្ធ​ធ្វើឡើង​នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​

​កម្មករ កម្មការិនី ទាំងអស់​មកពី​រោងចក្រ សហគ្រាស នៅ​ស្រុក​ជើងព្រៃ​ចំនួន ៧​និង ស្រុក​បាធាយ​ចំនួន ១​ដែលមាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន ៦,​កាណាដា​ចំនួន​១​និង​ខ្មែរ​ចំនួន​១ ។ រោងចក្រ សហ គ្រាស​ទាំង​៨​នេះ មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន ១, ផលិត​ស្បែកជើង​ចំនួន ៥, ផលិត​ស្រោមដៃ​ចំនួន ១​និង ផលិត​ការុង​ចំនួន​១ ។ ផលិតផល​ផលិត​បាន ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។​

​បច្ចុប្បន្ន​ខេត្តកំពង់ចាម​មាន​រោងចក្រ​សហគ្រាស​គ្រឹះស្ថាន​ចំនួន​៤០០​មាន​កម្មករនិយោជិត ៣៥.៤៦០ នាក់ ក្នុង​នោះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង ផលិត​ស្បែក​ជើង​មាន​ចំនួន ១៤ មាន​កម្មករនិយោជិត​ចំនួន ២៥.៧៧១ នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជាង ៥២ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។

​មុននឹង​បញ្ចប់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ជូនពរ​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី និយោជក​ទាំងអស់ ជួបតែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា​។ ទន្ទឹម​នឹង​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឧបត្ថម្ភ​នូវ​ប្រាក់​លើកទឹកចិត្ត​មួយចំនួន​ដល់ក​ម្មករ និង​ដល់​កម្មការិនី​មាន​ផ្ទៃពោះ​ចំនួន ៩៩៧ នាក់​ផងដែរ ហើយ​បន្ទាប់មក សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថតរូប​អនុស្សាវរីយ៍ Free Selfie​ដែល​បង្ហាញ​ការ​អាណិត​ស្រឡាញ់ និង​យកចិត្តទុកដាក់​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​បងប្អូន​កូនក្មួយ កម្មករ កម្ម​ការ​នី​នៅក្នុង​បរិយាកាស​ស្និទ្ធស្នាល និង​សប្បាយរីករាយ​ក្រៃលែង​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu