Ad Code

ចៅក្រម​អាមេរិក​ បញ្ជា​ឲ្យ​គ្រួសារ​ដែល​ត្រូវគេ​បំបែក ​ត្រូវ​ជួបជុំគ្នា​វិញ



ចៅក្រម​អាមេរិក​បាន​បញ្ជា​ឲ្យ​ក្រុមគ្រួសារ​អន្តោប្រវេសន៍​ដែល​បំបែក​នៅតាម​ព្រំដែន​ជាប់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ក្រោម​គោលនយោបាយ “​គ្មាន​ការអត់ឱន​” របស់លោក​ប្រធានាធិបតី Donald Trump ត្រូវ​បង្រួបបង្រួម​គ្នា​វិញ​ក្នុង​រយៈពេល​៣០​ថ្ងៃ​។​

សម្រាប់​កុមារ​ដែលមាន​អាយុ​ក្រោម​៥​ឆ្នាំ​, ការបង្រួបបង្រួម​ត្រូវតែ​ធ្វើឡើង​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​នៃ​បទបញ្ជា​នេះ​ដែល​ដាក់ចេញ​កាលពី​ថ្ងៃ​អង្គារ​ដោយ​ចៅក្រម​សង្កាត់​អាមេរិក​លោក Dana Sabraw នៅ​ទីក្រុង San Diego ។​

លោក Sabraw បានសម្រេច​ចិត្ត​បែបនេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​ពាក្យបណ្តឹង​ដែល​ដាក់​ដោយ​សហភាព​សេរីភាព​ស៊ីវិល​អាមេរិក​ក្នុងនាម​កុមារី​អាយុ​៧​ឆ្នាំ​ម្នាក់​ដែល​ត្រូវបាន​បំបែក​ចេញពី​ម្តាយ​ជនជាតិ​កុង​ហ្គោ​និង​ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​ដែល​ត្រូវ​បំបែក​ចេញពី​ម្តាយ​ជនជាតិ​ប្រេ​ស៊ី​ល​។​

ចៅក្រម​រូបនេះ​ក៏បាន​ចេញ​ដីកា​មួយ​ប្រឆាំងនឹង​ការ​បំបែក​គ្រួសារ​បន្តទៀត​ផងដែរ​ដែលជា​ផ្នែក នៃ​គោលនយោបាយ​មួយ​ដែល​ចែងថា អ្នកណាម្នាក់​ដែល​ឆ្លងកាត់​ព្រំដែន​ដោយ​ខុសច្បាប់​នឹង​ត្រូវបាន​ឃាត់ខ្លួន​ហើយ​ត្រូវបញ្ជូន​សម្រាប់​ការកាត់ទោស​ព្រហ្មទណ្ឌ​។​ចៅក្រម​បាន​និយាយថា អាជ្ញាធរ​សហព័ន្ធ​អាមេរិក​មាន​រយៈពេល​១០​ថ្ងៃ​ដើម្បី​អនុញ្ញាត​ឲ្យ​ឪពុកម្តាយ​ហៅ​ទូរស័ព្ទ​ទៅ​កូនៗ​របស់​ពួកគេ​ប្រសិនបើ​ពួកគេ​មិនមាន​ទំនាក់ទំនង​ជាមួយគ្នា​។​

លោក Trump កាលពី​សប្ដាហ៍​មុន​បាន​ចុះហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​មួយ​ឲ្យ​បញ្ឈប់​ការអនុវត្ត​របស់​រដ្ឋា​ភិ​បាល​របស់គាត់​ក្នុង​ការយក​កូន​ចេញ​ឆ្ងាយ​ពី​ឪពុកម្តាយ​ដែល​ឆ្លងកាត់​ព្រំដែន​ដោយ​គ្មាន​ឯកសារ​សូម្បីតែ​ស្វែងរក​សិទ្ធិ​ជ្រកកោន​ក៏ដោយ​។ ប៉ុន្តែ​បទបញ្ជា​នោះ​មិន​មានចែង​ច្បាស់លាស់​ទេ​សម្រាប់​គ្រួសារ​ដែល​ត្រូវ​ញែក​ចេញពី​គ្នា​រួចទៅហើយ​នៅក្រោម​គោលនយោបាយ​នោះ​ដែល​បានធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាង​ក្តៅគគុក​នៅ​អាមេរិក​និង​នៅ​ទូទាំង​ពិភពលោក​ថា​ជាការ​អមនុស្សធម៌​និង​ជា​ទម្រង់​នៃ​ការរំលោភបំពាន​លើ​កុមារ​។​

គួរ​បញ្ជាក់ថា កុមារ​ជាង​២,០០០​នាក់​ដែល​ត្រូវបាន​យកចេញ​ពី​ក្រុមគ្រួសារ​របស់​ពួកគេ​គឺ​នៅតែ​ស្ថិតក្រោម​ការថែទាំ​របស់​អាជ្ញាធរ​សហព័ន្ធ​។ កុមារ​ខ្លះ​ទើបតែ​ចេះ​ដើរ​តេះតះ​ឬ​ជា​ទារក​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu