Ad Code

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ចេញ​អធិបញ្ជា​ឲ្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​ចាត់ការ​តាម​ច្បាប់​ចំពោះ​លោក​សម រង្ស៊ី​ ប្រមាថ​ព្រះមហាក្សត្រ



ភ្នំពេញ ​៖​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានធ្វើ​អធិបញ្ជា​​​ឲ្យ​តំណាង អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​ចំពោះ​លោក​សម រង្ស៊ី​ដែល​ប្រមាថ ព្រះ​មហាក្សត្រ ​រឿង​ព្រះរាជសារ​ក្លែងក្លាយ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌។

លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹងថា នៅពេលនេះ លោក អង្គ​ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន ធ្វើ​អធិបញ្ជា​​ឱ្យ​តំណាង​អយ្យការ​អម សាលាដំបូ​ង រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់​ចំពោះ​ករណី​នេះ​ហើយ​។​

តាម​អះអាង​របស់​របស់​អ្នកនាំពាក្យ​តាម​បណ្តាញ​សង្គម​ថា​ ការ​ធ្វើ​អធិបញ្ជា​របស់លោក​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ដើម្បី​ការពារ​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ ស្របតាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​ច្បាប់​កម្ពុជា។

លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានធ្វើ​អធិបញ្ជា​​ឱ្យ​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់​វិធាន​តាមច្បាប់​ចំពោះ​ទង្វើ​ទណ្ឌិត សម រង្ស៊ី ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ តាំង​ពីថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​

សូម​ជម្រាប​វិធានការ​របស់ លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នាពេលនេះ បាន ធ្វើឡើង​ស្របពេល​ដែល មានការ​ងើប​ទាមទារ​ឱ្យ​តុលាការ​កម្ពុជា ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់ តាមច្បាប់ ចំពោះ​ទណ្ឌិត សម រង្ស៊ី មេ​ចលនា​សង្គ្រោះ​ជាតិ ដែល​បាន​ប្រមាថ​ថា ព្រះរាជ​សារ​ព្រះមហាក្សត្រ ជាទី​សក្ការៈ ចុះ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ដែល​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត នា​ចុងខែ​កក្កដា​ខាងមុខ​នោះ គឺជា​ព្រះរាជ ​សារ​ក្លែងក្លាយ និង​គ្មាន​តម្លៃ ទោះ​បី​ជា​ព្រះបរមរាជវាំង​ចេញមុខ​ប្រកាស​ថា ព្រះ​រាជ​សារ​នោះ ជា​ព្រះរាជសារ​ពិតប្រាកដ មិន​ក្លែង ក្លាយ​ក៏ដោយ។

យ៉ាងណាក្តី​អ្នកនយោបាយ​វ័យក្មេង​បានស្នើ​ដល់​អ្នកនយោបាយ​ទាំងអស់​សុំ​កុំ​ស្ថាប័ន ព្រះមហាក្សត្រ​មក​ធ្វើការ​លាយឡំ នឹង​ឆាកនយោបាយ​។​

លោក​ពេជ្រ ស្រស់​បាន​បញ្ជាក់ថា​ ​« ដើម្បី​លើកតម្កើង​នូវ​ព្រះមហាក្ស ត្រ​ខ្មែរ​យើង ខ្ញុំសូម​ស្នើសុំ​ដល់​អ្នកនយោបាយ​ទាំងអស់ មេត្តា​កុំ​យក ព្រះអង្គ មក លាយឡំ នៅក្នុង ឆាកនយោបាយ​អី គឺ​យើង​ត្រូវ តែ​តម្កល់​ព្រះ​អង្គជា​ព្រះរាជតំណាង​ប្រទេស​កម្ពុជា នៃ​យើង​ទាំង អស់​គ្នា​។ ​ក្នុងន័យនេះ សូម​បងប្អូន​ជនរួម​ជាតិខ្មែរ​គ្រប់​និន្នាការ​ទាំងអស់ រួមគ្នា​ថែរក្សា​រាជបល្ល័ង្ក អង្គ​ព្រះមហាក្សត្រ​របស់​យើងទាំងអស់គ្នា​ជានិច្ច​និរន្តរ​»​។​

យ៉ាងណាក្តី​លោក​សម រង្ស៊ី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ លើ បណ្តាញ សង្គម​ហ្វេ​ស​ប៊ុ​ក មិនបាន​ទទួលស្គាល់ថា​ លោក​បាន​ប្រមាថ​ព្រះមហាក្សត្រ​នោះទេ ដោយ លោក​បាន ដាក់​កំហុស​ទៅលើ​សម្តេច តេ​ជោ ហ៊ុន សែន​ថា ​ជា​អ្នក​ប្រមាថ ព្រះ​មហា​ក្សត្រ ទៅ វិញ​។​

លោក​បាន​សរសេរ​លើក​បណ្តាញ​សង្គម​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ «​គ្មាន​នរណា​មើលងាយ ព្រះ មហាក្សត្រ ជាង​ជន​ផ្តាច់ការ សម្តេច​ហ៊ុន សែន ទេ ដែល​ជេរប្រមាថ និង​គំរាម កំហែង​ព្រះមហាក្សត្រ តាំងពី​យូរ​ឆ្នាំ​មកហើយ ព្រមទាំង​យក​ព្រះមហាក្សត្រ ប្រើ​ជា​ខែល ដើម្បី បន្ត អំណាច​ផ្តាច់ការ​របស់គាត់​។ ដោយ​ដឹងថា របប​គាត់​មិនមាន​ការគាំទ្រ​ពី​ប្រជារាស្ត្រ ហើយក៏ មិន​មា​នភា ព​ស្របច្បាប់​តែមួយគត់ ដែលមាន​តម្លៃពិត​ប្រាកដ គឺ​ការគាំទ្រ​ពី​ប្រជារាស្ត្រ​នេះ​តែម្តង គាត់​ក៏​យក​ព្រះមហាក្សត្រ ដែល​ស្ថិតក្នុង​កណ្តាប់ដៃ​គាត់ ទៅប្រើ​ដើម្បី​បាន​ភាព ស្រប ច្បាប់​ក្លែងក្លាយ​មួយ ឲ្យ​ទៅ​របប​ផ្តាច់ការ​របស់គាត់​»​។​

លោក​បន្តថា​ ចុងក្រោយ​នេះ​សម្តេច​ហ៊ុន សែន បាន​ឲ្យ​បក្ខពួក​គាត់​រៀបចំ « ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ » គ្រាន់តែ​ដើម្បី​យកមក​ធ្វើជា​លេស ក្នុង​គោល​បំណង​បង្ក្រាប​ប្រជារាស្ត្រ ដែល ទាមទារ​លទ្ធិប្រជាធិបតេយ្យ សេរីភាព និង​យុត្តិធម៌៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu